ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយកំពុងតាមស្វែង​រក​​កូនស្រី​​​ដែល​ទើប​រៀប​​ការ​​រួច​​​បាត់ដំណឹង​សូន្យ​​​ឈឹង​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​​កម្មការិនី​ម្នាក់​ទើបតែ​រៀបការ​បាន២ថ្ងៃ​ប៉ុ​ណ្ណោះ​ ក៏​ស្រាប់តែ​បាត់ខ្លួន​សូន្យឈឹង​ដោយ​ពុំ​ដឹង​ថា តើនាង​​មានរឿង​អ្វី​ កើតឡើ​ង​​នោះ​ទេ​ ។ ខណៈ​​​ម្ដាយបង្កើត​របស់​នាងនិងប្តី​កំពុង​​​តាមស្វែង​​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​រយៈពេល៦ថ្ងៃ​ទៅ​ហើយ​រក​ពុំ​ឃើញទាល់​សោះ រី​ឯ​ទូរស័ព្ទ​របស់​នាង​ខល​ចូល​ជា​ធម្មតា​ដែរ…

រាជធានី​ភ្នំពេញ ​៖ ​​កម្មការិនី​ម្នាក់​ទើបតែ​រៀបការ​បាន២ថ្ងៃ​ប៉ុ​ណ្ណោះ​ ក៏​ស្រាប់តែ​បាត់ខ្លួន​សូន្យឈឹង​ដោយ​ពុំ​ដឹង​ថា តើនាង​​មានរឿង​អ្វី​ កើតឡើ​ង​​នោះ​ទេ​ ។ ខណៈ​​​ម្ដាយបង្កើត​របស់​នាងនិងប្តី​កំពុង​​​តាមស្វែង​​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​រយៈពេល៦ថ្ងៃ​ទៅ​ហើយ​រក​ពុំ​ឃើញទាល់​សោះ រី​ឯ​ទូរស័ព្ទ​របស់​នាង​ខល​ចូល​ជា​ធម្មតា​ដែរ ​តែ​​បែរ​ជាចុច​បិទ​អត់​ទទួល​និយាយ​ជាមួយ​ទៅវិញ ​។

ដោយមាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង ​ទើប​​​ម្ដាយ​និងប្តី បាន​ផ្ដិតរូប​ថ​របស់​នាង​ជាច្រើន​សន្លឹក​ដើរ​ដាក់​តាម​ប៉ុស្តិ៍​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែង​រក​កូន​និង​ប្រពន្ធ​​ កាលពី​វេលា​ម៉ោង៩ព្រឹក​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២២​ ។

ស្រ្តីជា​ម្ដាយ​បាន​កាន់​រូបថត២សន្លឹក​ ធ្វើដំណើរ​ទៅដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោមចៅ​ទី៣ ដើម្បី​ប្រគល់​ជូន​នគរបាល​និង​ដាក់ពាក្យ​ប្ដឹង​អំពី​ការ​បាត់​កូ​ន​ស្រី​នេះ​។ អ្នកស្រី​យ៉ូន សាយ អាយុ៣៥ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​បាន​និយាយ​ថា កូនស្រី​របស់​គាត់​ដែល​បាត់ខ្លួន​នោះ ឈ្មោះ ធល ដា​លីន អាយុ១៨ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​គាត់ នៅក្នុង​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នាង​បាន​បាត់ខ្លួន​រយៈពេល៦ថ្ងៃ​​មក​ហើយ​ ដោយពុំ​ដឹង​ថា នាងទៅ​ទីណា មានរឿង​អ្វី​កើតឡើង និង​មាន​សុខទុក្ខ​យ៉ាងណា​នោះ​ទេ គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​។

ស្រ្តីជា​ម្ដាយ​បាន​និយាយ​ទៀ​ត​ថា កូនស្រី​គាត់​ម្នាក់​នេះ​មាន​ប្ដី​រួច​ទៅ​ហើយ ដោយ​បាន​រៀបការ​ជាមួយ​យុវជន​ម្នាក់ ​កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅ​ឯ​ស្រុកកំណើត​ក្នុង​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​។ ​លុះដល់​ថ្ងៃទី​១៥ ខែឧសភា បាន​នាំ​ប្ដី​ប្រពន្ធ​ធ្វើដំណើរ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ទួលពង្រ ហើយ​បាន​ចូល​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែឧសភា​។​ រហូតដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល នាង​បាន​ទៅ​ហូបបាយ​ជុំគ្នា​ជាមួយ​ប្ដី​និង​ក្រុម​គ្រួសារ​នៅក្នុង​បន្ទប់​ជួល​ជា​ធម្មតា​ពុំ​មាន​បញ្ហា​​អ្វី​កើតឡើង​ឡើយ​។

អ្នកស្រី​សាយ​ បាន​រៀបរាប់​ប្រាប់ឲ្យដឹង​ទៀត​ថា ក្រោយ​ហូបបាយ​រួច​នាង​បាន​ចាកចេញ​ពី​បន្ទប់​ជួល​ថា ទៅ​ធ្វើការ ហើយក៏​ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់ទៅ​ផ្ទះ​វិញ​សោះ ​ដែល​គិត​រហូត​មកទល់​ពេលនេះ​រយៈពេល៦ថ្ងៃ​ទៅ​ហើយ​។ ​ក្រោយពី​កូនស្រី​បាត់ខ្លួន​បែបនេះ ​បាន​ធ្វើឲ្យ​គាត់​និង​ប្ដី​នាង​ព្រួយបារម្ភ​ខ្លាំង​ណាស់ អំពី​សុខទុក្ខ​របស់​នាង នាង​បាន​តាម​រក​គ្រប់កន្លែង​តែ​ពុំ​ឃើញ​សោះ ចំណែក​ទូរស័ព្ទ​ខល​ចូល​តែ​អត់​លើក​ទទួល​និង​ចុច​បិទ​ថែមទៀត​។​គាត់​ក៏បាន​ទៅ​សួរ​មិត្តភក្ដិ​រួមការ​ងារ​របស់​នាង​នៅ​ឯ​រោងចក្រ​ដែរ ប៉ុន្តែ​មិត្តភក្ដិ​កូនស្រី​គាត់​ប្រាប់​គាត់​ថា«កូនស្រី​មី​ចូល​ធ្វើការ​ត​ឌ១ព្រឹក​ប៉ុណ្ណោះ ពេលថ្ងៃ​អត់​ឃើញ​មក​ធ្វើការ​ទេ»។

គាត់​បាន​បញ្ជាក់​ថា ដោយសារតែ​បែបនេះ​ទើប​គាត់​ផ្ដិតរូបថត​ច្រើន​សន្លឹក​ដើរ​ដាក់​តាម​ប៉ុស្តិ៍​នគរបាល​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី​គាត់ ហើយ​បើ​ឃើញ​ជួយ​ផ្ដល់​ដំណឹង​មក​គាត់​តាមរយៈ​ទូរស័ព្ទ​លេខ 096 36 13 390 ផង ។

​​​រហូត​មកទល់​និង​ពេលនេះ​គាត់​នៅតែ​ពុំ​បានដឹង​ថា មូលហេតុ​អ្វី​ទើប​កូនស្រី​បាត់ខ្លួន​បែបនេះ​ទេ ពុំ​ដឹង​នាង​ចុះ​ចោល​ប្ដី​ឬ​មានរឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ ។​ចំណែក​ប្ដី​នាង​ពេលនេះ​លែង​នៅ​បន្ទប់​ជួល​ខាង​លើ​ទៀតហើយ គឺ​បាន​រើ​អីវ៉ាន់​ទៅ​ស្នាក់នៅ​ជាមួយ​បងប្អូន​របស់​គេ​ហើយ​៕​​

អត្ថបទសរសេរ ដោយ