ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាច់​ជា​ច្រើន​ដង ទាល់តែ​ឪពុក​មក​ដល់​ទើប​ព្រម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ខឹង​ប្រពន្ធ​ស្តីបន្ទោស បុរស​ម្នាក់​បាន​ទៅ​ផឹក​រហូត​ស្រវឹង​ជោក រួច​បើករថយន្ត​យ៉ាង​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ …

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ខឹង​ប្រពន្ធ​ស្តីបន្ទោស បុរស​ម្នាក់​បាន​ទៅ​ផឹក​រហូត​ស្រវឹង​ជោក រួច​បើករថយន្ត​យ៉ាង​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​បុក​ដើម​ត្នោត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ទល់មុខ​រោងចក្រ​សិប្បកម្ម​ផលិត​ស៊ីទែន​ប្រេង នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​កប់​ភ្លក់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ឈ្មោះ កូវ ផា​នុប អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​កើត សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នក​បើករថយន្ត​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7573 និង​បុរស​រង​គ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​ឈ្មោះ លី តារា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា រង​របួសធ្ងន់​ទាំង​២​នាក់ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើត​គេ​បានឮ​សន្ធឹក​រថយន្ត​បើក​យ៉ាង​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បន្ទាប់​មក​ស្រាប់តែ​លាន់​សូរដូច​រន្ទះ​ក៏​នាំ​គ្នា​ចេញ​មក​មើល​ក៏​ឃើញ​រថយន្ត​១​គ្រឿង​បើក​បុក​ពំនូកដី ហើយ​ហោះ​ទៅ​បុក​ដើម​ត្នោត​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​២​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ឯ​រថយន្ត​ស្រុញ​ផ្នែក​ខាង​មុខ ចំណែក​ដើម​ត្នោត​គ្រាន់តែ​រលាត់​សំបក​បន្តិចបន្តួច​ប៉ុណ្ណោះ ។

បើ​តាម​សំដី​ជន​រង​គ្រោះជា​អ្នក​បើករថយន្ត​បាន​និយាយ​ទាំង​ឈឺចាប់​ថា រូប​គាត់​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ត្រូវ​ប្រពន្ធ​ស្តីបន្ទោស​ធ្វើ​ឲ្យ​គាត់​បើករថយន្ត​ទាំង​ខឹង លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​កោង​បួង​ចង្កូត​មិន​ទាន់​បាន​ជ្រុល​បុក​ទៅ​លើ​ដើម​ត្នោត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយឡែក​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដោយ​ស្ថានភាព​ស្រវឹង​ផង​ពេល​ក្រុម​រថយន្ត​សង្គ្រោះ​៧១១​នាំ​ឡើង​រថយន្ត​បែរជា​ប្រកាច់​ចុះ​ឡើងជា​ច្រើន​ដង ទាល់តែ​ឪពុក​ជន​រង​គ្រោះ​មក​ដល់​ទើប​ព្រម​ឡើង​រថយន្ត ចំណែក​រថយន្ត​សមត្ថកិច្ច​ប្រគល់​ឲ្យ​យ​ក្រុម​គ្រួសារ​ស្ទូច​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕