ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​នៅ​ប្រេ​ស៊ី​ល​នឹង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ បន្ទាប់​ពី​ការ​កើន​ឡើងជា​លំដាប់​នៃ​តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​អស់​ជា​ច្រើន​ឆ្នាំ​មក ទីផ្សារ​អចលនទ្រព្យ​ក៏​បាន​ធ្លាក់​ចុះ​វិញ​តាំងពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ ។ លើស​ពី​នេះ​ទៀត ឆ្នាំ​ក្រោយ​នឹង​ក្លាយជា

ប្រទេស​ប្រេ​ស៊ី​ល ៖ បន្ទាប់​ពី​ការ​កើន​ឡើងជា​លំដាប់​នៃ​តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​អស់​ជា​ច្រើន​ឆ្នាំ​មក ទីផ្សារ​អចលនទ្រព្យ​ក៏​បាន​ធ្លាក់​ចុះ​វិញ​តាំងពី​សេដ្ឋកិច្ច​ធ្លាក់​ចុះ ។ លើស​ពី​នេះ​ទៀត ឆ្នាំ​ក្រោយ​នឹង​ក្លាយជា​ឆ្នាំ​ដែល​ប្រទេស​នេះ​មានការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ក្នុង​ផ្នែក​អចលនទ្រព្យ ។

ក្រុមហ៊ុន Fitch Ratings បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នឹង​ធ្លាក់​ចុះ​ថែម​ទៀត​ដោយសារ​សេដ្ឋកិច្ច​បន្ត​ជួប​ឧបសគ្គ ។ ភាគហ៊ុន​ផ្នែក​អចលនទ្រព្យ​របស់​ប្រេ​ស៊ី​ល ជា​ពិសេស Gafisa បាន​ធ្លាក់​ចុះ​៩,៧% ឯណោះ ។

Fitch បាន​ព្រមាន​ថា អចលនទ្រព្យ​ខ្លះ​ៗ​ក្នុង​ទីក្រុង​មួយ​ចំនួន គួរតែ​ដាក់​កម្រិត​លើ​ការ​កាត់​បន្ថយថ្លៃ​ផ្ទះ ប៉ុន្តែ​ក៏​មិន​បាន​និយាយ​ថា​ទីក្រុង​ណាខ្លះ​ទេ ។ ទីក្រុង Sao Paulo និង Rio de Janeiro អាច​នឹង​នៅ​ក្នុង​ចំណោម​នោះ​។ ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​អាច​នៅ​តែ​បន្ត​ដំណើរការ​ល្អ ប្រសិនបើ​ពួក​គេ​មិន​បាន​ពឹងផ្អែក​លើ​កម្មវិធី​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ទេ​នោះ ។

GDP របស់​ប្រេ​ស៊ី​ល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​៣,៣%​បន្ថែម​ទៀត​ក្នុងឆ្នាំនេះ​។ កំណើន​នៃ​អត្រា​គ្មាន​ការងារ​ធ្វើ អសន្តិសុខ​ការងារ កំណើន​អត្រា​ការ​ប្រាក់ និង​ការ​កាត់​បន្ថយ​ថវិកា​រដ្ឋាភិបាល នឹង​បន្ត​ធ្វើ​ឲ្យ​តម្រូវការ​ខ្ចីប្រាក់​ទិញ​អចលនទ្រព្យ​ធ្លាក់​ចុះ ។ ភាព​ទន់ខ្សោយ​របស់​សេដ្ឋកិច្ច​អាច​មើលឃើញ​តាម​រយៈ​បរិមាណ​នៃ​ការ​លក់​ផ្ទះ ដែល​បាន​ធ្លាក់​ចុះ​៩%​ពី​ខែតុលា ឆ្នាំ​២០១៥ ដល់​ខែកញ្ញា ឆ្នាំ​២០១៦ ។

អ្នកវិភាគ​ក្នុង Fitch បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អត្រា​គ្មាន​ការងារ​ធ្វើ និង​អត្រា​ការ​ប្រាក់​ដ៏​ខ្ពស់​អាច​បង្ខំ​ឲ្យ​ប្រជាជន​ប្រេ​ស៊ី​ល​ប្រើប្រាស់​ប្រាក់​សន្សំ​របស់​ពួក​គេ ។ ការ​កាត់​បន្ថយ​នៃ​ការ​តម្កល់​ប្រាក់​សន្សំ​បាន​ធ្វើ​ឲ្យ​ធនាគារ​កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់​កម្ចី ។ ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៥ និង​ខែមិថុនា ឆ្នាំ​២០១៦ អត្រា​ប្រាក់​តម្កល់​បាន​ធ្លាក់​ចុះ​១៧% ជាមួយនឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ប្រចាំខែ​ជា​មធ្យម​ធ្លាក់​ចុះ​៣៥% ។

ផ្ទះ​ក្នុង​ទីក្រុង​ធំ​ៗ​មាន​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​ប្រជាជន ។ ប៉ុន្តែ Fitch ជឿជាក់​ថា យ៉ាងណា​ក្តី នេះ​មិនមែន​ជា​ការ​ដួល​រលំ​នៃ​ទីផ្សារ​អចលនទ្រព្យ​ឡើយ ៕