ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់​ឃើញ​ឥណ្ឌា​ចូលរួម​ដោះស្រាយ​វិ​បត្ត​សង្គ្រាម រុ​ស្សី -​អ៊ុយ​ក្រែ​ន ឱ្យ​បាន​ឆាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​សង្គ្រាម​រុ​ស្សី​-​អ៊ុយ​ក្រែ​ន បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ កម្ពុជា​បាន​សម្តែង​ការ​ចង់​ឃើញ​មហាអំណាច​ឥណ្ឌា ចូលរួម​ជួយ​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​ទាំង​ពីរ​នេះ ឲ្យ​បាន​ឆាប់​។ ការ​ចង់​ឃើញ​នេះ

រាជធានី​ភ្នំពេញ ៖ ខណៈ​សង្គ្រាម​រុ​ស្សី​-​អ៊ុយ​ក្រែ​ន បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ កម្ពុជា​បាន​សម្តែង​ការ​ចង់​ឃើញ​មហាអំណាច​ឥណ្ឌា ចូលរួម​ជួយ​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​ទាំង​ពីរ​នេះ ឲ្យ​បាន​ឆាប់​។ ការ​ចង់​ឃើញ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendea dra modi) កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២​។

ក្នុង​ជំនួប​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​ប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន និង​ឥណ្ឌា ដោយ​កម្ពុជា​ស្វាគមន៍ ការ​កំណត់​យក​ឆ្នាំ​២០២២​នេះ ជា​ឆ្នាំ​មិត្តភាព​អាស៊ាន​-​ឥណ្ឌា ដែល​បាន​ឯកភាព​គ្នា​លើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៩ នៅ​ក្នុង​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ជា​ពិសេស ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា កន្លង​មកនេះ ហើយ​កម្ពុជា ទន្ទឹងរង់ចាំ​ក្នុង​ការ​ប្រារព្ធ និង​អនុវត្ត​សកម្មភាព​ដើម្បី​អបអរសាទរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។

សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ត្រីភាគី ឥណ្ឌា មី​យ៉ា​ន់​ម៉ា ថៃ និង​ការ​ពង្រីក​មក​កាន់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ផង​ដែរ ។

សម្ដេច​តេ​ជោ​បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​វិភាគទាន​របស់​ឥណ្ឌា​ចំនួន​១​លាន​ដុល្លារ​ដល់​អាស៊ាន ឆ្លើយ​តប​ជាមួយនឹង​កូ​វី​ដ​-១៩ ហើយ​កម្ពុជា ក៏​សូម​លើកទឹកចិត្ត​ដល់​ឥណ្ឌា​ឲ្យ​បន្ត​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ជាតិ​របស់​កម្ពុជា ជា​ពិសេស​ការ​កសាង​សមត្ថភាព​អ្នកជំនាញ​សុខាភិបាល​ផង​ដែរ​។ សម្ដេច​ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​ដែល​ប្រទេស​ឥណ្ឌា បាន​ផ្ដល់​អោយ​កម្ពុជា តាម​រយៈ​គម្រោង​ទទួលផល​ឆាប់រហ័ស​ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា លើ​វិស័យ​កសិកម្ម បរិស្ថាន សុខាភិបាល ការ​អប់រំ ការ​អភិវឌ្ឍន៍ជនបទ ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​វប្បធម៌ ដូច្នេះ​សម្ដេច​តេ​ជោ ស្នើ​សុំ​ឱ្យ​ឥណ្ឌា​បន្ត​ការ​គាំទ្រ​សំណើ​គម្រោង​ឆាប់​ទទួល​បាន​ផល​របស់​កម្ពុជា​បន្ថែម​ទៀត​ដល់​បណ្ដា​ឆ្នាំ​ខាង​មុខ​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​ការងារ​ដែល​កម្ពុជា បាន​ធ្វើ​នៅ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ជា​ពិសេស នៅ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​កម្ពុជា ខិតខំ​ក្នុង​ការ​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា កុំឱ្យ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាមស៊ីវិល ហើយ​សម្ដេច​បាន​គូសបញ្ជាក់​ផង​ដែរ​ថា សម្ដេច​បាន​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​៧ -៨ ខែមករា ឆ្នាំ​២០២២ និង​បាន​ជួប​ជាមួយ​លោក​មីន អោ​ង​ឡាំង ចំនួន​២​លើក តាម​វី​ដេ​អូ ហើយ​ក៏​មាន​ទស្សនកិច្ច​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ដែល​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា ហើយ​បន្ទាប់​មក​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​មី​យ៉ា​ន់​ម៉ា​ដែល​ជា​ជំនួយ​មនុស្សធម៌​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​អញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា មុន​ពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឬ​នៅ​ពេលវេលា​ដែល​យើង​រៀបចំ​កិច្ចប្រជុំ​កំពូល នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២​។

ជា​ការ​ឆ្លើយ​តប លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​ពិតជា​រីករាយ​ដែល​អាច​ជួយ​កម្ពុជា​បាន ហើយ​កម្ពុជា​ជា​ប្រទេស​ទី​១ នៅ​ក្នុង​ក្រប​ខណ្ឌ​នេះ ដែល​ទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា ។ ហើយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម ពិតជា​រីករាយ​ដែល​ឮ​ថា កម្ពុជា មិន​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​១១​ថ្ងៃ​មកនេះ​»​។

លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ជា​សមាសភាព​របស់​ឥណ្ឌា ដែល​ខិតខំ​ជំរុញ​ជួយ​ខ្លួនឯង​ផង និង​ជួយ​មនុស្ស​ក្នុង​សកលលោក​ផង​ដែរ​។ លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ ឥណ្ឌា បាន​ជួយ​ផ្ដល់​វ៉ាក់សាំង​នេះ​ទៅ​ដល់​ប្រមាណ​១០០​ប្រទេស ហើយ​ក៏​បាន​ចូលរួម​បណ្ដុះបណ្ដាល​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជាង ២​ពាន់​នាក់ ជា​ពិសេស​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​គ្រប់​វិស័យ​ខុស​ៗ​គ្នា ហើយ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ឥណ្ឌា នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន​១០០០ កន្លែង​ទៀត សម្រាប់​វិស័យ IT ក្នុង​ការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​អាស៊ាន ។ លោក​ក៏​បាន​គូសបញ្ជាក់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវ​ហា​យ​វេ​ត្រីភាគី ឥណ្ឌា មី​យ៉ា​ន់​ម៉ា ថៃ ដែល​បន្ត​ខ្សែ​ភ្ជាប់​មក​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​គម្រោង​នេះ ពិតជា​សម​ស្រប​ជាមួយនឹង​ផែនការមេ ក្នុង​កា​រត​ភ្ជាប់​មក​អាស៊ាន​។

លោក​បាន​បាន​បញ្ជាក់​ថា «​ឥណ្ឌា និង​ផ្ដល់​នូវ​ឥណទាន​ចំនួន ១​ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា​ឦ​។ លោក​បាន​គូសបញ្ជាក់​ថា កម្ពុជា គឺ​អាច​បាន​ទទួលផល​ប្រយោជន៍​ពី​គម្រោង​ឆាប់រហ័ស ជា​គម្រោង​ផង តាម​រយៈ​អាហារូបករណ៍​ផង​ដែរ ហើយ​កន្លង​មកនេះ ឥណ្ឌា ក៏​មាន​បេក្ខភាព​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​ជា​ពិសេស ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ហើយ​ជា​ពិសេស អរគុណ​កម្ពុជា ដែល​គាំទ្រ​ដល់​បេក្ខភាព​របស់​ប្រទេស​ឥណ្ឌា ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ នៅ​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​នេះ​។

ចំពោះ​បញ្ហា​អន្តរជាតិ លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើ​យ៉ាងណា គាំទ្រ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ប្រទេស​ឥណ្ឌា ឲ្យ​មាន​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​។ លោក​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា លោក​ពិតជា​គាំទ្រ​នៃ​តួនាទី​ជា​ប្រធាន​អាស៊ាន​ផង គាំ​ទ្រម​ជ្ឈ​ភាព​អាស៊ាន​ផង និង​គាំទ្រ​ការ​ឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន​ផង ក្នុង​ការ​ដើរតួ​នាទី​សំខាន់ ជា​ពិសេស​ទៀត​លោក​បាន​គូសបញ្ជាក់​ដែរ​ថា​លោក​បាន​ព្យាយាម​ចូលរួម​ចំណែក​ក្នុង​ការ​សន្ទនា​រក​ដំណោះស្រាយ​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី ហើយ​លោក​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ទាំង​ពីរ រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន កន្លង​មកនេះ ដើម្បី​ធ្វើ​យ៉ាងម៉េច ឲ្យ​ស្ដារ​ស្ថានភាព​នេះ​មក​រក​សន្តិភាព​វិញ​។

ចំណែក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​លោក ចាត់​ទុក​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​សមុទ្រ​ដែល​មាន​សារៈសំខាន់​ណាស់ ជា​ពិសេស ធ្វើ​យ៉ាងណា​ឱ្យ​មាន​សេរី បើកចំហ និង​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា លោក​រំពឹង​ទុក​ថា នឹង​មក​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២​ខាង​មុខ​នេះ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក រដ្ឋមន្ត្រី​ឥណ្ឌា និង​ស្វាគមន៍​នូវ​ចំណុច​ទាំងឡាយ​ដែល​ឯកឧត្តម​បាន​លើក​។ សម្ដេច​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​មានការ​ជឿជាក់​ថា ឥណ្ឌា អាច​ដើរតួ​នាទី​សម​ស្រប​ក្នុង​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​»​។ សម្ដេច​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា សម្ដេច​ចង់​ឃើញ​ដំណោះស្រាយ​រវាង​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ឲ្យ​បាន​ឆាប់​ផង​ដែរ ដោយសារ​វា​មាន​ផល​ប៉ះពាល់​ដល់​សកលលោក ជា​ពិសេស​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​ថាមពល ដែល​ប៉ះពាល់​ដល់​ប្រទេស​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ