ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ហ៊ុន សែន ​ជួបពិភាក្សាការងារ​ជាមួយ​នាយករដ្ឋមន្ត្រីឥណ្ឌា តាមប្រព័ន្ធវីដេអូ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅល្ងាច ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា…

ភ្នំពេញ៖ នៅល្ងាច ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានប្រសាសន៍​ថា សម្តេចបានជួបឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា តាំងពីខែ៦ ឆ្នាំ២០២០ មក​ម៉្លេះ តាមរយៈប្រព័ន្ធវីដេអូដូចគ្នា​។

សម្ដេចតេជោ បានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា តាំងពី​ឆ្នាំ១៩៨១។ គិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំហើយនៃទំនាក់ទំនងការទូតរវាង​កម្ពុជា និងឥណ្ឌា។ ដើម្បីប្រារព្ធខួបបនៃទំនាក់ទំនងការទូតនេះ ប្រទេសទាំងពីរនឹងត្រៀម​រៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំនេះផងដែរ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានពេញចិត្តចំពោះការសន្ទនាជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី​នាពេលនេះ។ ឯកឧត្តម ក៏បានចូលរួមរំលែកទុក្ខចំពោះសម្ដេចតេជោ ដែលបានបាត់បង់បង​ប្រុសជាទីស្រលាញ់ គឺសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង កាលពីពេលថ្មីៗនេះ​។

ឯកឧត្តម បានបញ្ជាក់ថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងជាយូរលង់ណាស់មកហើយ ពិសេសប្រទេសទាំងពីរ ក៏មានទំនាក់ទំនងផ្នែកវប្បធម៌ផងដែរ។

ឯកឧត្តម ពិតជាមានមោទនភាពចំពោះប្រទេសឥណ្ឌា ដែលបន្តធ្វើការងារ ក៏ដូចជាជួយប្រទេស​កម្ពុជា​​កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានអបអរសាទរ​ចំពោះ​កម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបាន​ចូល​រួមនូវការរំលែកទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្ដេច ហើយសម្ដេចក៏បានគូស​បញ្ជាក់ដែរថា ចំពោះគោលនយោបាយឆ្ពោះមកខាងកើតរបស់ប្រទេសឥណ្ឌានេះ វាត្រឹមត្រូវ​ជាមួយនឹងអ្វីដែលជាគោលនយោបាយរបស់អាស៊ានផងដែរ ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយ​ប្រទេសឥណ្ឌា ហើយចាត់ទុកប្រទេសឥណ្ឌា ជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងការពិភាក្សានេះ អ្វីដែលសម្ដេចចង់លើក គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ក្នុងន័យនេះ សម្តេចតេជោបានអបអរសាទរចំពោះឥណ្ឌា ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ-១៩ ពីការឆ្លងច្រើនរហូតដល់ឆ្លង​តិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មានប្រជាពលរដ្ឋច្រើន។ សម្ដេចតេជោក៏បាន​អរគុណ​ប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជាដែលបានទទួលកាលពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន៣២ ម៉ឺន៥០០០ដូស។

សម្ដេចតេជោបានបញ្ជាក់ផងដែរថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅ​ក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់​សាំង​​ជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះដោយសារការ​ចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេសកម្ពុជា បានបើកប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១។

សម្តេចបានគូសបញ្ជាក់ដែរថា មកដល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលប្រទេសកម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ថ្មីៗឡើយ​។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ឥឡូវនេះ ភាគីទាំងពីរ កម្ពុជា និងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ច​នៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ ព្រមទាំងទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងទៅទស្សនកិច្ចក្នុងឆ្នាំ២០២២ នេះ ដើម្បីចូលរួមពង្រីក​ទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ក៏បានអរគុណចំពោះឥណ្ឌា ដែលបានចូលរួមផ្ដល់នៅអណ្ដូងទឹកប្រមាណជា ១៥០០អណ្ដូង ក៏ដូចជាការផ្ដល់នូវសម្ភារៈផ្សេងៗទៀត ដល់ប្រទេសកម្ពុជា ដែលជាជំនួយ​ឥតសំណង។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើង ប្រមាណ ៣០០ លានដុល្លារ។

សម្ដេចតេជោ ក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ ទី១)នៅក្នុងការជំរុញនូវការ​បញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញា​វិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។

លើសពីនេះទៀត សម្ដេចក៏បានលើកឡើងអំពីវិស័យទេសចរណ៍ ដែលសម្ដេចបានស្នើសុំ​ឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើ​យ៉ាងណា​ឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំង​គ្រប់គ្រាន់ហើយនោះ ដោយពុំបានទាមទារឱ្យមានការធ្វើតេស្ត PCR ឬធ្វើតេស្តរហ័សពេល​មកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះវឌ្ឍនភាព​នៃកិច្ចប្រតិបត្តិការ​ក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជាស្វាគមន៍​ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួប​អនុស្សាវរីយ៍លើកទី ៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍​ដ៏សំខាន់នេះ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌា ចំនួន ១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។

សម្ដេច ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់អោយកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផល​របស់កម្ពុជា​បន្ថែមទៀតដល់បណ្ដាឆ្នាំខាងមុខ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការងារ ដែលកម្ពុជា បានធ្វើនៅក្នុងនាមជា​ប្រធានអាស៊ាន ជាពិសេស នៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជា ខិតខំក្នុងការជួយ​ប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាម ស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ២០២២ និងបានជួប​ជាមួយឯកឧត្តម មីន អោងឡាំង ចំនួន២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយ​បន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ដែលជា​ជំនួយមនុស្សធម៌។

សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀបចំ​កិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ថា យើងពិតជារីករាយ ដែល​អាច​ជួយ​កម្ពុជាបាន ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំង​ពីប្រទេសឥណ្ឌា ហើយឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ឯកឧត្តម ពិតជារីករាយ ដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ជាសមាសភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកលលោកផងដែរ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់​ប្រមាណ១០០ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។

ឯកឧត្តមក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា​។ នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។

ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា គឺអាចបានទទួលផលប្រយោជន៍ពីគម្រោងឆាប់រហ័ស ជាគម្រោងផង តាមរយៈអាហារូបករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា ក៏មានបេក្ខភាព​ក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិហើយជាពិសេស អរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាពរបស់ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ។

ចំពោះបញ្ហាអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាង​ណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម ពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាព​អាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត ឯកឧត្តមបានគូសបញ្ជាក់ដែរថា ឯកឧត្តម បានព្យាយាមចូលរួមចំណែកក្នុង​ការសន្ទនា​រកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ។

ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្ដម បានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េច ឲ្យស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។ នៅក្នុងសមុទ្រចិនខាងត្បូង ឯកឧត្តម ចាត់ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រ ដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ឯកឧត្តម រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម រដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុច​ទាំងឡាយដែលឯកឧត្តមបានលើក។

សម្ដេច មានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី។

សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបាន​ឆាប់​ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខ​ស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់​។

ជាចុងក្រោយ សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា សម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើ​ទស្សនកិច្ចរបស់​ឯកឧត្តម ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ