ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ ! ចាប់​រថយន្ត​៤​គ្រឿង​យក​ទៅ​កាត់​ទ្រុង​ចោល

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ក្តៅ​ឃាត់​រថយន្ត​ធុន​យក្ស​បាន​៤​គ្រឿង​យក​ទៅ​កាត់​ទ្រុង​ចោល ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង …

ខេត្តកំពង់ចាម ៖ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ក្តៅ​ឃាត់​រថយន្ត​ធុន​យក្ស​បាន​៤​គ្រឿង​យក​ទៅ​កាត់​ទ្រុង​ចោល ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ទោ ប្រាក់ សុខ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​របស់​កម្លាំង​ចម្រុះ​លឿន​ដូច​ផ្លេកបន្ទោរ ដោយ​បាន​ចុះ​មក​កាន់​ស្រុក​ជើងព្រៃ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ តុលា គឺ​បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ប្រភេទ​ដឹក​កុងតឺន័រ​បានជា​បន្តបន្ទាប់​រហូត​៤​គ្រឿង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ហើយ​នៅ​វេលា​ម៉ោងជាង​៣​រសៀល បាន​កាត់​ទ្រុង​រថយន្ត​របស់​ក្រុមហ៊ុន ហាក់ ម៉ៅ ដែល​ត​ខុស​ពី​លក្ខណៈ​បច្ចេកទេស​ចោល ។

លោក​វរសេនីយ៍ត្រី ប្រាក់ សុខ​គុណ បន្ត​ថា ក្រោយ​ពី​បាន​កាត់​ទ្រុង​ហើយ រថយន្ត​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ចំណែក​រថយន្ត​៣​គ្រឿង​ទៀត​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ជា​បណ្តោះអាសន្ន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ក្រុម​ជាង​បាន​បន្ត​កិច្ចការ​របស់​ខ្លួន គឺ​បាន​ផ្សារ​កាត់​ទ្រុង​រថយន្ត​ពណ៌​ត្រេ​អ៊ី ប្រភេទ​ភ្លៅ​៥ ដែល​នៅ​លើ​ទ្វា​រថយន្ត​មាន​សរសេរ​ថា យោធភូមិ​ភាគ​ទី​៣ ។ បន្ទាប់​ពី​កាត់​ទ្រុង​ខុស​បច្ចេកទេស​រួច ជំនាញ​សាធារណការ​ខេត្ត​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​រថយន្ត​ជូន​ទៅ​ម្ចាស់​រថយន្ត​វិញ​ដែរ ។

អ្នកបើកបរ​រថយន្ត​ឈ្មោះ ខុន អុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទួល​វិហារ ឃុំ​ចាន់​តា​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​បំភ្លឺ​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ស៊ី​ឈ្មួ​ល​បើកបរ​រថយន្ត​ភ្លៅ​៥​របស់​យោធភូមិ​ភាគ​ទី​៣ ដែល​មា​នទី​តាំងនៅ​ខេត្តកំពង់ស្ពឺ គឺ​បាន​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឲ្យ​តែ​គេ​ឲ្យ​ដឹក ។ គាត់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ គាត់​បាន​បើករថយន្ត​ចេញពី​រាជធានី​ភ្នំពេញ​មក​កាន់​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដើម្បី​ឲ្យ​ជាង​ផ្សារ​កាត់​ទ្រុង​ចេញ តែ​មិន​ទាន់​នឹង​ដល់​គោលដៅ​ផង​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ជាប់​នៅ​ស្រុក​ជើងព្រៃ ព្រោះតែ​រថយន្ត​គាត់​បាន​ត​ទ្រុង​មក​ក្រោយ​ប្រវែង​១,៥០​ម៉ែត្រ​ខុស​លក្ខណៈ​បច្ចេកទេស ។

លោក សេង ឈួ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ការ​កាត់​ទ្រុង​នេះ​គឺ​ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​រថយន្ត​ដឹក​ធ្ងន់​ខូច​ផ្លូវថ្នល់ ជាមួយ​នោះ​គាត់​ក៏​សូម​ដាស់តឿន​ដល់​អ្នកបើកប​រថយន្ត​ឯទៀត​បើ​ដឹង​ថា​រថយន្ត​របស់​ខ្លួន​ត​ទ្រុង​ខុស​បច្ចេកទេស​ហើយ​នោះ មេត្តា​នាំ​គ្នា​កាត់​ទ្រុង​ដែល​ត​ចេញ​ឲ្យ​មក​ដូច​សភាព​ដើម ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ចាប់​ឃាត់​រថយន្ត​យក​ទៅ​កាត់​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចេញ​ដោយ​មិន​មានការ​លើកលែង​នេះ​ដឹកនាំ​ដោយ​លោក សេង ឈួ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​គន​របាល​ជាតិ ដោយ​អនុវត្ត​តាម​តាម​អនុ​សាន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕