ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ងួន ញ៉ិល ​ឱ្យ​អាជ្ញា​ធរ​​ពន្យល់​​ពី​ផ្លូវ​​ច្បាប់​​ដល់​ប្រជា​ជន​​ដែល​តវ៉ា​ប្រឆាំង​​ក្រុម​ហ៊ុន​​ចំការ​កៅស៊ូ

15 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ លោក​ងួន ញ៉ិល ​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​​នៃ​គណៈ​កម្មាធិ​ការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​​កម្ពុជា ប្រធាន​ក្រុម​ការ​ងារ​របស់​គណៈ​កម្មាធិ​ការ​​កណ្តាល​គណ​​​បក្ស​ប្រជាជន​កម្ពុជា​ចុះ​​ជួយ​ខេត្ត​​កំពង់​ធំ និង​ជា​អនុ​ប្រធាន​​​ទី​១​រដ្ឋ​សភា​​នៃ​​ព្រះ​រាជា​ណ​ាចក្រ​កម្ពុជា​ នាព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១១​កន្លង​មក​នេះ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​កិច្ច​ប្រជុំ​​ជា​មួយ​គណៈ​កម្មាធិការ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​កំពង់​ធំ ​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត ។

​លោក​ងួន ញ៉ិល ​បាន​មាន​ប្រសាសន៍​​ថា កិច្ច​ប្រជុំ​​នា​ពេល​នេះ​កើត​ឡើង​​ដោយ​សារ​មាន​របាយ​ការណ៍​​ជូន​លោក​​របស់​ស្នង​ការ​​​​ដ្ឋាន​នគរ​បាល​​ខេត្ត​កំពង់​ធំ ការិយា​ល័យ​​កណ្តាល​​សន្តិ​សុខ​ថា មាន​ប្រជា​ជន​ប្រមាណ​​ជាង​៣០០​នាក់ នៃ​ខេត្ត​កំពង់​ធំ ក្នុង​ស្រុក​សណ្តាន់ ខេត្ត​ព្រះ​វិហារ ​និង​ខេត្ត​ស្ទឹង​ត្រែង​ បំរុង​ធ្វើ​ការ​តវ៉ា​ចំពោះ​​ក្រុម​ហ៊ុន​ដាំ​កៅស៊ូ​​វៀត​ណាម ឈ្មោះ CRCK និង​ឈ្មោះ​ PNT ដោយ​ចោទ​ប្រកាន់​​ថា ក្រុម​ហ៊ុន​បាន​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​នោះ​ដើម្បី​ដាំ​កៅស៊ូ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា កន្លង​មក វិទ្យុ​អាស៊ី​សេរី​បាន​ធ្វើ​ការ​ផ្សាយ​ដោយ​​​គ្មាន​​ការ​ពិត​ទាល់​តែ​សោះ ចំពោះ​​បញ្ហា​នេះ ​ដោយ​អះ​អាង​ថា ​ឈ្មោះ​ប៉ុល ប៊ុន​ថន ​ជា​ទី​ប្រឹក្សា​​លោក​ងួន​ ញ៉ិល ​ថា ​លោក​និង​ខុទ្ទ​កាល័យ​​លោក​​​គ្រោង​​នឹង​ចាត់​វិធាន​ការ​​ក្នុង​ពេល​ខាង​មុខ​ចំពោះ​ការ​​បំផ្លាញ​ព្រៃ​ឡង់ ។

លោក​ងួន ​ញ៉ិល ​បាន​មាន​ប្រសាសន៍​​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា លោក​បាន​ឱ្យ​ខុទ្ទកាល័យ​លោក​ធ្វើ​លិខិត​​បដិ​សេធ​ចុះ​ផ្យាយ​​ក្នុង​ទំព័រ​​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​រួច​ហើយថា ឈ្មោះ​​ប៉ុល ​ប៊ុន​ថន នេះ ​ពុំ​​មែន​ជា​ទី​ប្រឹក្សា​អនុ​ប្រធាន​ទី​១ ​រដ្ឋ​សភា​ទេ ។ ​មន្ត្រី​ក្នុង​ខុទ្ទ​កា​​ល័យ​លោក​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា​ពុំ​ដែល​មាន​ផ្តល់​យោ​បល់​ថា «អនុ​ប្រធាន​​​ទី​១ រដ្ឋ​សភា គ្រោង​​នឹង​ចាត់​វិធាន​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​បង្ក្រាប​ការ​បំផ្លាញ​​ព្រៃ​ឡង់» ទេ ។

ក្នុង​នាម​ជា​តំណាង​រាស្ត្រ​​ និង​ក្នុង​ឋានៈ​ជា​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ​លោក​ងួន ញ៉ិល បាន​មាន​ប្រសាសន៍​ថា លោក​តែង​តែ​ប្រកាន់​ខ្ជាប់​​​នូវ​តួនាទី​​តំណាង​រាស្ត្រ គឺ​ជាអ្នក​​ធ្វើ​ច្បាប់​​និង​ជា​​អ្នក​ត្រួតពិនិត្យ​​ការ​អនុ​វត្ត​ច្បាប់​ ។ រាល់​បណ្តឹង​ពី​ប្រជា​រាស្ត្រ​​ដែល​ជា​ម្ចាស់​​​ឆ្នោត​ លោក​តែង​ធ្វើ​ការ​ពិនិត្យ​​ស្រាវ​ជ្រាវ​​ស្វែង​យល់​ពី​ការ​ពិត​គ្រប់​ជ្រុង​ជ្រោយ​​ វាយ​តម្លៃ​ត្រង់​ណា​ស្រប​ច្បាប់ ត្រង់​ណា​ខុស​ច្បាប់ ហើយ​ធ្វើ​ការ​ណែ​នាំ​ឱ្យ​គ្រប់​​ភាគី​ទំាំង​អស់​​ ទាំង​អាជ្ញា​ធរ​ ទាំង​ប្រជា​ពល​រដ្ឋ ទាំង​ក្រុម​​ហ៊ុន​ឱ្យ​វិល​មក​រក​វិធី​ដោះ​ស្រាយ​តាម​​គន្លង​គតិ​ច្បាប់​ ​ហើយ​ស្រុះ​ស្រួល​​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា ។

ផ្អែក​​លើ​​តួនាទី​ខាង​លើ លោក​ងួន ញ៉ិល ​បាន​ធ្វើ​ការ​ផ្តាំ​​ផ្ញើ​​ដល់​អាជ្ញា​ធរ​​ខេត្ត​ទៀត​​ថា ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ពន្យល់​ប្រជា​ជន​ឱ្យ​​យល់​ពី​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋា​ភិបាល​​ក្នុង​ការ​វិនិ​យោគ គឺ​បាន​ផ្តល់​​ផល​ប្រយោជន៍​​ចំពោះ​រាជ​រដ្ឋា​ភិបាល​​ខ្លួន​ឯង ​ផ្តល់​ផល​ប្រយោជន៍​​ចំពោះ​​ក្រុម​ហ៊ុន និង​ផ្តល់​ផល​ប្រយោជន៍​​ចំពោះ​ប្រជា​ជន​ដែល​រស់​នៅ​តំបន់​នោះ ។ រាល់​ការ​អនុ​ញ្ញាត​​ឱ្យ​មាន​ការ​វិនិ​យោគ​​រាជ​រដ្ឋា​ភិបាល​តែង​​ចែង​លំអិត​ក្នុង​កិច្ច​សន្យា​អំពី​ផល​ប៉ះ​ពាល់​ទាំង​ឡាយ​ ហើយ​ក្រសួង​ស្ថាប័ន និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ត្រូវ​តាម​ដាន​កិច្ច​ការ​នេះ ។

​ចំពោះ​ការ​​វិនិ​យោគ​​ដាំ​ដំណាំ​កៅស៊ូ​​របស់​ក្រុម​ហ៊ុន​ CRCK និង​ក្រុម​ហ៊ុន PNT នៅ​ស្រុក​សណ្តាន់​ គឺពិត​ជា​នាំ​មក​នូវ​ផល​ប្រយោជន៍​​ដល់​ប្រជា​ជន​​​នៅ​តំបន់​នោះ​​ ពី​ព្រោះ​​ក្រុម​ហ៊ុន​នេះ​​មាន​ទុន​​គ្រប់​គ្រាន់​​សម្រាប់​ធ្វើ​សកម្ម​ភាព​​របស់​ខ្លួន។ ​លោក​ងួន ញ៉ិល ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ​យើង​ត្រូវ​ប្រយ័ត្ន​​ប្រយែង​អំពី​ក្រុម​ហ៊ុន​ខ្លះ​ ដែល​វិនិ​យោគ​​​ក្នុង​រូប​ភាព​ធ្វើ​​នំ​អត់​ម្សៅ​ ពេល​គេ​បាន​អាជ្ញា​ប័ណ្ណ​​ពី​រដ្ឋាភិបាល​​ គឺ​គេ​ទុក​អាជ្ញា​ប័ណ្ណ​​នោះ​លក់​បន្ត និង​ពេល​ខ្លះ​គេ​បាន​បង្ក​ភាព​ស្មុគ​ស្មាញ​ថែម​ទៀត ៕