ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម សុធី និង​សូត្រ ប៊ុ​ន​ធី ឡើង​កំដរ​រេញ​អន្តរជាតិ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​អឹ​ក​អ​ធឹ​ក នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៩ ខែតុលា ស្អែកនេះ អ្នក​ស្នេហា​វិស័យ​កីឡា​បាន​ងាក​មក​ចាប់អារម្មណ៍​ការ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​អឹ​ក​អ​ធឹ​ក នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៩ ខែតុលា ស្អែកនេះ អ្នក​ស្នេហា​វិស័យ​កីឡា​បាន​ងាក​មក​ចាប់អារម្មណ៍​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​របស់​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ​វិញ​ម្ដង ។ កីឡាករ​ជើង​ខ្លាំង​២​រូប​ គឺ​ឯម សុធី និង​សូត្រ ប៊ុ​ន​ធី នឹង​ឡើង​សង្វៀន​ប្រកួត​ជា​មួយ​​កីឡាករ​បរទេស តែ​មិនមែន​ជា​ការ​ដណ្ដើម​ពាន​ដូច​មុន​នោះ​ទេ គឺជា​ការ​ប្រកួត​មិត្តភាព​កំដរ​រេញ​ប៉ុណ្ណោះ​។

បន្ទាប់​ពី​រក​ឃើញ​ជើង​ខ្លាំង​២​រូប​ឱ្យទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គ្នា​នា​ថ្ងៃ​ទី​៥ វិច្ឆិកា ​ខាង​មុខ នា​ថ្ងៃ​សៅរ៍​ទី​២៩ តុលា ស្អែកនេះ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​ដាក់​ជំនួស​ដោយ​គូ​អន្តរជាតិ​កំដរ​រេញ ដើម្បី​ទុក​ពេល​ឱ្យ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទាំង​ពីរ​នាក់​បាន​សម្រាក​ហ្វឹកហាត់ ។ ការ​ប្រកួត​នៅ​រសៀល​​ស្អែក​នេះ រំពឹង​ថា ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន ដោយសារ​សមាសភាព​ឡើង​ប្រកួត​កំដរ​រេញ​គឺជា​ជើង​ខ្លាំង ។ កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ មានការ​ចាប់អារម្មណ៍​ខ្លាំង​ពេល​មាន​វត្តមាន​របស់​ពួក​គេ ។ កីឡាករ​ឯម សុធី មក​ពី​ក្លិប​ឬ​ទ្ធិ​ពោធិ​សែន​ជ័យ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន និង​មាន​សមត្ថភាព​ខ្ពស់ ។ មិន​ខុស​គ្នា​ដែរ​កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សា​ស្លាប​ដែក​ក៏​នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​សមត្ថភាព​មិន​ធម្មតា​ដូច​គ្នា ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា បើ​ទោះជា​នៅ​ថ្ងៃនេះ​មិនមែន​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​ឬ​ដណ្ដើម​ពាន​ជើងឯក ប៉ុន្តែ​លោក​នៅ​តែ​រំពឹង​ខ្ពស់​ចំពោះ​វត្តមាន​របស់​កីឡាករ​កម្ពុជា និង​ថៃ ដែល​លោក និង​គណៈកម្មការ​ប្រដាល់​ផ្គូផ្គង​ឱ្យ​ឡើង​ប៉ះ​គ្នា ។ លោក​ថា ក្នុង​ចំណោម​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ ព្រឹត្តិការណ៍​ខា​រ៉ា​បាវ​មាន​ភាព​អំណោយផល​សម្រាប់​ទស្សនិកជន​ជាងគេ ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ​ធ្វើ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ចំ​ម៉ោង​បុគ្គលិក​គ្រប់​ផ្នែក​សម្រាក ហើយ​ជា​ព្រឹត្តិការណ៍​ធ្វើ​មុន​តន្ត្រី​បន្ត​ផ្ទាល់​ដែល​ភាគច្រើន​តម្រូវ​ឱ្យ​អ្នកមាន​បំណង​ចង់​ទស្សនាការ​ប្រគំ​តន្ត្រី​មក​អង្គុយ​ចាំ​មុន ។ លោក​ថា កីឡាករ ឯម សុធី នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណ​ក់ ក្រា​ចិ​ប ក្នុង​នាម​ជា​គូ​រង​ឯក ។ កីឡាករ​ថៃ​គូ​នេះ​ធ្លាប់​ប្រកួត​បាន​៨១​លើក ឈ្នះ​៦៩​លើក និង​ចាញ់​១២​លើក ដែល​តួលេខ​នេះ​គឺ​មាន​ចំនួន​ខ្ពស់​ជាង​កីឡាករ​ឯម សុធី ទើប​លោក​យល់​ថា ​កីឡាករ​កម្ពុជា​ដាច់ខាត​ត្រូវ​តែ​ប្រឹង​បន្តិច​ទើប​អាច​ឈ្នះ​ស្រួល ។ ឯម សុធី ទើប​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៩​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក​ប៉ុណ្ណោះ ប៉ុន្តែ​លោក​នៅ​តែ​លើកទឹកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា ដោយ​រំពឹង​ថា​គេ​នឹង​ធ្វើ​បាន​ល្អ ។

ដោយឡែក​សម្រាប់​មួយគូ​ទៀត​លោក​ថា កីឡាករ​សូត្រ ប៊ុ​ន​ធី នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភី​ត ក្នុង​នាម​ជា​គូ​ឯក​របស់​ព្រឹត្តិការណ៍ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​​៨៤​លើក ឈ្នះ​៦៩​លើក និង​ចាញ់​១៥​លើក ក្នុង​ពេល​ដែល​សូត្រ ប៊ុ​ន​ធី ធ្លាប់​ប្រកួត​បាន​ប្រហាក់ប្រហែល​គ្នា​ដែរ​គឺ​៧៩​លើក ឈ្នះ​៦៦​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក​។ ព្រឹត្តិការណ៍​ដែល​ពួក​គេ​ប្រកួត​គ្នា​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​២​រសៀល​ស្អែកនេះ​នៅ​ក្នុង​ស្ទី​ឌី​យោ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ៕