ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​សវនាការ​លើ​សំណុំរឿង​មេឃុំ ស៊ា​ង ចែត សូកប៉ាន់​សាក្សី ដោយ​ខ្វះ​សាក្សី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ បាន​លើកយក​សំណុំរឿង​មេឃុំ​ស្រក ស្រុក​កំពង់សៀម ឈ្មោះ ស៊ា​ង ចែត …

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ បាន​លើកយក​សំណុំរឿង​មេឃុំ​ស្រក ស្រុក​កំពង់សៀម ឈ្មោះ ស៊ា​ង ចែត មក​បើក​សវនាការ​ដើម្បី​ផ្តន្ទាទោស​លើ​ជន​ត្រូវ​ចោទ ប៉ុន្តែ​សវនាការ​នោះ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​ប្រកាស​ផ្អាក​បណ្តោះអាសន្ន និង​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា បន្ត​សវនាការ​លើ​សំណុំរឿង​នេះ​ទៀត ដែល​ការ​ផ្អាក​សវនាការ​នេះ​គឺ​មូលហេតុ​ខ្វះ​សាក្សី ។

សវនាការ​ក្នុង​សំណុំរឿង​នេះ​មាន​លោក កោ វ​ណ្ណី ចៅក្រម​ជំនុំជម្រះ និង​លោក សៀង សុខ ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ ការ​សាកសួរ​ដេញដោល​បាន​ធ្វើ​ឡើង​នា​ព្រឹក​នោះ ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ថា​ខ្វះ​សាក្សី ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ផ្អាក​សវនាការ ។

សំណុំរឿង​សូកប៉ាន់​សាក្សី​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ស៊ា​ង ចែត ជា​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មក​ពី​គណបក្ស​សមរ​ង្ស៊ី​ពាក់ព័ន្ធ​លុយ​ចំនួន​៥០០​ដុល្លារ​ឱ្យទៅ​ម្តាយ​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ដើម្បី​ជួយ​លួងលោម​ឱ្យ​ស្រី​មុំ​និយាយ​ពាក្យ​មិន​ពិត​ក្នុង​ដំណើររឿង​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។ តែ​សវនាការ​នេះ​ត្រូវ​បាន​ផ្អាក​សិន ដោយ​លោក​មេធាវី សំ សុ​គង់ បាន​ស្នើ​សុំ​ឲ្យ​កោះហៅ​សាក្សី ១-​ឈ្មោះ សៀង លន ម្តាយ​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ២-​ឈ្មោះ កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ៣-​ឈ្មោះ លូ សុធា​រ៉ា ត្រូវជា​បងថ្លៃ​របស់​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ឲ្យ​ចូលរួម​សវនាការ ។ ចំណែក​ជនជាប់ចោទ​ឈ្មោះ ស៊ា​ង ចែត ជា​មេឃុំ​ស្រក ក៏​បាន​ស្នើ​សូម​លើក​ពេល​ដែរ ដោយ​សូម​ឲ្យ​តុលាការ​កោះហៅ​អ្នក​ទាំង​៣​មក​ចូលរួម​សវនាការ ។

សូម​ជម្រាប​ថា ចៅក្រម​ជំនុំជម្រះ​លោក កោ វ​ណ្ណី ប្រធាន​ក្រុមប្រឹក្សា បាន​សម្រេច​ផ្អាក​សវនាការ​សិន ដើម្បី​ចេញ​ដីកា​កោះហៅ​សាក្សី​៣​នាក់​ខាងលើ​មក​ចូលរួម​សវនាកា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ។  លោក​បាន​បញ្ជាក់​ថា សវនាការ​មិន​បាន​លើក​ទេ តែ​សូម​ផ្អាក​សិន​ដើម្បី​ចេញ​ដីការ​កោះហៅ​សាក្សី ។

គួរ​រំ​ឮ​ថា លោក ស៊ា​ង ចែត ជា​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មក​ពី​គណបក្ស​សមរ​ង្ស៊ី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦​កន្លង​ទៅ​នៅ​ក្រោយ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា លោក ស៊ា​ង ចែត មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​សូកប៉ាន់​ជា​លុយ​ចំនួន​៥០០​ដុល្លារ​ឱ្យទៅ​ម្តាយ​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ដើម្បី​លួងលោម​ស្រី​មុំ​និយាយ​កុហក់​រឿង​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង លោក កឹ​ម សុខា ដែល​ត្រូវ​គេ​ទម្លាយ​តាម​រយៈ​ខ្សែអាត់​សម្លេង​ជា​ច្រើន​ភាគ​តាម​បណ្តាញ​សារព័ត៌ មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕