ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់វេទិកា​អុំទូក និង​សំណង់​សិល្បៈ​ផ្សេង​ៗ​នៅ​ខេត្តព្រះវិហារ

1 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

ខេត្តព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេង​ៗ ស្ថិត​ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។

នា​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជា​ពិសេស​កម្លាំង​ដែល​បាន​ឈរជើង​តាម​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ ដែល​កន្លង​ទៅ​នេះ បាន​បំពេញ​បេស​កម្ម​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ ដោយ​ធ្វើ​ឱ្យ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី​ផង មាន​សុខ​សន្តិភាព ទោះបី​ថា​មាន​បញ្ហា​ខ្លះ​តិចតួច ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ប្រជាមានិត​ឡាវ បាន​យកចិត្តទុកដាក់ ដើម្បី​និង​ដោះស្រាយ​បញ្ហា​បញ្ចប់ ទោះបី​នៅ​សល់​បញ្ហា​ខ្លះ ដែល​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​គ្នា ប៉ុន្តែ​ឈរ​លើ​គោលការណ៍​ដោះស្រាយ​ដោយ​សន្តិវិធី និង​មានការ​ស្រុះស្រួល​គ្នា ។

សម្តេច​ក្រឡាហោម បាន​គូសបញ្ជាក់​ថា បេស​កម្ម​របស់​កងកម្លាំង​យោធពលខេមរភូមិន្ទ និង​កម្លាំង​នគរបាល​ជាតិ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​នេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់ ដែល​បង្ក​លក្ខណៈសម្បត្តិ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដែល​មានការ​ពាក់ព័ន្ធ​រស់នៅ និង​ប្រកប​របរ​ទទួលទាន បាន​ដោយ​សុខ​ស្រួល ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ថ្លែង​អរគុណ​ចំពោះ​ខេត្ត​ចម្ប៉ា​សាក់ ក៏​ដូច​ជា​រដ្ឋាភិបាល នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​តែងតែ​កម្ក​ល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​និង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជា​ពិសេស​ខេត្ត​ដែល​ជាប់​ព្រំដែន​កម្ពុជា គឺ​តែងតែ​យកចិត្តទុកដាក់ ដើម្បី​ទំនាក់ទំនង​សហប្រតិបត្តិការ ការ​ជួប​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​នៅ​តាម​ព្រំដែន​ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ឡាវ និង​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ។

ម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​បន្ត​ថា សម្តេច​ពិតជា​មាន​ជំនឿ​យ៉ាង​មុតមាំ ថា ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ឡាវ​) គឺ​នៅ​តែ​បន្ត​រក្សា​គោលការណ៍​កសាង​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​បន្ត​ទៅ​ទៀត ។ ដោយឡែក សម្រាប់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ តែងតែ​ប្រកាន់​ភ្ជាប់​នូវ​របប​ជួប​គ្នា​ប្រចាំឆ្នាំ ទោះបី​មាន​ជំងឺ​កូ​វី​ដ​-១៩ បាន​រំខាន​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​រក​មធ្យោបាយ​ទាក់ទង​ជួប​ប្រជុំ​ជាមួយ​គ្នា តាម​អន​ឡាញ​នានា ដើម្បី​ជជែក​ផ្លាស់​ប្តូរ​អំពី​វឌ្ឍនភាព ឬ​មួយ​ក៏​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ប្រចាំឆ្នាំ និង​ចុះហត្ថលេខា លើ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​បន្ត​ទៀត ដោយ​គ្មាន​ការ​អាក់ខាន ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​លោក​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដែល​គាត់​មាន​ដើម​កំណើត នៅ​ខេត្ត​ចម្ប៉ា​សាក់​នេះ​ដែរ ហើយ​ក៏​បាន​យកចិត្តទុកដាក់ បង្ក​លក្ខណៈសម្បត្តិ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​ទាំង​ពីរ ពិសេស​គឺ​ការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​បទល្មើស​ឆ្លង​ដែន ក្នុង​នោះ មានការ​ជួយ​ដូរ​គ្រឿងញៀន ជា​ពិសេស គឺ​គ្រឿងញៀន​សំយោគ ដែល​ខាង​មិត្ត​ឡាវ លោក​ក៏​បាន​ខិតខំ​បង្ក្រាប​បានជា​ច្រើន​ករណី ហើយ​កម្ពុជា​យើង ក៏​បាន​បង្ក្រាប​ជា​ច្រើន​ករណី ចំពោះ​ករណី​ដែល​ធ្លុះធ្លាយ បាន​ន័យ​ថា លួចលាក់​ហូរ​ចូល​ពី​ឡាវ ចូល​មក​កម្ពុជា​យើង ក៏​បាន​ឯកភាព​គ្នា​ថា ប្រ​សិន​ណា​ជា​គ្មាន​កិច្ច​សហប្រតិបត្តិការ​ទេ​នោះ គ្រឿងញៀន​សំយោគ​នេះ វា​កាន់តែ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ឡាវ ក៏​ដូច​ជា​ដល់​កម្ពុជា​យើង​ផង​ដែរ អ​ញ្ចឹ​ង​ហើយ​យើង​តែងតែ​រក្សា​ខ្ជាប់ នូវ​កិច្ច​សហប្រតិបត្តិការ​នេះ មាន​ឆន្ទៈ​យ៉ាង​មោះ​ម៉ុ​ត ក្នុង​ការ​បន្ត​កិច្ចសហការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ជា​ពិសេស​ចុង​ក្រោយ​នេះ គឺថា បទល្មើស​គ្រឿងញៀន​សំយោគ​ដែល​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង ។

បន្ថែម​ពី​នោះ​ទៀត សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា ក្រោម​ដំបូល នៃ​សុខ​សន្តិភាព ស្ថិរភាព នោះ​យើង​អាច​និយាយ​បាន​ថា កម្ពុជា​មានឱកាស ឬ​ដណ្តើម​បាន​ឱកាស​មាស ឱកាស​ពេជ្រ ដើម្បី​យើង​កសាង​ប្រទេស​ជាតិ ដើម្បី​យើង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ពីព្រោះ​យើង​យល់​ទាំងអស់​គ្នា​ហើយ​ថា បើ​ស្រុក​ទេស​មាន​សង្គ្រាម យើង​មិន​អាច​ធ្វើ​អី្វ​បាន​ទេ រស់នៅ​ផ្ទះ​ក៏​មិន​បាន បង្កបង្កើន​ផល ក៏​មានការ​លំបាក កូនចៅ​មិន​អាច​ទៅ​រៀនសូត្រ​បាន គ្មាន​ឱកាស ប៉ុន្តែ​ឥឡូវនេះ យើង​មាន​សុខ​សន្តិភាព ស្ថិរភាព​ពេញលេញ ដែល​ជា​ឱកាស​មាស ឱកាស​ប្រាក់​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រើប្រាស់ នូវ​ឱកាស​ដ៏​ល្អ​នេះ គឺជា​ការ​ចាំបាច់​សម្រាប់​យើង​ទាំងអស់​គ្នា ។ អ​ញ្ចឹ​ង​ការ​កសាង ការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គនា​គម​ន៍ ឬ​ក៏​វិស័យ​ដទៃ​ទៀត ដែល​នៅ​ទី​នេះ យើង​កំពុង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​បុណ្យអុំទូក វា​មិនធំ​ទេ ក៏​ប៉ុន្តែ​វា​មាន​លក្ខណៈ​ថា ជា​សមិទ្ធផល​មួយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ដែរ ។

សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ដើម្បី​ពង្រឹង​សុខ​សន្តិភាព​អោយ​បាន​យូរអង្វែង​នោះ យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​គាំទ្រ ធ្វើ​យ៉ាងណា​អោយ​ភូមិ​ឃុំ របស់​យើង​មាន​សេចក្តីសុខ ធ្វើ​យ៉ាងណា​អោយ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​សម្បូរ​សប្បាយ ។

លើស​ពី​នេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ ក៏​ដូច​ជា​មន្ត្រីរាជការ​គ្រប់​ផ្នែក គ្រប់​ថ្នាក់ គណៈ​បញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ ពិសេស​កម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ការិយាល័យ​បោះ​ឆ្នោត ចាត់ចែង​ដំណើរការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដោយ​រលូន គ្មាន​អំពើ​ហិង្សារ ដើម្បី​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ