ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទិញ​បាន​អង្ករ​ប្លា​ស្ទិ​ក បងប្អូន​ជនជាតិភាគតិច​​ឆោឡោ មេ​ភូមិ​ពិសោធ​ទើប​ដឹង​ច្បាស់

7 ឆ្នាំ មុន

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះតែ​មាន​លេចឮ​ពាក្យ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា មាន​អង្ករ​ប្លា​ស្ទិ​ក​កំពុង​ចរាចរណ៍​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះតែ​មាន​លេចឮ​ពាក្យ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា មាន​អង្ករ​ប្លា​ស្ទិ​ក​កំពុង​ចរាចរណ៍​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ហើយ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ប្រជាពលរដ្ឋ​រួម​នឹង​អាជ្ញាធរ​ភូមិ បាន​ជួបជុំ​គ្នា​ធ្វើការ​ពិសោធ​ដើម្បី​ចង់​ដឹង​ការ​ពិត​ថា​មាន​អង្ករ​ប្លា​ស្ទិ​ក​មែនឬ​អត់ ។

ប្រភព​ដែល​គេ​និយាយ​ត​ៗ​គ្នា​បាន​ឲ្យ​ដឹង​ថា មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ បាន​ទិញ​អង្ករ​ចំនួន​៣​បាវ​ស្មើនឹង​១៥០​គីឡូក្រាម ហើយ​ពេល​គាត់​យក​អង្ករ​នោះ​ទៅ​លីង​ដើម្បី​ស្ល​កកូរ​ស្រាប់តែ​អង្ករ​នោះ​ផ្ទុះ ។ លុះ​គាត់​យក​អង្ករលីង​នោះ​ចាក់​ទៅ​លើ​ភ្លើងចង្ក្រាន ស្រាប់តែ​អង្ករ​រលាយ​ចូល​គ្នា ។ ប្រភព​បន្ត​ថា បន្ទាប់​មក​ពួក​គាត់​បាន​ទៅ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទៅ​នឹង​អង្ករ​ដែល​គាត់​បាន​ទិញ​ខាងលើ​ថា​ជា​អង្ករ​ប្លា​ស្ទិ​ក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់ ។

ដោយសារ​តែ​កើត​មាន​បាតុភាព​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​គ្រួសារ​នោះ​យក​អង្ករ​មក​ធ្វើតេស្ត​ជា​សាធារណៈ ដោយ​លីង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ តែ​អង្ករ​នេះ​មាន​លក្ខណៈ​ធម្មតា​ទេ មិន​ដូចដែល​គ្រួសារ​នេះ​បាន​និយាយ​សង្ស័យ​ថា ជា​អង្ករ​ប្លា​ស្ទិ​ក​នោះ​ឡើយ ។

លោក​មេ​ភូមិ​ពូ​តាំង​បាន​ប្រាប់់​អ្នក​ភូមិ​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តទៅ​ទៀត ព្រោះ​អង្ករ​នេះ​ក្រោយ​ពី​ធ្វើការ​ពិសោធ​ទៅ​បង្ហាញ​ថា​ជា​អង្ករ​ធម្មតា​ទេ ដូច្នេះ​នេះ​គ្រាន់​ជា​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ ធម្មតា​អង្ករ​យក​ទៅ​លីង​តែងតែ​ផ្ទុះ​អុ​ី​ចឹ​ង​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ករណី​ខាងលើ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត អ្នក​យក​ព័ត៌មាន​នៅ​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ៕