ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​បើកបរ​បាន​២​ខែ ដឹក​កម្មករ​កម្មការិនី​ក្រឡាប់​រថយន្ត​របួសស្រាល​-​ធ្ងន់​72​នាក់ រត់គេច​ខ្លួន​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង បាន​បើក​ជែង​តាម​ដងផ្លូវ​ក៏​រេ​ចង្កូត​ក្រឡាប់​កណ្តាល​ទ្រូងផ្លូវ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង បាន​បើក​ជែង​តាម​ដងផ្លូវ​ក៏​រេ​ចង្កូត​ក្រឡាប់​កណ្តាល​ទ្រូងផ្លូវ និង​អូស​ប្រមាណ​ជិត​៤០​ម៉ែត្រ បណ្តាល​ឱ្យ​កម្មការិនី​រង​របួសធ្ងន់ និងស្រាល​ចំនួន​៧២​នាក់ រដូករណែល​ពេញ​ផ្លូវ ។

ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​លេខ​៨ និង​លេខ​៩ មុខ​អតីត​ស្នាក់​ការ​គណបក្ស​ហ្វ៊ី​ន​ស៊ិ​ន​ប៉ិច​ស្ថិត​នៅ​ក្នុង ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។ រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​២​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5727 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ទើបតែ​រៀន​បើកបរ​បាន​ប្រមាណ​២​ខែ​បាន​រត់គេច​ខ្លួន ។

តាម​កម្មការិនី​កាត់ដេរ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ រថយន្ត​ខាងលើ​បាន​ដឹក​កម្មករ​-​កម្មការិនី​ទាំងអស់​ចំនួន​៨៣​នាក់ ឈរ​ណែន​ដូច​ឈើគូស ដែល​រស់នៅ​ភូមិ​ថ្មី ភូមិ​ស្វាយ​អំពារ និង​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ធ្វើ​ដំណើរ​មក​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ យូ​ឌី​អេស ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ត្រង់​ស្ពាន​ទី​៦ ក្នុង​សង្កាត់​ព្រែក​លៀប ។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​បាន​បើក​ជែង​ខាងឆ្វេង​ម៉ូតូ​កង់​បី​មួយ​គ្រឿង ក៏​បាន​ជ្រុល​ចង្កូត​ប្រុង​ទៅ​បុក​ខឿន​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ហើយ​អ្នកបើកបរ ក៏​បាន​ទាញ​ចង្កូត​មក​ស្តាំ​វិញ បណ្ដាល​ឲ្យ​រេ​ចង្កូត​បោក​ខ្លួន​ក្រឡាប់​រថយន្ត​អូស​ប្រមាណ​ជិត​៤០​ម៉ែត្រ បណ្ដាល​ឲ្យ​កម្មករ​-​កម្មការិនី​រង​របួសធ្ងន់ និង​ស្រាល​រដូករណែល​ពេញ​ទ្រូងផ្លូវ​តែ​ម្តង ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​កម្មករ​-​កម្មការិនី​ដែល​រង​របួស​ត្រូវ​បាន​រថយន្ត​សា​មុ​យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ​ឯកជន ។

តាម​ការ​ស្រង់​ឈ្មោះ​ជន​រង​គ្រោះ​របស់​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​ដែល​រងគ្រោះថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ​មាន​ចំនួន ៧២​នាក់ ។ នៅ​ក្នុង​ចំណោម​កម្មករ​-​កម្មការិនី​ដែល​រង​របួស​ទាំង ៧២​នាក់ មាន​៤៣​នាក់ បាន​រង​របួសធ្ងន់ ដែល​ក្នុង​នោះ​មាន​៣​នាក់ ប្រឈម​មុខ​នឹង​ការ​ចូល​វះកាត់ និង​២៩​នាក់​ទៀត​បាន​រង​របួសស្រាល ។

តាម​មន្ត្រី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា រាល់​ការ​សម្រាក​ព្យាបាល​របស់​កម្មករ​-​កម្មការិនី ដែល​រងគ្រោះថ្នាក់ ខាង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ជា​អ្នក​ធានា​រ៉ាប់រង ក្នុង​ការ​ព្យាបាល ។ បើសិនជា​កម្មករ​-​កម្មការិនី​សម្រាក​ព្យាបាល​ចាប់ពី​២​ថ្ងៃ​ឡើង​ទៅ​នឹង​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត ។

ដោយឡែក​រថយន្ត​ដែល​គ្រោះថ្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្ទូច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។                  

នៅ​រសៀល​ថ្ងៃ​ដដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ប្រកាស​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដោយសារ​រថយន្ត​ដឹក​កម្មករ​បើក​គេច​ម៉ូតូ រឺ​ុ​ម៉ក​ម៉ូតូ និង​មនុស្ស​ដើរ​ឆ្លងផ្លូវ​ទើប​បណ្តាល​ឱ្យ​កាច់ចង្កូត​ក្រឡាប់​ភីង​បណ្តាល​ឱ្យ​កម្មករ​-​កម្មការិនី​របួស​ចំនួន​៧២​នាក់ ក្នុង​នោះ​របួសធ្ងន់​ចំនួន​៤៣​នាក់ និង​របួសស្រាល​ចំនួន ២៩​នាក់ ។ ជន​រង​គ្រោះ​ទាំងអស់​បាន​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ ដោយ​យកចិត្តទុកដាក់​បំផុត ។ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ តុលា កម្មករ​-​កម្មការិនី​រង​របួស​ចំនួន​៦៣​នាក់​(​ធ្ងន់​ចំនួន​៤៣​នាក់​) បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ចំនួន​៩​នាក់ សម្រាក​ព្យាបាល​នៅ​ប៉ូ​លី​គ្លីនិក​សុខលាភ​មេត្រី ៕