ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូ​ពេ​ទ្រ​សម្តេច​តេ​ជោ ប្រឆាំង​កូ​វី​ដ​-១៩

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ។

ការ​សំណេះសំណាល​នេះ បាន​ធ្វើ​ឡើង​នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ប្រកបដោយ​ការ​ទទួលខុសត្រូវ ដោយ​មិន​ខ្លាច​នឿយហត់ មិន​ខ្លាច​ការ​ឆ្លង​ជំងឺ ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

សម្ដេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ប្រឆាំង​កូ​វី​ដ​-១៩​ទាំងអស់​គ្នា​ថ្ងៃនេះ ដោយ​មាន​ប្រសាសន៍​ថា ក្រៅ​តែ​ពី​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ​ហើយ​នោះ សម្តេច​តេ​ជោ ក៏​នឹង​មាន​គម្រោង​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ដទៃ​ទៀត​ផង​ដែរ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សម្តេច​បាន​ថ្លែងអំណរគុណ ចំពោះ​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​នេះ វា​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ ជា​ពិសេស​ក្នុង​ការ​ប្រមូល​មនុស្ស​មក​ចូលរួម​លើ​សមរភូមិ នៃ​សត្រូវ​ឥត​ស្រមោល​នេះ តែ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ជាតិ និង​ប្រជាជន​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យើង​ជា​ច្រើន បាន​លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន លះបង់​កូន ភរិយា និង​ស្វាមី មក​ចូលរួម​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ទៀត​ថា ភាព​ជោគជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​នេះ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុម​គ្រូពេទ្យ​ប្រឆាំង​កូ​វី​ដ​-១៩ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​បាន​ថ្លែង​អំណរ​ផង​ដែរ​គុណ​ដល់​ឪពុក​ម្តាយ ស្វាមី និង​ភរិយា ដែល​បាន​អនុញ្ញាត​ឱ្យ​កូន ភរិយា និង​ស្វាមី បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ថែម​ថា បញ្ហា​នេះ​ជំងឺ​កូ​វី​ដ​-១៩​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​កែប្រែ​ទស្សនៈ​លើ​ក្រុម​គ្រូពេទ្យ ដែល​កន្លង​មក​ចោទ​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា​ល្អ​តែ​១០%​ប៉ុណ្ណោះ តែ​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​ក្រុម​គ្រូពេទ្យ​ជា​កងទ័ព​អាវ​ស ដ៏​អង់អាច​ក្លាហាន​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល​ពិតជា​មានការ​ពិបាក និង​មិន​អាច​ធ្វើ​ដូច​វិស័យ​អប់រំ ដែល​យក​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច ហើយ​អ្នកចេះ​តិច បង្រៀន​អ្នក​អត់​ចេះ​សោះ​នោះ​ទេ តែ​វិស័យ​សុខាភិបាល​មិន​អាច​ធ្វើ​ដូច​ច្នេះ​បាន​ឡើយ ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​មិន​អាច​លុប​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ចូល​ប្រទេស​កម្ពុជា ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ។ បើសិនជា​មានការ​លើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង ពី​ក្រៅប្រទេស គឺ​វា​ប្រៀប​ដូច​លើកទឹកចិត្ត​សម្រាប់​មនុស្ស ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ។

ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​កន្លង​ទៅ​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លទ្ធផល​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ទទួល​បាន​លទ្ធផល​ផ្លែផ្កា ជា​ប្រវត្តិសាស្ត្រ​គួរ​អោយ​កត់សម្គាល់ ។

ហើយ​ទាក់ទង​ទៅ​នឹង​ហេតុការណ៍​គ​ប​ស្បែកជើង​មក​សម្ដេច​ពេល​នោះ នៅ​ថ្ងៃនេះ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា បើ​សម្តេច​មិន​ហាមឃាត់​ទេ ជន​ដែល​គប់​សម្តេច អាច​នឹង​មាន​គ្រោះថ្នាក់ ព្រោះថា មាន​កម្លាំង​៣​ក្រុម ស្នើ​សុំ​សម្តេច​ធ្វើ​បាតុកម្ម​សុំ​អា​មេ​រិ​ក​ចាត់វិធានការ​លើ​ជន​គប់​សម្តេច ប៉ុន្តែ​សម្តេច​ហាមឃាត់ មិន​ឱ្យធ្វើ​នោះ​ឡើយ ។

សម្តេច​តេ​ជោ បាន​ចោទសួរ​ទៅ​អា​មេ​រិ​កថា តើ​ជន​ដែល​គប់​សម្តេច​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ជា​ការ​បង្ក​អំពើ​ហិង្សា ? សម្តេច​ក៏​ស្នើ​ឱ្យ​អា​មេ​រិ​ក​គិតគូរ​ឱ្យ​បាន​ច្បាស់ បើ​គិត​ថា ការ​គប់​ស្បែកជើង​ជា​សិទ្ធិ​បញ្ចេញមតិ នោះ​លើ​ពិភពលោក​លែង​មាន​សណ្តាប់ធ្នាប់​ហើយ រួម​ទាំង​នៅ​កម្ពុជា​ផង ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រសាសន៍​ច្បាស់​ៗ​ថា សម្តេច​មិន​ទាមទារ​អា​មេ​រិ​ក​ដាក់ទោស​ជន​គប់​ស្បែកជើង​មក​លើស​ម្តេច​នោះ​ទេ ប៉ុន្តែ​ច្បាប់​របស់​អា​មេ​រិ​ក​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​អា​មេ​រិ​ក​ផ្ទាល់ ។

សម្តេច​តេ​ជោ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់ និង​គាំទ្រ​សម្តេច អោយ​រក្សា​ភាព​នឹងនរ ដោយ​មិន​ត្រូវធ្វើ​ការ​តបត​ណាមួយ​នោះ​ឡើយ គឺ​ទុក​ឱ្យ​អា​មេ​រិ​ក ជា​អ្នក​ចាត់ចែង ។

សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ទូត​ខ្មែរ​នៅ​អា​មេ​រិ​ក មិន​ឱ្យធ្វើ​កំណត់​ទូត​ណាមួយ​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក​នោះ​ឡើយ ។

ជា​ថ្មី​ម្ដងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ជា​ថ្មី​ដល់​ក្រុម​គ្រូពេទ្យ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩​ទាំងអស់​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​មួយ​នេះ​ទេ ។

មុន​នឹង​បញ្ចប់ សម្ដេច​តេ​ជោ​ក៏​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ ជូន​ដល់​មន្ត្រី​ជួរ​មុខ និង​ក្រុម​គ្រូពេទ្យ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​បរិយាកាស​រីករាយ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ