ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត សោម ឯក ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ឈ្មោះ សោម ឯក ដែល​បាន​គេចខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែតុលា កន្លង​មកនេះ ទីបំផុត​ក្នុង​រយៈពេល​១៨​ថ្ងៃក្រោយ​ការ​រត់គេច​ខ្លួន សោម ឯក

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ឈ្មោះ សោម ឯក ដែល​បាន​គេចខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែតុលា កន្លង​មកនេះ ទីបំផុត​ក្នុង​រយៈពេល​១៨​ថ្ងៃក្រោយ​ការ​រត់គេច​ខ្លួន សោម ឯក ត្រូវ​បាន​ចាប់ខ្លួន​បាន​នៅ​លើ​កំពូលភ្នំ​គូលែន នៅ​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ហើយ​ប​ញ្ចូ​ន​មក​នាយកដ្ឋាន​ប្រឆាំង​ភាវរ​:​កម្ម​ក្រសួងមហាផ្ទៃ ដើម្បី​សួរ​ចម្លើយ​។ ក្រោយ​សាកសួរ​ចម្លើយ​ពី​ទណ្ឌិត សោម ឯក កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ​។

តាម​ប្រភព​ព័ត៌មាន​ខ្លះ​ៗ​ពី​មន្ត្រី​ជិតដិត​នឹង​បេសកកម្ម​តាម​ប្រមាញ់ សោម ឯក បានឱ្យ​ដឹង​ថា ក្រោយ​ពី​រត់គេច​ខ្លួន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី សោម ឯក បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប និង​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន​។ មុន​ការ​ចាប់ខ្លួន តាម​ប្រភព​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ទណ្ឌិត សោម ឯក បាន​ជួល​ម៉ូតូឌុប​ជិះ​ទៅ​លេង​ភ្នំ​គូលែន​ក្នុង​តម្លៃ​១៥​ដុល្លារ ។ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា សោម ឯក ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​ទឹកធ្លាក់​លើ​ខ្នងភ្នំ​គូលែន ក្នុងភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

ក្រោយ​ការ​ចាប់ខ្លួន សោម ឯក ត្រូវ​បាន​នាំ​ភ្លាម​ៗ​មក​កាន់​ក្រសួងមហាផ្ទៃ ដែល​ការ​នាំ​ខ្លួន​នោះ​ធ្វើ​ឡើង​ដោយ​នក​របាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ​។  ជា​ការ​កត់សម្គាល់​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា បាន​ចេញ​បទបញ្ជា​ដោយ​បង្គាប់​ឱ្យ​សមត្ថកិច្ច​នៅ​ច្រក​អន្តរជាតិ​ទាំងអស់​នៃ​កម្ពុជា ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ធ្វើការ​ឃាត់ខ្លួន​ទណ្ឌិត សោម ឯក បើសិនជា​ប្រទះ​ឃើញ​ទណ្ឌិត​ដែល​ទើប​រត់​ចេញពី​ពន្ធនាគារ​រូប​នេះ​ប្រុង​ឆ្លង​ដែន​នៅ​កន្លែង​ណាមួយ ដោយ​មិន​នឹក​ស្មានថា​ទណ្ឌិត​រូប​នេះ​បែរជា​លាក់ខ្លួន​ធ្វើ​ព្រងើយ​ក្នុង​ក្រុង​សៀមរាប​ទៅ​វិញ ។

លោក​ឧត្តមសេនីយ៍ ចាន់ គឹ​ម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បញ្ជាក់​ថា ទណ្ឌិត សោម ឯក ត្រូវ​បាន​ដឹក​ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​(PJ)​នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​៦ តុលា មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី បន្ទាប់​ពី​រូបគេ​បាន​ដួល​នៅ​ក្នុង​បន្ទប់ទឹក លុះដល់​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៨ តុលា ក៏​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ គួរ​បញ្ជាក់​ថា​ទណ្ឌិត សោម ឯក ហៅ ជា គឹ​ម​ហ៊ួ​ន ជា​អតីត​ទាហាន​ចូល​បម្រើ​ការ​នៅ​ក្រសួងការពារជាតិ​តាំងពី​ឆ្នាំ​១៩៧៩​រហូត​ដល់​ឆ្នាំ​២០០៣​។

សោម ឯក ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប​៤៦​ឆ្នាំ ក្នុង​នោះ​ករណី​ទី​១​ពី​បទ​បង្កើត​ចលនា​កងទ័ព​ក្បាល​ខ្លា​ខុសច្បាប់ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ និង​មួយ​ករណី​ទៀត​ពី​បទ​បំផ្ទុះ​គ្រាប់​ធ្វើ​ភេរវកម្ម​នៅ​មុខ​ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០០៩ ដោយ​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៨​ឆ្នាំ​៕