ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​កំព្រា​៣​នាក់​ស្វែងរក​អន្តរាគមន៍ ដើម្បី​សុំ​ដោះ​លែង​ម្ដាយ​ឱ្យ​នៅ​ក្រៅ​ឃុំ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​ដែល​កុមារ​ប្រុស​ស្រី​៣​នាក់​កំព្រា​ឪពុក​ម្ដាយ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ឪពុក​ម្តាយ​ទៅ​តុលាការ​ធ្វើ​ឱ្យ​ក្មេង​តូច​ៗ រស់នៅ​ក្រោម​ដំបូលផ្ទះ

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​ដែល​កុមារ​ប្រុស​ស្រី​៣​នាក់​កំព្រា​ឪពុក​ម្ដាយ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ឪពុក​ម្តាយ​ទៅ​តុលាការ​ធ្វើ​ឱ្យ​ក្មេង​តូច​ៗ រស់នៅ​ក្រោម​ដំបូលផ្ទះ តែ​គ្មាន​មេបា​គ្រប់គ្រង​ចិញ្ចឹម​បីបាច់​ថែរក្សា ដែល​សព្វថ្ងៃ​ជីវភាព​រស់នៅ​គឺ​ពឹងផ្អែក​ទៅ​លើ​អ្នក​ជិតខាង​ជួយ​ផ្គត់ផ្គង់​ម្ហូបអាហារ​។ កុមារី​ឈ្មោះ ភឹ​ម លាង​ហេង អាយុ​១៤​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​រៀបរាប់​ថា ក្រោយ​ពី​ឪពុក​ម្ដាយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន រហូត​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​១​ខែ​មក​ហើយ ដែល​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​គឺ​ពឹង​លើ​អង្ករ និង​លុយកាក់​បន្តិចបន្តួច ដែល​សល់​ពី​ឪពុក​ម្ដាយ​មុនគេ​ចាប់ខ្លួន​។

ហើយ​ម្យ៉ាងទៀត ខ្លួន​កំពុង​តែ​រៀន​ថ្នាក់​ទី​៧ នៅ​អនុ​វិទ្យាល័យ​ត្រពាំង​ប្រិ​យ៍ ក៏​ត្រូវ​ឈប់​រៀន ដោយ​ត្រូវ​មក​ថែទាំ​ប្អូន​ៗ​ពីរ​នាក់​ជំនួស​ម្តាយ ដែល​ប្អូនស្រី​ឈ្មោះ ភឹ​ម សុ​ផា​ន់​ណា អាយុ​៥​ឆ្នាំ និង​ប្អូនប្រុស​ឈ្មោះ ភឹ​ម សុភ​ត្ត្រា ដែល​អាយុ​ទើបតែ​បាន​២​ខួប​ប៉ុណ្ណោះ​។ កុមារី ភឹ​ម លាង​ហេង ក៏​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​ផល​លំបាក​នៃ​ការ​មើលថែ​ទាំ​ប្អូន​ៗ​ជំនួស​ម្ថា​យ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ខ្លួន​ត្រូវ​បាត់បង់​ការ​សិក្សា និង​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​ទៅ​ស៊ីឈ្នួល​គេ ឬ​ទៅ​ធ្វើការ​ផ្សេង​ៗ​ក្នុង​ការ​ចិញ្ចឹម​ប្អូន​បាន​ទេ ដោយ​ខ្លួន​ទទូច​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​ដោះ​លែង​ម្ដា​យមក​វិញ ព្រោះ​សព្វថ្ងៃ​ជីវភាព​គ្រួសារ​បងប្អូន​ក្មេង​៣​នាក់ មិនដឹង​ពឹងផ្អែក​ទៅ​ខាង​ណា​នោះ​ទេ​។

បងស្រី​ឈ្មោះ អន សុភាព អាយុ​៤៨​ឆ្នាំ ជា​អ្នក​ជិតខាង​រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា រាល់ថ្ងៃ​គាត់​មានការ​អាណិតអាសូរ​ក្មេង​ទាំង​៣​នាក់​ណាស់ ចាប់តាំងពី​ម្ដាយ​ឪពុក​មិន​នៅ គាត់​តែងតែ​ឆ្លៀតពេល​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​មើល​ក្មេង ព្រោះ​នៅ​ក្បែរ​ផ្ទះ​ក្មេង​ៗ​នោះ​ពុំ​មាន​មនុស្ស​នៅទេ​។ ហើយ​នៅ​ពេល​ខ្លះ​គាត់​ជាប់រវល់​នឹង​ការងារ​រកស៊ី​ខ្លួនឯង ក៏​មិន​បាន​យក​បាយ​ម្ហូប​ទៅ​ឱ្យ​ក្មេង​ក៏​មាន​ដែរ​។

គួរ​បញ្ជាក់​ថា ឪពុក​ម្ថា​យ​ក្មេង​ទាំង​៣​នាក់ ខាងលើ​ឈ្មោះ ជា ភឿន ហៅ​ទី​ន ជា​ប្តី​អាយុ​៣៩​ឆ្នាំ និង​ប្រ​ពន្ទ​ឈ្មោះ ប៉ិច មុំ អាយុ​៣៥​ឆ្នាំ ត្រូវ​កម្លាំង​អធិការ​នគរបាល​ស្រុក​អន្លង់​វែង ធ្វើការ​ឃាត់ខ្លួន​តាម​ដីកាចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ លោក អ៊ា​ក ផល្លា និង​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦៕