ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ! ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អស់​១០០​ខ្នង

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ព្រះ​ភិ​រុណ​បាន​បង្អុរ​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង​ដោយ​បាន​លាយឡំ​ខ្យល់​កន្ត្រាក់​ផង​នោះ​បាន​បក់​បោកកាល​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​លំនៅ​ឋាន​ …

ខេត្ត​ត្បូងឃ្មុំ ៖ ព្រះ​ភិ​រុណ​បាន​បង្អុរ​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង​ដោយ​បាន​លាយឡំ​ខ្យល់​កន្ត្រាក់​ផង​នោះ​បាន​បក់​បោក​លើ​ឃុំ​តំបែរ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ស្រុក​មេមត់ ស្រុក​ត្បូងឃ្មុំ ព្រមទាំង​ស្រុក​អូរ​រាំង​ឪ កាល​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​រហូត​ដល់​ទៅ​១០០​ខ្នង ព្រមទាំង​របូត​ខ្សែកាប​ជា​ច្រើន​កន្លែង តែ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​បាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ហើយ​ខាង​កាកបាទក្រហម​ខេត្ត​ក៏​នឹង​ត្រៀម​អំណោយ​យក​ទៅ​ចែក​ជូន​ដល់​ពួក​គាត់​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ប៉េង អេ​ង​ហាក់ អធិការ​នគរបាល​ស្រុក​តំបែរ ប្រាប់​ឲ្យ​ដឹង​ថា ភូមិ​ដែល​ត្រូ​បាន​ភ្លៀង​ធ្លាក់​មក​លើ​នោះ​រួម​មាន​ភូមិ​តំបែរ ភូមិ​ជ័យ​សម្បត្តិ ភូមិ​សញ្ជ័យ​សែន ភូមិ​ថ្នល់ ក្នុង​ឃុំ​តំបែរ ដែល​បាន​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង និង​មិន​ធ្លាប់​មាន​នា​ពេល​កន្លង​មក​នោះ​ទេ ដោយ​បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​ទទួល​រង​ការ​ខូចខាត ។

លោក​វរសេនីយ៍ត្រី ប៉េង អេ​ង​ហាក់ ប្រាប់​បន្ត​ថា ផ្ទះ​ដែល​រង​ការ​ខូចខាត​ធ្ងន់​មាន​ចំនួន​២៦​ខ្នង ខូចខាត​ស្រាល​ចំនួន​៣៨​ខ្នង បង្គោល​ភ្លើង​១​ដើម​បាក់​រាប​ដល់​ដី ដួល​ស្លាក​គណបក្ស​៤​ផ្ទាំង ដួល​ដើមឈើ និង​ផលដំណាំ​ក្នុងភូមិ​អស់​មួយ​ចំនួន​ធំ ។ ទឹកភ្លៀង​នេះ​បង្ក​ឲ្យ​លិច​ប៉ះពាល់​ផលដំណាំ​ស្ទើរ​គ្រប់​ភូមិ​តែ​ម្តង ។ តាម​ការ​សង្កេត​ចាប់តាំងពី​ដើម​រហូត​មក​ភ្លៀង​ខ្យល់​កន្ត្រាក់​មិន​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ខាងលើ​នោះ​ទេ ដែល​នេះ​ជា​គ្រោះ​មហន្តរាយ​មួយ​តែ​សំណាង​មិន​បណ្តាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ដល់​អាយុជីវិត​ឡើយ ។

ចំនែក​លោក លី ឡេ​ង អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​កាកបាទក្រហម មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​នោះ​ស្រុក​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ស្រុក​តំបែរ មាន​ចំនួន​៧០​ខ្នង ស្រុក​មេមត់​មាន​២៤​ផ្ទះ រួម​និង​ស្រុក​ត្បូងឃ្មុំ ស្រុក​អូរ​រាំង​ឪ កើន​ដល់​ទៅ​១០០​ខ្នង ។ ជាមួយ​នោះ​រូប​លោក​ក៏​បាន​ឲ្យ​សហការី​ចុះ​តាម​មូលដ្ឋាន​ព្រមទាំង​បាន​កត់ត្រា ដើម្បី​ត្រៀម​ចែក​អំណោយ​ដល់​ពួក​គាត់​ទៅ​តាម​ទំហំ​ដែល​ទទួល​រង​ការ​ខូចខាត យ៉ាង​យូរ​នឹង​ចែក​នៅ​ថ្ងៃអាទិត្យ ឫ​ថ្ងៃ​ចន្ទ​ខាង​មុខ​ដែល​ជា​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម ៕