ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​តា​ខ្មៅ ​តាម​ប្រមាញ់​ក្រុម​ចោរឆក់​​២​នាក់តាម​ផ្លូវ​បេតុង

1 ឆ្នាំ មុន
  • កណ្តាល

នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​បញ្ជា​ដោយ​វរ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការ បាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​

ខេត្តកណ្តាល ៖ នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​បញ្ជា​ដោយ​វរ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការ បាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ចោរឆក់ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក នៅ​តាម​ផ្លូវ​បេតុង ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ។

នរគបាល​​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​នេះ​ឈ្មោះ ទឹម ឃុន​ណៃ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ជា​កម្មការិនី​រោងចក្រ ។ រីឯ​ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សុខ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ មុខ​របរ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់ និង​ម្នាក់​ទៀត​ឈ្មោះ កែវ ណាំ​ឈី​វ ហៅ​ដា​រ៉ូ ភេទ​ប្រុស អា​យុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំ​ពុន​២ ខណ្ឌមានជ័យ រាជា​ធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នក​បើក​ម៉ូតូ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ដល់់​ចំណុច​កែង​ផ្លូវ​បេតុង​ទំនប់​ឆ្កែ​​ឆ្គួត ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​ពីក្រោយ​មក​ដល់​ទន្ទឹម ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដែល​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងក្រោយ រួច​ហើយ​គេចខ្លួន ។ ភ្លាម​នោះ ជន​រង​គ្រោះ​បាន​ស្រែក​ថា​ «​ចោរ​ៗ» ហើ​យ​បើក​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ស្ថានីយ​ប្រេងសាំង​ក្បែ​ហាង ​B-gold ផ្លូវ​លេខ​១១៥ ស្ថិត​ក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ម៉ូតូ​របស់​ចោរ​ក៏​បុក​រ៉ឺ​ម៉ក​ម៉ូតូ បណ្តាល​ឱ្យ​ជន​ម្នាក់​ឈ្មោះ សុខ សា​រ៉ាត់ ធ្លាក់​ពីលើ​ម៉ូតូ និង​ត្រូវ​អ្នក​រស់នៅ​ម្តុំ​នោះ​ចាប់​បាន និង​ព្រួត​វាយ​រហូត​ប៉ោង​ភ្នែក​ម្ខាង ។

នៅ​ពេល​នោះ​ដែរ នគរបាល​ប៉ុស្តិ៍​កំពង់​សំ​ណា​ញ់ និង​នគរបាល​ក្រុង​តា​ខ្មៅ ដែល​កំពុង​ល្បាត​តាម​ផ្លូវ​ឃើញ ក៏​ចុះ​ទៅ​ឃាត់ខ្លួន ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​លើក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ទៅ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ និង​សហការ​ជាមួយ​នគរបាល​ខណ្ឌ​មាន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​២ ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ កែវ ណាំ​ឈី​វ ហៅ​ដា​រ៉ូ នៅ​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើ​ម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ