ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​អាច​លុប​បំបាត់​រដ្ឋធានី​អីុរ៉​ង់​ចេញពី​ផែនទី

7 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួ​យ​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី​SPUTNIK លោក​BAHRAM AKKASHEH អ្នក​សិក្សា​ពី​ការ​រញ្ជួយ​ដី​អីុ​រ៉​ង់​និយាយ​ថា រយៈពេល​ពី​១៥​ទៅ​២០​ឆ្នាំ​ទៀត​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​អាច​កើត​មាន

ក្នុង​បទ​សម្ភាសន៍​មួ​យ​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី​SPUTNIK លោក​BAHRAM AKKASHEH អ្នក​សិក្សា​ពី​ការ​រញ្ជួយ​ដី​អីុ​រ៉​ង់​និយាយ​ថា រយៈពេល​ពី​១៥​ទៅ​២០​ឆ្នាំ​ទៀត​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​អាច​កើត​មាននៅ​ទីក្រុង​តេ​ហេ​រ៉​ង់​រដ្ឋធានី​អីុ​រ៉​ង់ ដូច្នេះ​គេ​ត្រូវ​ពិនិត្យ​លើ​លទ្ធភាព​ផ្ទេរ​រដ្ឋធានី​នោះ​ទៅ​កាន់​តំបន់​ទាំងឡាយ​ដែល​ពុំ​សូវ​មាន​គ្រោះ​ថ្នាក់ ។

កាលពី​ឆ្នាំ​២០០៩ ដោយសារ​ក្រុង​តេ​ហេ​រ៉​ង់ ស្ថិត​ក្នុង​តំបន់​រញ្ជួយ​ដី​គំនិត​ផ្ទេរ​រដ្ឋធានី​អីុរ៉​ង់ ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​អា​យ៉ា​តុល​ឡា​ហ៍​ខា​មេ​នី ។ ក្រោយ​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក​ក្រុមប្រឹក្សា​មួយ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​រៀបចំ​ការ​ផ្ទេរ​រដ្ឋធានី ។

រយៈពេល​ចុង​ក្រោយ​នេះ​គំនិត​នោះ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពិសេស​មក​ពី​សេណា​រី​យ៉ូ​មួយ​លើក​ឡើង​ដោយ​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ដែល​ធ្វើការ​ស្រាវជ្រាវ​នៅ​អីុរ៉​ង់ ។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ទាំងនេះ​ថា ការ​រញ្ជួយ​ដី​អាច​មាន​កម្លាំង​ដល់​៧​ឬ​៨​វី​ស្ទ័​រ ដែល​នឹង​អាច​បណ្តាល​ឱ្យ​មនុស្ស​ជាង​១​លាន​នាក់​រង​គ្រោះ​រួច​នឹង​បង្ក​ការ​បំផ្លាញ​ដល់​៨០%​នៃ​បណ្តា​អគារ ។ ការ​រញ្ជួយ​ដី​ដែល​កើត​មាន​ញឹក​ញ៉ាប់​នៅ​ជុំវិញ​ក្រុង​តេ​ហេ​រ៉​ង់​បង្ហាញ​ពី​ការ​ប្រមូលផ្តុំ​ថាមពល​ប្រកបដោយ​គ្រោះ​នៅ​ក្រោម​ដី ។

បិតា​អ្នក​ជំនាញការ​ខាង​រញ្ជួយ​ដី​អីុរ៉​ង់​លោក  BAHRAM AKKASHEH បាន​បង្ហាញ​លម្អិត​បណ្តា​លក្ខខណ្ឌ​ពិតប្រាកដ​ដែល​រដ្ឋធានី​ជួប​ប្រទះ​នា​ប​ច្ចុ​​ប្បន្ន ។ យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក​AKKASHEH ថា ការ​រញ្ជួយ​ដី​នានា​នៅ​ជុំវិញ​ក្រុង​តេ​ហេ​រ៉​ង់​មាន​លក្ខណៈ​ជា​រង្វង់ ដោយ​ការ​រញ្ជួយ​ដី​ចុង​ក្រោយ​មួយ​មាន​កម្លាំង​៧,១​វី​ស្ទ័​រ ធ្វើ​ឱ្យ​រញ្ជួយ​ក្រុង​តេ​ហេ​រ៉​ង់​កាលពី​ឆ្នាំ​១៨៣០ ដោយ​បំផ្លាញ​បណ្តា​ជញ្ជាំង​វិមាន  GOLESTAN និង​អគារ​បេសកកម្ម​ការទូត​ចក្រភព​អង់គ្លេស ។ បើ​តាម​លក្ខណៈ​កងចក្រ ឬ​រង្វង់​នោះ​វា​មាន​លទ្ធភាព​ដែល​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​មានការ​រញ្ជួយ​ដី​មួយ​ធ្វើ​ឱ្យ​រញ្ជួយ​ក្រុង​តេ​ហេ​រ៉​ង់ ព្រោះ​ការ​រញ្ជួយ​ដី​កើត​មាន​រៀង​រាល់​២០០​ឆ្នាំ​ម្តង ។ លោក​បន្ត​ថា គេ​ពុំ​មាន​លទ្ធភាព​ធ្វើ​ការ​ព្យាករណ៍​ពី​ការ​ចាប់ផ្តើម​រញ្ជួយ​ដី​រយៈពេល​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​ម៉ោង​មុន​ឡើយ ។ លើ​ពិភពលោក​ទោះ​នៅ​សហរដ្ឋអាមេរិក​ឬ​ទោះ​នៅ​ជប៉ុន​ការ​ចាប់ផ្តើម​រញ្ជួយ​ដី​ពុំ​អាច​ធ្វើការ​ព្យាករណ៍​បាន​ច្បាស់​ឡើយ ។ មាន​តែ​មួយ​លើក​គត់​នៅ​ចិន ដែល​គេ​អាច​ព្យាករណ៍​ត្រូវ​ដោយ​ចៃដន្យ ។

អ្នក​ជំនាញការ​ខាង​ការ​រញ្ជួយ​ដី​នោះ​បន្ត​ថា លទ្ធភាព​នៃ​ការ​រញ្ជួយ​ដី​នៅ​ក្រុង​តេ​ហេ​រ៉​ង់​មាន​ខ្ពស់​គួរសម ។ ពុំ​មែន​ជា​ការ​ចៃដន្យ​ទេ​ដែល​យើង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ជាមួយ​ជប៉ុន​ដើម្បី​ពិនិត្យ​សកម្មភាព​នៃ​ការ​រញ្ជួយ​ដី​ដែល​អាច​កើត​មាននៅ​ក្រុង​តេ​ហេ​រ៉​ង់​។ ក្រោយ​ការ​ស្រាវជ្រាវ​រួម​មួយ​អភិបាលក្រុង​តេ​ហេ​រ៉​ង់ ធ្លាប់​ថ្លែង​ថា ក្រោយ​ការ​រញ្ជួយ​ដី​មួយ​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ចំនួន​ជន​រង​គ្រោះ​អាច​មាន​ដល់​ច្រើន​លាន​នាក់ ។ ទីក្រុង​នោះ​អាច​លុប​ចេញពី​ផែនទី ។

ប្រធានាធិបតី​អីុ​រ៉​ង់​បាន​ចាត់តាំង​រដ្ឋមន្ត្រី​៦​រូប​ឱ្យ​សិក្សា​របាយការណ៍​នានា​របស់​លោក AKKASHEH ហើយ​ក្រោយមក​បង្កើត​សេនាធិការ​វិបត្តិ​មួយ​ក្រោម​ការ​ដឹកនាំ​របស់​សាលា​ក្រុង ។ សាខា​គ្រប់គ្រង​វិបត្តិ​ក៏​បង្កើត​ដែរ​ក្នុង​គ្រប់​ខេត្ត​របស់​ប្រទេស ៕