ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​២​គ្រឿង​បុក​គ្នា​ខ្ទេច​ទាំង​សងខាង គាប​ជាប់​អ្នក​បើក​ក្នុង​កាប៊ី​ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​១​គ្រឿង​ម៉ាក MITSUBISHI បាន​បោះពួយ​យ៉ាង​លឿន​វ៉ា​រថយន្ត​ដែល​កំពុង​បើក​ស្របគ្នា​នៅ​ខាង​មុខជា​បន្តបន្ទាប់​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​បែន …

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​១​គ្រឿង​ម៉ាក MITSUBISHI បាន​បោះពួយ​យ៉ាង​លឿន​វ៉ា​រថយន្ត​ដែល​កំពុង​បើក​ស្របគ្នា​នៅ​ខាង​មុខជា​បន្តបន្ទាប់​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​បែន​១​គ្រឿង​ទៀត​ម៉ាក HYUNDAI ដែល​កំពុង​បើកបរ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត HYUNDAI គាប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រង​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​គាប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​នោះ​ឈ្មោះ ប៊ី ឃុន អាយុ​៥៥​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ថ្ម​កង់​៦​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3553 មាន​ទីលំនៅ​ក្នុងភូមិ​ស្លែង ឃុំ​រំពេរ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដោយ​មាន​យុវជន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​ព្រូ​រថយន្ត​មានឈ្មោះ ជិន សីហា អាយុ​១៧​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា មិន​មាន​របួស​នោះ​ឡើយ ។ ដោយឡែក​រថយន្ត​១​គ្រឿង​ទៀត​ដែល​ជា​ភាគី​បង្ក​ប្រភេទ​បែន​កង់​៦​ដូច​គ្នា ពណ៌​ស ម៉ាក MITSUBISHI ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0176 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ក្រោយ​កើតហេតុ​បាន​គេចខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ​រថយន្ត​បង្ក​ម៉ាក MITSUBISHI បើក​បោះពួយ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​វ៉ា​រថយន្ត​ដែល​កំពុង​បើកបរ​ស្របគ្នា​នៅ​ខាង​មុខ​រួច​រេ​ចង្កូត​ទៅ​បំណែក​ផ្លូវ​ម្ខាង​ទៀត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ថ្ម​ម៉ាក HYUNDAI ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ទាំង​២​គ្រឿង​គាប​ជាប់​គ្នា និង​គាប​អ្នកបើកបរ​រថយន្ត HYUNDAI ជាប់​ក្នុង​កាប៊ី​ន​រង​របួស​ជើង​ធ្ងន់ធ្ងរ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ទាំង​សងខាង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ប្រើ​ឧបករណ៍​ទៅ​វះកាត់​កាប៊ី​ន​រថយន្ត​ទាញ​យក​ចេញ រួច​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់ ដោយឡែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕