ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​កម្ពុជា​ទទួល​បទ​ពិសោធន៍​ពី​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ជប៉ុន​ជាមួយនឹង​ការ​​ភ្ញាក់​ផ្អើល

7 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ-ប្រទេស​ជប៉ុន ៖ យុវជន​កម្ពុជា​ចំនួន​២១រូប ដែល​ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី២៤ តុលា ២០១៦ ​កន្លង​ទៅ​នេះ ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ទី២៦ តុលា ២០១៦ ក្រុម​យុវជន​កម្ពុជា​ទាំងនោះ ​បាន​ចូល​ទស្សន

ទីក្រុង​តូ​ក្យូ-ប្រទេស​ជប៉ុន ៖ យុវជន​កម្ពុជា​ចំនួន​២១រូប ដែល​ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី២៤ តុលា ២០១៦ ​កន្លង​ទៅ​នេះ ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ទី២៦ តុលា ២០១៦ ក្រុម​យុវជន​កម្ពុជា​ទាំងនោះ ​បាន​ចូល​ទស្សន កិច្ច​នៅ​តំបន់ឧស្សាហកម្មក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ជប៉ុន និង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ទំហំសកម្មភាព និង​ប្រ​ព័ន្ធ​គ្រប់គ្រង​របស់​ជប៉ុន ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក្រុម​យុវជន​បាន​ទៅ​ទស្សនា​ផ្ទាល់ពី​ការ​លើកដាក់​ទំនិញនៅ​កំពង់​ផែ​យូ​កូ​ហា​ម៉ា ។ ក្នុង​នោះ​ដែរ​ ក្រុម​ការងារ​របស់​កំពង់​ផែ​នោះ បាន​បង្ហាញ​និង​រៀបរាប់​ពី​ដំណើរការ​នៅ​ក្នុង​កំពង់​ផែ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជប៉ុន ដែល​អាច​ចាត់​ទុក​ថា​ជា​កំពង់​ផែ​ចំណាត់ថ្នាក់​លេខ​២​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ កំពង់​ផែ​យូ​កូ​ហា​ម៉ា ជា​កំពង់​ផែ​សម្រាប់​ដឹក​ទំនិញ​ក្នុងស្រុក​ផង និង​ទំនិញ​​​ចេញចូល​ប្រទេស​ផង​ដែរ ដែល​កំពង់​ផែ​នេះ មាន​នាវា​ឆ្លងកាត់​ចន្លោះ​ពី​៥០​ ទៅ​៦០នាវាក្នុង​មួ​យស​ប្ដា​ហ៍ ។

តំណាង​កំ​ពង​ផែ​យូ​កូ​ហា​ម៉ា បាន​បញ្ជាក់​ថា កំពង់​ផែ​នេះ​ក្នុង​មួយ​ឆ្នាំ បើ​គិត​ជា​ចំនួន​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ២,៩​លាន​កុងតឺន័រ ក្នុង​នោះ ​មាន​នាវា​មក​ពី​កំពង់​ផែ សៀង​ហៃ ប្រទេស​ចិន កំពង់​ផែ​នៃ​បណ្ដា​ប្រទេស​អាស៊ានជាដើម ព្រោះ​កំពង់​ផែ​យូ​កូ​ហា​ម៉ា​ជា​កំពង់​ផែ​ទឹក​ជ្រៅ មាន​ជម្រៅ​ទឹក​រហូត​ដល់ ១៣​ម៉ែត្រ អាច​អោយ​នាវា​ធំ​ៗ​ចូល​ចត​បាន ។

លោក សន ធា​លី​ន យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ទស្សនកិច្ច​នោះ​ដែរ​បានអោយ​ដឹង​ថា លោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស​ជប៉ុន ព្រោះ​វា​មាន​លក្ខណៈ​ទំនើប និង​ទូលំទូលាយ បើ​ធៀប​នឹង​ប្រទេស​កម្ពុជា ជាក់ស្ដែង​ការ​រៀបចំ​និង​បែងចែក​ទំនិញ មាន​ភាព​ច្បាស់លាស់ ដែល​ផ្ដល់​នូវ​សុវត្ថិភាព ជូន​អតិថិជន ទាំង​ក្នុង និង​ក្រៅប្រទេស ។

លោក​បន្ត​ថា តាម​ការ​មើលឃើញ កំពង់​ផែន​របស់​ជប៉ុន​មួយ​នេះ មាន​ទំហំ​ធំ អាច​អោយ​នាវា​ធំ​ៗ​ចូល​ចត​បាន និង​អាច​ផ្ទុក​កុងតឺន័រ​បាន​ច្រើន ខុស​ប្លែក​ពី​កម្ពុជា ដែល​កំពង់​ផែន​នៅ​មាន​តូច​នៅឡើយ និង​មិន​អាច​អោយ​នាវា​ធំ​ៗ​ជា​ច្រើន​ចូល​ចត ក្នុង​ពេល​តែ​មួយ​បាន  បើសិនជា​ថ្ងៃ​អនាគត​កម្ពុជា អាច​ពង្រីក​កំពង់​ផែ​ខ្លួន​បាន​ធំ​នោះ វា​នឹង​ធ្វើ​អោយ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា កាន់តែ​រីក​ចម្រើន ងាយស្រួល និង​មាន​តម្លៃ​ថោក ។

លោក សែ​ម សុភា យុវជន​តំណាង​មក​ពី​កំពង់​ផែ​ស្វ័​យ​ក្រុងព្រះសីហនុ​បានអោយ​ដឹង​ដែរ​ថា តាម​អ្វី​ដែល​ដែល​បាន​មើលឃើញ​កំពង់​ផែ យូ​កូ​ហា​ម៉ា​មាន​ឧបករណ៍​សម្រាប់​លើកដាក់​ទំនិញ​ច្រើន ចំណែក​កម្ពុជា​មាន​តែ​ពីរ​ប៉ុណ្ណោះ ដូចនេះ​វា​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ ហើយ​ទំហំ​ផ្ទៃ​ផែ​របស់​កំពង់​ផែ​យូ​កូ​ហា​ម៉ា​ធំ​ខ្លាំង​ណាស់ ចឹ​ង​ហើយ​អាច​អោយ​វា​ផ្ទុក​កុងតឺន័រ​បាន​ច្រើន ជា​ពិសេស​មាន​នាវា​ច្រើន​អាច​ចូល​ចត  ក្នុង​ពេល​តែ​មួយ​បាន​។

គួរ​បញ្ជាក់​ថា យុវជន​កម្ពុជា​ចំនួន​២១ រូប​ដែល​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ពេល​នេះ មាន​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​ដូច​ជា កំពង់​​ផែ​ស្វយ័ត​ក្រុងភ្នំពេញ កំពង់​ផែ ស្វយ័ត​ក្រុងព្រះសីហនុ មក​ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ពី​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធន​ធាន​កម្ពុជា , អគ្គនាយកដ្ឋាន​កាំសាប នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន , សមាគម​រោងចក្រ​កាត់​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា​, សហភាព​សហ​ព​ន្ធ័​ស្រូវ​អង្ករ និង​តំណាង​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ផង​ដែរ ៕