ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​កីឡា​ជាតិ​នៅ​រសៀលស្អែក​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៨ តុលា ស្អែកនេះ ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​ធំ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ បន្ទាប់​ពី​អត្ត​ព​លិ​ក​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ប្រកួត​គ្នា​ជា​បណ្ដើរ​ៗ​តាំងពី​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៨ តុលា ស្អែកនេះ ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​ធំ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ បន្ទាប់​ពី​អត្ត​ព​លិ​ក​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ប្រកួត​គ្នា​ជា​បណ្ដើរ​ៗ​តាំងពី​ថ្ងៃ​ទី​២៥ ខែតុលា ។ ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នេះ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​អត្ត​ព​លិ​ក ​និង​ក្រុម​សិល្បៈ​ចម្រុះ​រហូត​ដល់​ខ្ទង់ពាន់​នាក់​បង្ហាញខ្លួន ។ ក្នុង​នោះ​អ្នក​ទស្សនា​ក៏​មាន​ចំនួន​មិន​ក្រោម​៦​ម៉ឺន​នាក់​ផង​ដែរ ទើប​អ្នក​ណា​ៗ​ក៏​មើលឃើញ​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​នៅ​កម្ពុជា​។

កាន់តែ​មានការ​អន្ទះសា​រទាំង​អត្ត​ព​លិ​ក និង​មហាជន​ទូទៅ​បន្ទាប់​ពី​ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​កំណត់​ធ្វើ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៨ តុលា​ ស្អែកនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ សិស្ស​-​និស្សិត និង​មន្ត្រីរាជការ​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​​ក្រុម​អត្ត​ព​លិ​ក និង​ក្រុម​អ្នក​សម្ដែង​ក៏​បាន​ត្រៀមខ្លួន​ប្រកបដោយ​មោទនភាព​ក្នុង​ការ​បង្ហាញ និង​បញ្ចេញ​ស្ទីល​សម្ដែង​ដើម្បី​រំលេច​ព្រឹត្តិការណ៍​បើក​សម្ពោធ​កម្មវិធី​ផង​ដែរ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រកាស​ថា ​នឹង​មាន​ទម្រង់​ដូច​គ្នា​នឹង​ការ​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា ​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ​ខាង​មុខ ​ទើប​មហាជន​ភាគច្រើន​សុទ្ធតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​ចំពោះ​ពិធី​បើក​សម្ពោធ​នា​រសៀល​ស្អែកនេះ ដោយ​ចង់​ដឹង​ថា ​នឹង​មាន​សភាព​អស្ចារ្យ ​និង​រស់​រវើក​កម្រិត​ណា ?

កីឡាការិនី ​ស៊ន សៀវ​ម៉ី នឹង​ក្លាយជា​អ្នក​កាន់​ភ្លើង​គុប​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​បើក​ពិធី ខណៈ​ដែល​ក្បួន​ដង្ហែ​ផ្សេង​ៗ​ក៏​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ឱ្យ​មាន​លក្ខណៈ​រស់​រវើក​ដូច​គ្នា​នឹង​ពិធី​បើក​សម្ពោធ​កីឡា​របស់​បណ្ដា​ប្រទេស​ធំ​ៗ​។ អ្នកចូលរួម​ទស្សនា​ពិធី​យ៉ាង​ហោច​ច្រើន​ម៉ឺន​នាក់​នា​រសៀល​នេះ ដោយ​ខាង​សមត្ថកិច្ច​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​សណ្ដាប់​ធ្លាប់​កុំឱ្យ​ស្ទះចរាចរណ៍​នៅ​បរិវេណ​ជុំវិញ​ប្រារព្ធ​ពិធី ។ ទស្សនីយភាព​ប្លែក​ៗ​ក៏​ត្រូវ​គេ​ត្រៀម​បង្ហាញ​ជូន​នៅ​ក្នុង​ពិធី​នោះ​ដើម្បី​ស្វាគមន៍​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។ កីឡាករ​ល្បុក្កតោ​ប្រមាណ​ជាង​៤០០​នាក់ ​ត្រូវ​បាន​គេ​បង្វឹក​ឱ្យ​បង្ហាញ​ក្បាច់គុន​នៅ​ពេល​ធ្វើ​ពិធី ដោយ​ការ​សម្ដែង​របស់​ក្បាច់គុន​នេះ នឹង​មាន​សភាព​លេចធ្លោ​ជាងគេ​ជាង​ឯង​នៅ​ក្នុង​កម្មវិធី​នោះ​ផង​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ជាតិ​នៅ​ថ្ងៃ​ទី​២៨ តុលា ស្អែកនេះ នឹង​មាន​អត្ត​ពលិកម​ក​ពី​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ចូលរួម ជា​ពិសេស​ក៏​មាន​បណ្ដា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ពិសេស​នឹង​មក​កុះករ​ផង​ដែរ​។ លោក​ថា គ្រាន់តែ​ការ​សម្ដែង​ល្បុក្កតោ​មួយ ​គឺ​មាន​កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ សិស្សានុសិស្ស និង​កីឡាករ​ កីឡាការិនី​ប្រមាណ​ជា​៤២០​នាក់​ចូលរួម​ទៅ​ហើយ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​សម្ដែង​របស់​ប្រភេទ​សិល្បៈ​ផ្សេង​ៗ​ដែល​បាន​ត្រៀមខ្លួន​នោះ​ផង ។ លោក​ថា នឹង​មាន​ពិធី​ដង្ហែ​ភ្លើង​គុប​ដោយ​កញ្ញា​ ស៊ន សៀវ​ម៉ី និង​ក្បួន​ដង្ហែ​គ្រប់​ប្រភេទ​កីឡា​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ។ ក្នុង​នោះ​ក្រុម​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ក៏​នឹង​បង្ហាញខ្លួន ​ដើម្បី​អបអរ​នៅ​ក្នុង​ពិធី​ទាំងមូល​ផង​ដែរ ។

លោក​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​កីឡា​ជាតិ​ដែល​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ធំ​មួយ​ដែល​រុញ​ឱ្យ​វិស័យ​កីឡា​ទទួល​បានការ​លើកទឹកចិត្ត និង​ធ្វើ​ឱ្យ​បណ្ដា​ភ្ញៀវ​ទេសចរ​ជាតិ ក៏​ដូច​ជា​អន្តរជាតិ​ឱ្យ​តម្លៃ​ប្រទេស​កម្ពុជា​ទ្វេ​ដង​តាម​រយៈ​ភាព​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ ។ លោក​​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​នឹង​ត្រូវធ្វើ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្ដង​ដូច​គ្នា​នឹង​ស៊ី​ហ្គេ​ម​ដែរ​ដើម្បី​ឱ្យ​មានបទពិសោធន៍​ក្នុង​ការ​រៀបចំ​មុន​ពេល​ប្រារព្ធ​កីឡា​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ​ផង និង​ដើម្បី​បណ្ដុះ​កីឡាករ​-​កីឡាការិនី​នៅ​ទូ​ទាំង​កម្ពុជា​ឱ្យ​មាន​សមត្ថភាព ​ដើម្បី​ចូល​ឆាក​អន្តរជាតិ​ទន្ទឹម​គ្នា​នោះ​ផង ។ អ៊ីចឹង​ហើយ​ទើប​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដែល​នឹង​បើក​ឆាក​នៅ​ពេល​បន្តិចទៀត​នេះ ត្រូវ​លោក​ប្រកាស​ថា មានការ​លើកទឹកចិត្ត​អត្ត​ព​លិ​ក​ក្មេង​ៗ​ច្រើន​ជាង​កីឡាករ​ល្បីឈ្មោះ ហើយ​មាន​វ័យ​ជ្រេ​នា​ពេល​បច្ចុប្បន្ន ។ លោក​ថា គោលបំណង​របស់​ព្រឹត្តិការណ៍​នេះ​ គឺ​ដើម្បី​ជ្រើស​យក​ជើង​ខ្លាំង​ទៅ​កាន់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដូច្នេះ​ចំពោះ​កីឡាករ​-​កីឡាការិនី​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ប្រកួត​ក៏​ត្រូវ​គិតដល់​អំឡុង​ឆ្នាំ​នោះ​ផង​ដែរ ដោយ​មិនមែន​អាង​ថា ឱ្យ​តែ​មាន​សមត្ថភាព​នា​ពេល​បច្ចុប្បន្ន​ ហើយ​ក៏​ផ្ដល់​ឱកាស​ឱ្យ​ចូល​ប្រកួត​ដោយ​មិន​គិត​ពី​ចំណុច​មួយ​នោះ​បាន​ឡើយ ។  យ៉ាងណា​ក៏​ដោយ លោក​ថា​ ការ​រៀបចំ​ជា​លើក​ទី​១​ នៅ​រសៀល​ថ្ងៃស្អែកនេះ នឹង​មាន​ខ្វះចន្លោះ​ដោយសារ​ការ​ត្រៀមខ្លួន​គឺ​មាន​រយៈពេល​ខ្លី បើ​ធៀប​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​ដូច​គ្នា​របស់​ប្រទេស​ជិតខាង ។ ប៉ុន្តែ​លោក​ថា វា​នឹង​ក្លាយជា​បទ​ពិសោធន៍​បន្តិច​ម្ដង​ៗ ​ដើម្បី​ឈាន​ទៅ​រក​ចំណុច​ល្អ​ឥត​ខ្ចោះ​នៅ​ឆ្នាំ​២០២៣ ក្នុង​ពេល​ប្រទេស​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ ។

ពិធី​សាកល្បង​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ចុង​ក្រោយ​ទទួល​បាន​ជោគជ័យ​ច្រើន
ពិធី​សាកល្បង​បើក​ការ​ប្រកួត​កីឡា​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ​តុលា កន្លង​មកនេះ ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​លើក​ទី​១ ដោយ​មាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ផង​ដែរ​ ដើម្បី​សុំ​សេចក្ដីសុខ​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​លើក​ចុង​ក្រោយ​ហើយ​នៃ​ពិធី​សាកល្បង​បើក​ការ​ប្រកួត​កីឡា​ជាតិ ព្រោះ​នៅ​ថ្ងៃ​ទី​២៨ តុលា ស្អែក គឺជា​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​ជា​ផ្លូវការ ​ដោយ​បានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នេះ​ពិធី​បើក​ការ​ប្រកួត​សាកល្បង​លើក​ទី​២​នេះ ​យើង​ទាមទារ​ឱ្យ​មានការ​ស៊ីសង្វាក់​គ្នា​គ្រប់​ផ្នែក​គ្រប់​ផែន​ទាំងអស់ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។

គួរ​រំលឹក​ថា ពិធី​សាកល្បង​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​ គឺ​មាន​លក្ខណៈ​ដូច​កាលពី​លើក​ទី​១​ដែរ​ ដោយ​មាន​បង្ហាញ​ក្បាច់គុន​របស់​កង​យោធពលខេមរៈភូមិន្ទ ការ​សម្ដែង​ក្បាច់ល្បុក្កតោ ការ​បង្ហាញ​កាយ​សម​ស្រប​របស់​គរុ​សិស្ស​មក​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ​និង​កីឡា ការ​សម្ដែង​សិល្បៈ​របស់​ក្រុម​សិល្បៈ​មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ការ​លោត​ឆត្រយោង​ដោយ​កងទ័ព​ពិសេស​ឆត្រយោង​៩១១​ នាំ​ទង់​កីឡា​ជាតិ ទង់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទង់​ក្រសួង​អប់រំ យុវជន ​និង​កីឡា ព្រមទាំង​ទង់ជាតិ​ខ្មែរ និង​មាន​ក្រុម​ត្រែទ័ព​ផ្លុំ​ដង្ហែ​ក្បួន​កីឡា​មក​ពី​២៥​រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន​២​ទៀត​ គឺ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ។

ពិធី​សាកល្បង​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​ ពិតជា​គួរ​ឱ្យ​កោតសរសើរ​យ៉ាង​ខ្លាំង​ព្រោះថា​ គ្រប់​ផ្នែក​ទាំងអស់​សុទ្ធតែ​ធ្វើ​បាន​ល្អ ​ទោះបី​នៅ​មិន​ទាន់​បាន​១០០%​ក្ដី ។ ដូច្នេះ​នៅ​ថ្ងៃ​បើក​ការ​ប្រកួត​ជា​ផ្លូវការ គេ​សង្ឃឹមថា នឹង​កាន់តែ​ធ្វើ​បាន​ល្អ​ក្រោម​ក្រសែភ្នែក​អ្នកចូលរួម​ទស្សនា​មិន​តិច​ជាង​៦០.០០០​នាក់​ឡើយ ។ ការ​ប្រកួត​កីឡា​ជាតិ​នេះ នឹង​ត្រូវធ្វើ​ឡើង​២​ឆ្នាំ​ម្ដង ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ។ ដូច្នេះ​ទម្រាំ​ដល់​ពេល​នោះ យើង​នៅ​សល់​ពេល​រៀបចំ​ធ្វើ​៣​ដង​ទៀត ៕