ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អង្គការគ្រួសារថ្មីម្នាក់​នៅប៉ោយប៉ែត​រំលោ.ភយកដី​សាធារណៈធ្វើជាកម្មសិទ្ឋិ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ ដីផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែង​នៅជាប់របងអង្គការគ្រួសារថ្មី ​មានទីតាំងជាប់ផ្លូវដើមពុទ្រា​ ស្ថិតក្នុង

ខេត្តបន្ទាយមានជ័យ​៖ ដីផ្លូវសាធារណៈរបស់រដ្ឋមួយកន្លែង​នៅជាប់របងអង្គការគ្រួសារថ្មី ​មានទីតាំងជាប់ផ្លូវដើមពុទ្រា​ ស្ថិតក្នុង​ភូមិក្បាលស្ពាន១​ សង្កាត់ និង ក្រុងប៉ោយប៉ែត​ ត្រូវបានក្រុមជនខិលខូចនាំគ្នាបំពានជាបន្តបន្ទាប់​ យកមកធ្វើជាផលប្រយោជន៍​កម្មសិទ្ឋិផ្ទាល់ខ្លួន​ ដោយពុំមានការខ្លាចច្បាប់​បន្តិចសោះឡើយ ។

តាមប្រភពបានឲ្យដឹងថា ​ជនដែលរំលោភបំពានទន្ទ្រានយកដីផ្លូវសាធារណៈ​របស់រដ្ឋមកធ្វើជាកម្មសិទ្ឋិនាពេលថ្មីៗនេះឈ្មោះ​ យ៉ាង ភេទប្រុស ​អាយុប្រមាណ៤០ឆ្នាំ ​ជាបុគ្គលិកបំរើការងារនៅក្នុងមូលនិធិខ្មែរទី១​(អង្គការគ្រួសារថ្មី)​ជួយកុមារកម្ពុជាទីទ័លក្រ មណ្ឌល​សង្គ្រោះកុមារតាមចិញ្ចើមផ្លូវ ។

សេចក្តីរាយការណ៍បានបន្តថាឈ្មោះ​ យ៉ាង ជាបុគ្គលិក​អង្គការខាងលើ ​បានបំពានយកដីផ្លូវលំសាធារណៈ​របស់រដ្ឋមួយខ្សែ ជាប់​របងឈាងខាងកើតផ្នែកខាងក្រោយ ​ទីតាំងអង្គការគ្រួសារថ្មី ​ពុះជាដីល្វែងសាងសង់​ជាបន្ទប់ជួលស្នាក់នៅរបៀបអនាធិបតេយ្យ យកមកធ្វើជា​ប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងរំភើយ ​ដោយមិនខ្វល់ពីសណ្តាប់ធ្នាប់​សង្គមនោះឡើយ ។

ជុំវិញការចោទប្រកាន់បុគ្គលិកអង្គការខាងលើ​ លោកស្រី ម៉ុក វ៉ាន់ជិត​ ប្រធាន​អង្គការគ្រួសារថ្មីប្រចាំក្រុងប៉ោយប៉ែត ​មិនអាចសុំ​ការ​បំភ្លឺបានទេនៅព្រឹកថ្ងៃទី២៧ ​តុលា ២០១៦នេះ​ ដោយទូរសព្ទ័របស់លោកស្រីទទួលការហៅ​ចូលបានហើយ​តែគ្មានអ្នកទទួល ។

ចំណែកលោក​ង៉ោ ម៉េងជ្រួន ​អភិបាលក្រុងប៉ោយប៉ែត​ បានប្រាប់តាមទូរសព្ទ័ឲ្យដឹងថា ​ដីផ្លូវលំសាធារណៈរបស់រដ្ឋមួយខ្សែនោះ គឺ​លោកទទួលស្គាល់ថា​ «ពិតជាមែន ​គេបានបំពានយកធ្វើជាកម្មសិទ្ឋិពិតមែន ​តែគ្មានបុគ្គណាម្នាក់មាន​សិទ្ឋិធ្វើលិខិត​កាន់កាប់​ស្រប​ច្បាប់នៅលើដីនោះបានឡើយ »។ ​លោកបន្តថា «ចំណែកសំណង់ទាំងនោះ ​ដែលពួកគេជាពលរដ្ឋបានសាងសង់​នៅលើដីផ្លូវនោះ ពេលណារដ្ឋត្រូវការអភិវឌ្ឍ ​ពង្រីកបើកផ្លូវគឺត្រូវតែវាយកម្ទេចចោល​ដោយគ្មានសំណងឡើយ »។

គួរកត់សម្គាល់ថា ​ដីផ្លូវលំរបស់រដ្ឋមួយខ្សែនោះ ​ត្រូវបានក្រុមប្រជាពលរដ្ឋដែល​ជាអ្នកមានអំណាចទឹកលុយ​ រួមទាំងមានមន្ត្រី​រាជ​ការ​មួយចំនួនតូចបានឃុបឃិតគ្នា​ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ​បំពានយកមកធ្វើជាកម្មសិទ្ឋិជាបន្តបន្ទាប់នាពេលកន្លងមក​ ដោយ​គេពុំដែលឃើញ​មានអស់លោកស្ថាប័នជំនាញ​ណាមួយចុះមកទប់ស្កាត់ម្តងណាឡើយ​ ​រហូតមកទល់ពេលនេះ​ផ្លូវលំមួយខ្សែនេះ​ត្រូវបានគេ​រំលោភ​​យកធ្វើជាកម្មសិទ្ឋិស្ទើរ​ទាំងស្រុងទៅហើយ ។

ប្រជាពលរដ្ឋមួយចំនួន​ដែលរស់នៅជាប់សងខាងផ្លូវលំមួយខ្សែនេះ​ បានទទូចសុំអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត​ដែលមានលោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ​ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ ​ក៏ដូចជាសម្តេចតេជោហ៊ុន សែន ​ជួយធ្វើយ៉ាង​ណា​រកដំដោះស្រាយ​បើកផ្លូវលំមួយខ្សែនេះឡើងវិញឲ្យបានទាន់ពេលវេលា ​ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរឆ្លងកាត់ ​បានដោយ​រលូន​ទៅថ្ងៃអនាគតផង ៕