ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ឃុំខ្លួន​មន្ត្រី​អា​ដ​ហុ​ក​៥​នាក់​ពាក់ព័ន្ធ​ពី​បទ​សូកប៉ាន់​សាក្សី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស និង​ប៉េ​ហ្ស៊ី នាំ​ខ្លួន​មន្ត្រី​អា​ដ​ហុ​ក​៥​នាក់​ …

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស និង​ប៉េ​ហ្ស៊ី នាំ​ខ្លួន​មន្ត្រី​អា​ដ​ហុ​ក​៥​នាក់​មក​ផ្ដិត​មេដៃ​ដើម្បី​បន្ត​ការ​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​សូកប៉ាន់​សាក្សី ដែល​បាន​ឆ្លង​រាលដាល​មក​ពី​រឿងរ៉ាវ​ស្នេហា​ក្រៅ​តម្រា​របស់​លោក កឹ​ម សុខា ជាមួយ​ស្រី​មុំ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា ឲ្យ​ដឹង​ថា តំណាង​អយ្យការ​បាន​ចោទប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស អា​ដ​ហុ​ក (ADHOC) ៤​រូប រួម​មាន​លោក នី សុខា​, លោក ណៃ វ៉ង់​ដា​, លោក យី សុខ​សាន និង អ្នក ស្រី លឹ​ម មុន្នី ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ចំណែក​អគ្គលេខាធិការ​រង គ​.​ជ​.​ប លោក នី ចរិយា និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​លោក​សឺ​ន សាលី (​គេចខ្លួន​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សមគំនិត​សូកប៉ាន់ សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​បញ្ជាក់​ថា បុគ្គល​ណា ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយ​ផ្ទាល់ ឬ​ប្រយោល នូវ​អំណោយ ជំនូន ការ​សន្យា ឬ​អត្ថប្រយោជន៍​អ្វីមួយ​ដើម្បី​មិន​ធ្វើ​ជា​សាក្សី ឬ​ផ្ដល់​សក្ខីកម្ម​ភូត​កុហក នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ ។ មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​ស្ដី​ពី​និយម​ន័យ នៃ​អ្នកសមគំនិត ត្រូវ​ចាត់​ទុក​ក្នុង​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា ដល់​ការ​ប៉ុនប៉ង ឬ​សម្រេច​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​នោះ ដោយ​ផ្ដល់​ជំនួយ ឬ​ការ​ឧបត្ថម្ភ​របស់​ខ្លួន ។ អ្នកសមគំនិត​នឹង​អាច​ត្រូវ​ផ្ដន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ត្រូវ​បាន​សម្រេច ឬ​បាន​ប៉ុនប៉ង ហើយ​អ្នកសមគំនិត នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ចារី​ដែរ ។

មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប និង​មន្ត្រី គ​.​ជ​.​ប ១​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះហៅ​មក​សាកសួរ​តាំងពី​ថ្ងៃ​ទី​២៧-២៨ ខែមេសា ឆ្នាំ​២០១៦​កន្លង​មក និង​ឈាន​ដល់​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមេសា រួច​បញ្ជូន​ទៅ​សាលាដំបូង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់​សាក្សី ជុំវិញ​សំណុំរឿង​លោក កឹ​ម សុខា និង​នាង ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ ហើយ​មេឃុំ​ម្នាក់​ឈ្មោះ ស៊ា​ង ចែត ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ផង​ដែរ នៅ​ក្នុង​បទ​សូកប៉ាន់​សាក្សី​នេះ ៕