ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ដាំ ហ៊ូ​សេន កំពូល​មេដឹកនាំ​ផ្តាច់​ការ​នៃ​តំបន់​អា​រ៉ាប់

7 ឆ្នាំ មុន

ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០០៥ តុលាការ​ពិសេស​របស់​អីុរ៉ា​ក់បាន​បើក​សវនាការ​ពិចារណា​រឿង​ក្តី​ដ៏​សំខាន់​មួយ​ជា​ប្រវត្តិសាស្ត្រ គឺ​ការ​ចោទប្រកាន់​សា​ដាំ ហ៊ូ​សេន និង​បក្សពួក​៧​នាក់​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​

ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០០៥ តុលាការ​ពិសេស​របស់​អីុរ៉ា​ក់បាន​បើក​សវនាការ​ពិចារណា​រឿង​ក្តី​ដ៏​សំខាន់​មួយ​ជា​ប្រវត្តិសាស្ត្រ គឺ​ការ​ចោទប្រកាន់​សា​ដាំ ហ៊ូ​សេន និង​បក្សពួក​៧​នាក់​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​មក​លើ​មនុស្សជាតិ ដោយ​បាន​សម្លាប់​ជនជាតិ​ឃើ​ត ចំនួន​១៤៨​នាក់ ធ្វើ​ទារុណកម្ម​លើ​ស្ត្រី និង​កុមារ និង​ចាប់ចង​មនុស្ស​រាប់រយ​នាក់​ដោយ​ខុសច្បាប់​នៅ​ក្រុង​ឌូ​ចា​អិុ​ល នៅ​ឆ្នាំ​១៩៨២​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០០៥ សា​ដាំ ហ៊ូ​សេន ត្រូវ​បាន​តុលាការ​សម្រេច​ថា​ពិតជា​មាន​កំហុស​មែន ហើយ​ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០០០៥ ។

ចូល​ចិត្ត​ធ្វើ​នយោបាយ
យោង​តាម​សៀវភៅ បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​របស់​លោក​គឹ​ម ចាន់​ណា បង្ហាញ​ថា សា​ដាំ ហ៊ូ​សេន កើត​នៅ​ឆ្នាំ​១៩៣៧ ក្នុង​គ្រួសារ​កសិករ​ដ៏​ស្តុកស្តម្ភ​នៃ​ខេត្ត​ទី​គ្រី​ត ។ គេ​ធំ​ដឹងក្តី​ឡើង​ក្នុង​បរិយាកាស​នយោបាយ​ដែល​កំពុង​តែ​ក្តៅ​គគុក ព្រោះ​ប្រទេស​អីុ​រ៉ា​ក់​នៅ​សម័យ​នោះ​ស្ថិត​ក្រោម​ការ​ជិះជាន់​នៃ​របប​ក្សត្រ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​នូ​រី អែ​ល​សា​អីុ​ល ជា​ព្រះ​បិតុលា​នៃ​ស្តេច​ហ្វៃ​សាល ត្រូវ​គេ​ផ្តល់​រហស្សនាម​ថា​«​មេ​ពេជ្ឈឃាត​នៃ​ក្រុង​បា​ដា​ត​» ។

សា​ដាំ ហ៊ូ​សេន បាន​ចូល​រៀន​ថ្នាក់មធ្យមសិក្សា​នៅ​សាលារៀន​ខាក ក្នុង​ក្រុង​បា​ដា​ត ។ បន្ទាប់​មក​គេ​ក៏​បន្ត​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​គែរ (Caire) រដ្ឋធានី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប ហើយ​ក៏​ត្រឡប់​មក​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​អាល់​មុ​ស​ស្ទេ​ន សេរី​យ៉ា ឯ​ទីក្រុង​បាក​ដា​ត​វិញ ។ នៅ​ពេល​មាន​អាយុ​២០​ឆ្នាំ គេ​បាន​ចូល​ជា​សមាជិក​គណបក្ស​បាត (Baath Party) ជា​គណបក្ស​នយោបាយ​ជាតិនិយម​ដែល​មាន​ឥទ្ធិពល​ក្នុង​បណ្តា​រដ្ឋ​អា​រ៉ាប់​ជា​ច្រើន ។ កងកម្លាំង​ទាហាន​ដែល​ដឹកនាំ​ដោយ​វរសេនីយ៍ឯក​អាប់​ឌុ​ល ការី​ម កា​សេ​ម បាន​ប្រើ​ចុង​អាវុធ​ផ្លូវ​រំលំ​របប​ព្រះមហាក្សត្រ ។ ចំណែក​គណបក្ស​បាត​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី ហើយ​នៅ​ឆ្នាំ​១៩៥៩ សា​ដាំ បាន​រួមគំនិត​ក្នុង​ការ​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​អាប់​ឌុល​ការី​ម កា​សេ​ម តែ​មិន​បាន​សម្រេច​ទើប​គេចខ្លួន​ទៅ​ប្រទេស​ស៊ី​រី និង​អេ​ហ្ស៊ី​ប ។

ការ​ឡើង​មក​កាន់​អំណាច
ក្នុង​ឆ្នាំ​១៩៦៣ នាយក​រដ្ឋមន្ត្រី​អាប់​ឌុ​ល ការី​មកា​សេ​ម បាន​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង ។ ឧត្តមសេនីយ៍​ម៉ូ​ហា​ម៉ាត់ អា​រេ​ហ្វ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​គណបក្ស​បាត បាន​ចូលរួម​ក្នុង​គណៈរដ្ឋមន្ត្រី ។ ក្នុង​ឆ្នាំ​ដដែល​នោះ​សា​ដាំ បាន​រៀប​ការ​ជាមួយនឹង​នាង​សាជី​ដា ដែល​ជា​សាច់ញាតិ​របស់​ខ្លួន ។ បន្ទាប់​មក​គណបក្ស​បាត​ក៏​មាន​ជម្លោះ​ខ្វែងគំនិត​គ្នា​ជាមួយ​រដ្ឋាភិបាល រហូត​ត្រូវ​បណ្តេញ​ចេញពី​រដ្ឋាភិបាល តែ​លុះដល់​ឆ្នាំ​១៩៦៨ គណបក្ស​បាត​ក៏​ដណ្តើម​អំណាច​បាន​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ
ផ្តួលរំលំ​ប្រធានាធិបតី​អា​រេ​ហ្វ ។ សា​ដាំ បាន​ទទួល​តំណែង​ជា​អនុ​ប្រធានាធិបតី និង​ជា​ឧត្តម​បញ្ជាការ​នៃ​កងទ័ព​អីុ​រ៉ា​ក់ ទើប​គេ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ជា​លំដាប់ ។ សា​ដាំ​ជា​អ្នក​កំណត់​នយោបាយ​ការ​បរទេស និង​ជា​តំណាង​ក្នុង​ពិធី​ការទូត ផ្សេង​ៗ ។ បន្ទាប់​ពី​កាន់​អំណាច​នៅ​ពីក្រោយ​ខ្នង​អស់​រយៈពេល​១១​ឆ្នាំ​មក សា​ដាំ​ក៏​ឡើង​កាន់​អំណាច​ដោយ​ខ្លួនឯង​តែ​ម្តង​ទៅ​។                          

ខិតខំ​អភិវឌ្ឍ​ប្រទេស
ទោះបីជា​សា​ដាំ​កំពូល​មនុស្ស​ផ្តាច់​ការ​ដែល​បាន​ចាប់ចង កាប់សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ក៏​ដោយ ប៉ុន្ដែ​គេ​បាន​តាំងចិត្ដ​យ៉ាង​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ទាន់សម័យ។ ប្រជាជន​អីុ​រ៉ា​ក់​គ្រប់​រូប​ក្រោម​អាយុ​៤៥​ឆ្នាំ ត្រូវ​តែ​ចេះអក្សរ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​គេ​ផាកពិន័យ ឬ​ចាប់​ឃុំ ។ ចំណែក​ជនជាតិ​អីុ​រ៉ា​ក់​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​និកាយ​ស៊ី​អាក់ សា​ដាំ បាន​បរិច្ចាគ​ជំនួយ​ដ៏​ច្រើន​ក្នុង​ការ​សាង​ព្រះ​វិហារ​អ៊ិ​ស្លា​ម និង​អគារ​ស្នាក់​នៅ​សម្រាប់​ជួយ​ជន​ក្រីក្រ ទន្ទឹម​នឹង​សា​ដាំ​ខ្លួនឯង​កាន់សាសនា​អ៊ិ​ស្លា​ម​និកាយ​ស៊ុ​នី​ហ៍ ។ សា​ដាំ ចង់ឱ្យ​ស្ដ្រី​មាន​សិទ្ធិ​សេរីភាព​ច្រើន​ជាង​មុន និង​ផ្ដល់​ឱកាស​ឱ្យធ្វើ​ការ​ក្នុង​តំណែង ខ្ពស់​ៗ ក្នុង​ជួរ​រដ្ឋាភិបាល និង​ឧស្សាហកម្ម ។ ក្រៅពី​នេះ​គេ​បាន​បញ្ញត្ដិ​ច្បាប់​តាម​បែប​សី្ទ​ម​ប្រទេស ដែល​ធ្វើ​ឱ្យ​អីុ​រ៉ា​ក់​ជា​ប្រទេស​តែ​មួយ​គត់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​(Persian Gulf)​ដែល​មិន​ប្រើ​ច្បាប់​អ៊ិ​ស្លា​ម​ក្នុង​ការ​គ្រប់គ្រង​ប្រទេស ។

សា​ដាំ បាន​ខំប្រឹង​ប្រែង​បង្កើត​លទ្ធិ​ជាតិនិយម ។ ជា​ញឹកញាប់​ណាស់​ដែល​គេ​តែង​ពោល​ដល់​សម័យ​បា​ស៊ី​យុន ដែល​ក្រុម​បា​ដា​ត​នា​សម័យ​នោះ ជា​មជ្ឈមណ្ឌល​កណ្ដាល​ផ្នែក​នយោបាយ សេដ្ឋកិច្ច​និង​វប្បធម៌​ប្រពៃណី​របស់​បណ្ដា​ប្រទេស​នៅ​អា​រ៉ាប់ ។ គេ​បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​របស់​អីុ​រ៉ា​ក់​កាលពី​សម័យ​មុន​សាសនា​អ៊ិ​ស្លា​ម​ថា​ជា​មេ​សូ​ប៉ូ​តា​មី (Mesopotamie)​ដែល​ជា​អារ្យធម៌​ដ៏​ចំណាស់​ក្នុង​សម័យ​បុរាណ ។ សា​ដាំ គឺ​ចង់​ប្រមូលផ្ដុំ​លទ្ធិ​អា​រ៉ាប់​និង​ជាតិនិយម​អីុ​រ៉ា​ក់ ឱ្យ​ចូល​គ្នា​តែ​មួយ ។

សា​ដាំ​ខ្លាច​កាំបិត​ចិត្ត​ដង​ឯង ?
នៅ​ក្នុង​សារមន្ទីរ​ជាតិ​ទីក្រុង​បា​ដា​ត មាន​ដាក់​តាំង​គ្រឿង​វាយ​អង្គុលីលេខ​២​គ្រឿង គឺ​គ្រឿង​វាយ​អង្គុលីលេខ​ដែល​សា​ដាំ និង​មិត្ដភក្តិ​ធ្លាប់​ប្រើ​សម្រាប់​វាយ​លិខិត​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​រាជា​និយម​ផ្តាច់​ការ ។ ក្រោម​ការ​គ្រប់គ្រង​របស់​សា​ដាំ ជនជាតិ​អីុរ៉ា​ក់​អាច​ទិញ​គ្រឿង​វាយ​អង្គុលីលេខ​បាន​លុះត្រាតែ​មាន​លិខិតអនុញ្ញាត​ជា​មុន ព្រោះ​សា​ដាំ មិន​ចង់ឱ្យ​អ្នក​ណា​ម្នាក់​នាំ​យក​វិធី​របស់​ខ្លួន​មក​ប្រើ​សម្រាប់​ផ្តួលរំលំ​ខ្លួនឯង​វិញ​ឡើយ ។

ឧត្តមគតិ​និង​នយោបាយ​ឈ្លានពាន
រដ្ឋាភិបាល​សា​ដាំ ហ៊ូ​សេន​បា​នប​ង្រា​ប​រាល់​សកម្មភាព​ណា​ដែល​ប្រឆាំង​នឹង​ខ្លួន​ជា​ពិសេស​ពួក​ជនជាតិភាគតិច ឬ​ក្រុម​សាសនា​ដែល​មាន​បំណង​ចង់​ទាមទារ​រ​សិទ្ធិ​សេរីភាព​ឬ​ចង់​គ្រប់គ្រង​ដោយ​ខ្លួនឯង ។ ក្នុង​ខណៈ​ខ្លួន​គឺជា​វីរបុរស​ដែល​ប្រជាជន​លើកតម្កើង និង​លេចធ្លោ​ក្នុង​បណ្តា​អ្នកដឹកនាំ​ពិភព​អា​រ៉ាប់ ក្នុង​ខណៈ​ដែល​ខ្លួន​បាន​ក្រោកឈរ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​គ្រាំ​ទ្រ​ដល់​ពួក​ប៉ា​លេ​ស្ទី​ន ព្រមទាំង​មាន​បំណង​ចង់​បង្រួប​បណ្ដា​ជាតិ​អា​រ៉ាប់​ទាំងអស់​ជា​ធ្លុង​មួយ​ផង​នោះ បាន​ធ្វើ​ឱ្យ​សា​ដាំ ហ៊ូ​សេន កាន់តែ​មាន «​មោទនភាព​ជ្រុល​» គួប​ផ្សំ​ទាំង «​គំនិត​ឈ្លានពាន​»​លាយឡំ​ផង​នោះ​បាន​ជំរុញ​សា​ដាំ​ឱ្យ​ក្លា​យមក​ជា​មនុស្ស​គ្រោះថ្នាក់ ហើយ​វា​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ជិតខាង ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត​បំផុត សូ​ម្បី​តែ​ប្រធាន​នា​ធិ​បតី ហាស់​សាត់ នៃ​ប្រទេស​ស៊ី​រី ដែល​មានគំនិត​ស្របគ្នា​ជាមួយនឹង​គណបក្ស​បាត​ពី​មុន​ក៏​ដោយ ។

ក្រោយ​ពី​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស (​សង្គ្រាម​រវាង​អីុ​រ៉ា​ក់​-​អីុ​រ៉​ង់​) នៅ​ឆ្នាំ​១៩៩១ សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​លើ​ពិ​ភ​លោក បាន​តាមដាន​សង្កេត​មើល សា​ដាំ​ហ៊ូ​សេន យ៉ាង​ប្រយ័ត្នប្រយែង​បំផុត ខ្លាចក្រែង​អីុ​រ៉ា​ក់​មាន​អាវុធ​ប្រល័យ​លោក​ដែល​មាន​អានុភាព​ខ្ពស់​នៅ​ក្នុង​កណ្តាប់ដៃ ។

សង្គ្រាម ៖ ចំណី​ដ៏​ឆ្ងាញ់​របស់​មេដឹកនាំ
«​អំណាច​តែង​ធ្វើ​ឱ្យ​មនុស្ស​ឈ្លក់​វង្វេង​»​។ ដោយសារ​តែ​មហិច្ឆតា​ចង់​ធ្វើ​ជា​មេ​ដឹង​នាំ​ដ៏​អស្ចារ្យ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស សា​ដាំ ក៏​សម្រេចចិត្ដ​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​អីុ​រ៉​ង់​ដោយ​បញ្ហា​ពូជសាសន៍  និង​ទំនាស់​ផលប្រយោជន៍​សេដ្ឋកិច្ច​រហូត​រាលដាល​ទំនាស់​ក្នុង​សាសនា​អ៊ិ​ស្លា​ម​ដូច​គ្នា រវាង​និកាយ​ស៊ុ​នី​ហ៍​និង​ស៊ី​អាក់ ។ សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​បាន​អូស​បន្លាយ​រហូត​ដល់​ទៅ​៨​ឆ្នាំ ។ អង្គការសហប្រជាជាតិ និង​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​មួយ​ចំនួន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​ទាំង​២​ឱ្យ​ចរចា​បញ្ចប់​សង្គ្រាម ព្រោះ​ទាំង​២​ប្រទេស​នេះ​សុទ្ធតែ​ជា​ប្រទេស​សំខាន់​ក្នុង​ការ​នាំ​ប្រេង​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ពិភពលោក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សា​ដាំ កាន់តែ​បង្ហាញ​ពី​ភាព​រឹងត្អឹង​លើស​មុន​ទៅ​ទៀត​។ ជនជាតិ​ឃើ​ត នៅ​ក្នុង​ប្រទេស​អីុរ៉​ង់​ត្រូវ​កងទ័ព​អីុរ៉ា​ក់​វាយប្រហារ​ដោយ​អាវុធ​គីមី​បណ្តាល​ឱ្យ​ស្លាប់​អស់​ជាង​៥០០០​នាក់​។ ក្រៅពី​នេះ​ទ័ព​អីុ​រ៉ា​ក់​នៅ​តែ​វាយ​ដណ្ដើម​យក​ទឹកដី​អីុរ៉​ង់​ជា​បន្ត ។ រហូត​ដល់​ឆ្នាំ​១៩៨៨ អីុរ៉ា​ក់​ក៏​យល់ព្រម​កិច្ច​ឈប់​បាញ់​គ្នា​តាម​សំណើ​របស់​អង្គការសហប្រជាជាតិ ។ អ្វី​ដែល​គួរ​ឱ្យ​អស់សំណើច​គឺ​ប្រទេស​ទាំង​ពីរ​សុទ្ធតែ​អួត​ថា «​ខ្លួន​ជា​អ្នក​ឈ្នះ​» ?

វិបត្ដិ​ដ៏​ធ្ងន់​ដែល​អីុ​រ៉ា​ក់​ត្រូវ​ទទួល​ពី​សង្គ្រាម គឺ​ការ​ហិនហោច​ផ្នែក​សេដ្ឋកិច្ច​ដែល​ទន្ទឹម​នឹង​ខ្លួនឯង​ជា​ប្រភព​ប្រេងកាត​រហូត​ដល់​១០%​ទូ​ទាំង​សាកលលោក បែរជា​ជំពាក់​បំណុល​បរទេស​ដល់​ទៅ​៧​ម៉ឺ​ន​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​វិញ ។ កា​រងល់​ងប់​និង​អំណាច កិត្តិយស និង​ដើម្បី​ចង់​រក្សា​ភាព​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​របស់​ខ្លួន​បាន​ជំរុញ​ឱ្យ​សា​ដាំ បង្ក្រាប​អ្នក​ប្រឆាំង​កាន់តែ​ឃោរឃៅឡើង​។

នៅ​ខែសីហា ឆ្នាំ​១៩៩០ សា​ដាំ បាន​សម្រេចចិត្ដ​វាយ​យក​ប្រទេស​គុយ​វ៉ែត​ដើម្បី​ប្រមូល​អណ្ដូង​ប្រេងកាត​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ។

ប្រទេស​គុយ​វ៉ែត ដែល​ទទួល​បានការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​អា​រ៉ាប់ និង​ពី​បណ្ដា​ប្រទេស​លោក​ខាងលិច​បាន​រួបរួម​កងកម្លាំង​ប្រឆាំង​នឹង​អីុ​រ៉ា​ក់ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​ប្រកបដោយ​កិត្យានុភាព​ខ្ពស់​ជាង​អីុ​រ៉ា​ក់ បាន​វាយ​បង្ក្រាប​កងទ័ព​របស់​សា​ដាំ ហ៊ូ​សេន​ឱ្យ​ចុះចាញ់់​ក្នុង​រយៈពេល​ត្រឹមតែ​៧​ខែ​ប៉ុណ្ណោះ ។

ហេតុ​អ្វី​បានជា​គេ​ត្រូវ​កម្ចាត់​សា​ដាំ ហ៊ូ​សេន
សហរដ្ឋអាមេរិក​សំអាង​ទៅ​លើ​ភាព​ស្របច្បាប់​របស់​អង្គការសហប្រជាជាតិ វាយប្រហារ​ទៅ​លើ​អីុ​រ៉ា​ក់ និង​ចាប់ខ្លួន​សា​ដាំ បាន​នៅ​ថ្ងៃ​ទី​១៣​ខែធ្នូ ឆ្នាំ​២០០៣ និង​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រួមគំនិត​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​វិនាសកម្ម​លើ​អគារ​ភ្លោះ​វើ​ល​ទ្រេត​សិន​ទ័​រ (Word Trade Ceter) កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ហើយ​នៅ​បាន​ពិចារណា​ឃើញ​ទៀត​ថា សា​ដាំ គឺជា​បុគ្គល​ដ៏​មាន​គ្រោះថ្នាក់​ចំពោះ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស និង​ចំពោះ​ប្រភព​ប្រេងកាត​ដែល​ខ្លួន​ត្រូវ​ប្រើប្រាស់​ក្នុង​តំបន់​នេះ ។ ក្រៅពី​នេះ អំណោយផល​ខាង​ភូមិសាស្ត្រ​បាន​ធ្វើ​ឱ្យ​អីុ​រ៉ា​ក់ កាន់តែ​មាន​តួនាទី​ដ៏​សំខាន់ ជា​ពិសេស​គឺ​ការត​ភ្ជាប់​បំពង់​បង្ហូរ​ប្រេង​ពី​សមុទ្រ​កា​ស្ពៀន​(Caspian) នោះ​ឯង ។ ទំនាស់​រវាង​អា​មេ​រិ​ក​និង​អីុ​រ៉ា​ក់​ជា​ការ​ប៉ះពាល់​ដ៏​ធ្ងន់​ចំពោះ​ស្ថិរភាព​របស់​មជ្ឈិម​បូព៌ា​ដល់​បរិមាណ​ការ​ផលិត និង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក រួម​ទាំង​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ពិភពលោក​ផង​ដែរ ។

ព្រឹត្តិការណ៍​សំខាន់​ៗ
កើត​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​១៩៣៧ ។
ឆ្នាំ​១៩៥៩ ចូលរួម​ក្នុង​សកម្មភាព​ធ្វើឃាត​នាយក​រដ្ឋមន្ត្រី​ការី​ម កា​សេ​ម ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ទើប​ភៀសខ្លួន​ទៅ​ប្រទេស​ស៊ី​រី និង​អេ​ហ្ស៊ី​ប ។
ឆ្នាំ​១៩៦៣ ការី​ម កា​សេ​ម ត្រូវ​គេ​ដកហូត​អំណាច​បាន គណបក្ស​បាត បាន​ចូលរួម​ក្នុង​គណៈរដ្ឋមន្ត្រី ។ សា​ដាំ រៀប​ការ​ជាមួយ​កញ្ញា​សាជី​ដា ជា​សាច់ញាតិ ។
ឆ្នាំ​១៩៦៨ បាន​ទទួល​តំណែង​ជា​អនុ​ប្រធានាធិបតី​ក្រោយ​ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ម៉ូ​ហា​ម៉ាត់ អា​រេ​ហ្វ ចេញពី​តំណែង និង​ទទួល​តំណែង​ជា​មេបញ្ជាការ​កងទ័ព ។
ឆ្នាំ​១៩៧៩ ឡើងជា​មេដឹកនាំ​ប្រទេស ។
បញ្ជា​ឱ្យ​វាយលុក​ចូល​ប្រទេស​គុយ​វ៉ែត នៅ​ខែសីហា ឆ្នាំ​១៩៩០ ។
សហរដ្ឋអាមេរិក​សំអាង​ភាព​ស្របច្បាប់​របស់​អង្គការសហប្រជាជាតិ វាយប្រហារ​មក​លើ​អីុរ៉ា​ក់​នៅ​ឆ្នាំ​២០០៣ ។ សា​ដាំ​ត្រូវ​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០០៣ ។
ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ សា​ដាំ ហ៊ូ​សេន ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០០៥ ៕