ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីចោរប្លន់ផ្ទះលក់គ្រឿងទេសក្បែរចិញ្ចើមផ្លូវមួយកន្លែង កាលពីវេលាម៉ោង០៨យប់ថ្ងៃទី២៦ តុលា ២០១៦ ស្ថិតនៅចំណុចភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយត្រូវជនមិនស្គាល់មុខ២នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ដោយប្រើកាំបិតប៉័ងតោ សំឡុតយកប្រាក់អស់យ៉ាងច្រើន រួចរត់គេចខ្លួនអស់ ។
ប្រភពឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើ ស្ត្រីជាប្រពន្ធឈ្មោះវ៉ន សូវៀត អាយុ២៨ឆ្នាំ មានប្តីឈ្មោះមឿន វីរៈ អាយុ៣១ឆ្នាំ ជាអ្នកលក់គ្រឿងទេសនៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពពីស្ត្រីម្ចាស់ផ្ទះបានអះអាងប្រាប់សមត្ថកិច្ចថា ក្រុមចោរមានគ្នា២នាក់យកកាំបិតប៉័ងតោភ្ជង់នឹងក.របស់គាត់ និងគំរាមសំឡុតយកប្រាក់ខ្មែរប្រហែល៥លានរៀល, ប្រាក់បាត៥ពាន់បាត, ចិញ្ចៀនប្លាទីន១, ខ្សែដៃប្លាទីន១ និងកាតទូរស័ព្ទចម្រុះចំនួន១០០សន្លឹកផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស៊ើប និងស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងនោះហើយ ។ តែប្រភពទទួលបានចុងក្រោយថា ករណីនេះ កំពុងមានការសង្ស័យច្រើនដែលអាចជាករណីបំភ្លៃ បន្ទាប់ពីសមត្ថកិច្ចសាកសួរតាមជំនាញ ទៅលើម្ចាស់ផ្ទះរងគ្រោះ ក៏បានបែកធ្លាយរឿងជនរងគ្រោះមានជំពាក់ប្រាក់គេ ហើយក្រោយពេលកើតហេតុនោះ គ្មានអ្នកជិតខាងណាដឹងរឿងនិងផ្អើលនោះទេ ។
តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតឱ្យបានដឹងច្បាស់ ។
ចែករំលែកព័តមាននេះ