ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ចុះ​បង្ក្រាប​២​ថ្ងៃ​ជាប់​គ្នា បទល្មើស​នេសាទ​កក្រើក​ឡើង​លើស​ដើម

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ចម្រុះ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នៅ​លើ​ផ្ទៃ​បឹង​ក្នុងស្រុក​ពញាឮ ស្រុក​ខ្សាច់កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ចម្រុះ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នៅ​លើ​ផ្ទៃ​បឹង​ក្នុងស្រុក​ពញាឮ ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្តាល​នា​ពេល​កន្លង​មកនេះ គេ​សង្កេត​ឃើញ​បទល្មើស​នេសាទ​ឡុ​ក​ស្បៃ​មុង​ដែល​ប្រព្រឹត្ត​ដោយ​ពួក​ឈ្មួញ​ធំ​ៗ មាន​ទាំង​ខ្មែរ និង​វៀតណាម បាន​កក្រើក​ឡើង​វិញ​យ៉ាង​ស្អេកស្កះ​ពាសពេញ​លើ​ផ្ទៃ​បឹង​លើស​ដើម​។

ការ​ផុស​ឡើង​នៃ​បទល្មើស​នេសាទ​បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ចម្រុះ​ខេត្ត​ចុះ​បង្ក្រាប​នា​ពេល​កន្លង​មកនេះ ដោយសារ​តែ​មាន​មន្ត្រី​ជំនាញ អាជ្ញាធរ​សមត្ថកិច្ច​ថ្នាក់​ក្រោម គ្រប់​ស្ថាប័ន​បាន​ឃុបឃិត​គ្នា​ជា​ប្រ​ព​ន្ធ័​នៅ​ពី​ខាងក្រោយ​ខ្នង​នៃ​បទល្មើស​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ៗ នៅ​លើ​ផ្ទៃ​បឹង​ត្រង់​ចំណុច​បឹង​អន្លង​គុ​ជ បឹង​អន្លង់​ក្រពើ បឹង​ត្រឹប​ខ្លា ស្រុក​កៀនស្វាយ បឹង​អតីត​ឡូត៍​នេសាទ​លេខ ៣.៤.៥.៦.៧ ស្រុក​ស្អាង ស្រុក​កោះធំ និង​ស្រុក​លើក​ដែក មួយ​ចំនួន​បាន​ប្រើ​ពាក្យ​សម្តី​ទាំង​អំនួត​ដាក់​អ្នកកាសែត​ថា ពួក​គេ​ដាក់​នេះ​គឺ​បាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ម្នាក់​ចាប់ពី​១៥​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​។

ដោយ​ខ្លះ​យក​ទៅ​ប្រគល់​ឲ្យ​ផ្ទាល់​ដៃ ខ្លះ​ទៀត​ក៏​វេ​តាម​វី​ង​ឲ្យ​ហើយ​ត្រឹម​អ្នកកាសែត​កំប៉ិកកំប៉ុក អត់​មាន​កាំភ្លើង​ផង មក​ថត​ពួក​គេ​មានអី​ត្រូវ​ខ្លាច គឺ​ខ្លាច​តែ​មន្ត្រី​ជំនាញ​ជលផល និង​សមត្ថកិច្ច​មាន​អាវុធ​តែ​ប៉ុណ្ណោះ ចុះបើ​ជំនាញ​សមត្ថកិច្ច​ថ្នាក់​ក្រោម​គ្រប់​ស្ថាប័ន​ពួក​គេ​បង់លុយ​ឲ្យ​អស់ហើយ​មានអី​ត្រូវ​ខ្លាច ទោះបី​ថ្នាក់លើ​ដែល​មិន​ស្គាល់​ភូមិសាស្ត្រ​ចុះ​មក​បង្ក្រាប​ក៏​ថ្នាក់​ក្រោម​ប្រាប់​ឲ្យ​សារ​ឡើង ឬ​ពន្លិច​ទៅ​បាតដី​រួច​ពួក​គេ​(​មន្ត្រី​ថ្នាក់​ក្រោម​)​អ្នក​បើកទូក​យី​ខេ​នាំ​ផ្លូវ​បើក​ពង្វាង​សំដៅ​ទៅ​សា​របស់​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្បែរ​ៗ​ខាង ឬ​អ្នក​ដែល​មិន​បាន​បង់លុយ​ឲ្យ​ពួក​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ទាំងនោះ​យក​មក​ដុត​កម្ទេច​ដើម្បី​បំភ័ន្ត​ភ្នែក​ថ្នាក់លើ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ថ្នាក់លើ​ធ្លាប់តែ​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់​ស្រួលខ្លួន​មិន​ដែល​ចុះ​មក​នៅ​ហាលថ្ងៃ ហាលខ្យល់ ក្នុង​បឹង​បាន​យូរ​ទេ យ៉ាងច្រើន​បាន​ត្រឹមតែ​២​ទៅ​៣​ថ្ងៃ​ឡើង​ទៅ​វិញ​បាត់​អស់ហើយ ហើយ​ពួក​គេ​ចាំតែ​ស្តាប់​សំឡេង​ទូរ​សព្ទ័​ពី​មន្ត្រី​ថ្នាក់​ក្រោម អ្នក​នាំ​ផ្លូវ​ប្រាប់​ឲ្យ​ដាក់​ឬ​លើក​ឡើង​វិញ​រួច​ជា​ស្រេច​។ ដោយសារ​តែ​មាន​ក្រុម​មន្ត្រី​ពុក​រលួយ​ខិលខូច​ថ្នាក់​ក្រោម​មួយ​ចំនួន​លួច​ឃុបឃិត​គ្នា​ជា​ប្រ​ព​ន្ធ័​បង្កើត​បទល្មើស​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ថ្នាក់លើ​ចុះ​មក​បង្ក្រាប់​ម្តង​ៗ​មិន​ដែល​ចាប់​បាន​របស់​ពួក​ឈ្មួញ​ធំ​ៗ​មាន​ទាំង​ខ្មែរ និង​វៀតណាម ដាក់​ទឹក​ជម្រៅ​៤​ទៅ​៥​ម៉ែត្រ សុទ្ធតែ​ឧបករណ៍​ទំនើប​ៗ​ដាក់​រាប់​គីឡូ​ដី​បំ​ផ្លិ​ញ​បំផ្លាញ​កូន​មច្ឆជាតិ​ឲ្យ​វិនាស​ហិនហោច​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​តោន បង្ក្រាប​មិន​ដែល​បាន បែរជា​បង្ក្រាប​បាន​តែ​របស់​ពលរដ្ឋ​ដាក់​តូចតាច​ទឹក​រាក់​ៗ​។

ទ​ង្វើ​បង្ក្រាប​បទល្មើស​នេសាទ​មិន​ស្មើភាព​គ្នា​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​មន្ត្រី​ថ្នាក់លើ ជា​ពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សតិអារម្មណ៍​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​។ ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ឃុបឃិត​គ្នា​ជា​ប្រ​ព​ន្ធ័​នេះ ក្រៅពី​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​យក​លុយ​ពី​ដៃ​សៃយ៉ឺន​ស្បៃ​មុង និង​នាំ​ជនជាតិ​វៀតណាម​មក​នេសាទ​ខុសច្បាប់​ហើយ​នោះ ក៏​នៅ​មានការ​ឃុបឃិត​គ្នា​ដើរ​ប្រមូល​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ផល​នេសាទ​ផ្សេង​ៗ​ដូច​ជា​កូន​ត្រី​ល្អិត​តូច​ៗ​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ​និង​ពួក​ឈ្មួញ​ដឹក​សត្វព្រៃ​ពស់ អណ្តើក ជាដើម​។ នៅ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង​គឺ​សុទ្ធតែ​បាន​បង់លុយ​ដាក់​ខែ ឬ​ឆ្នាំ​ឲ្យ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ទាំងអស់​។

ទាក់ទិន​ការ​រិះគន់​ខាងលើ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​តាម​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា​នេះ​ថា ពាក់​ព​ន្ធ័​បទល្មើស​អ្វី​ក៏​ដោយ ការ​បង្ក្រាប​មិន​ចេះ​អស់​ទេ ហើយ​ទទួលស្គាល់​បទល្មើស​នេសាទ​នៅ​តែ​កើត​មានការ​បង្ក្រាប​ដូច​ជា​វែក​ចក​។ ប៉ុន្តែ​លោក​សូម​ច្រានចោល​ចំពោះ​ការ​ចោទ​មន្ត្រី​ជលផល​ពាក់​ព​ន្ធ័​យក​លុយ​ពី​បទល្មើស​និង​ករណី​រើសអើង​ក្នុង​ការ​បង្ក្រាប​បទល្មើស​ថា បង្ក្រាប​តែ​អាតូច អាធំ​មិន​បង្ក្រាប​មិន​មាន​ទេ ហើយ​រូប​លោក​និង​បន្ត​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ស្រុក​ចុះ​បង្ក្រាប​ជា​ប្រចាំ​។ ចំពោះ​ការ​ដឹក​ជញ្ជូន​បទល្មើស​ជលផល​ផ្សេង​ៗ​ចាំ​រូប​លោក​ចុះ​អង្កេត​មើល​ច្បាប់​អនុញ្ញាត ហើយ​លោក​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​សហ​ការណ៍​បន្ត​ទៀត​។​លោកនាយ​ខណ្ឌ​ប្រាប់​ថា ការ​ចុះ​បង្ក្រាប​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​គឺ​លោក​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់ ២​ទៅ​៣​ពាន់​ដុល្លារ​ហើយ​៕