ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​សារ​កូនភ្លោះ​៣​នាក់​ទី​៣០១ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្ដេច​តេ​ជោ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រួសារ​មានកូន​ភ្លោះ​ចាប់ពី​៣​នាក់​ឡើង​ទៅ ត្រូវ​បាន​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់​ទុក​ថា​ជា​កូន

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រួសារ​មានកូន​ភ្លោះ​ចាប់ពី​៣​នាក់​ឡើង​ទៅ ត្រូវ​បាន​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់​ទុក​ថា​ជា​កូន ឬ​ជា​ចៅ​សម្ដេច​។ ឯកឧត្ដម សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ចុះ​សួរសុខទុក្ខ និង​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ផ្ដល់​ជូន​គ្រួសារ​សម្រាលកូន​ដំបូង បានកូន​ភ្លោះ​៣​នាក់ ដែល​មាន​ឪពុក​ឈ្មោះ សេក សា​អ៊ី​ម ជនជាតិ​ខ្មែរ អាយុ​៣៤​ឆ្នាំ និង​ម្ដាយ ប្រាក់ កញ្ញា ជនជាតិ​ខ្មែរ អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​នៅ​អាហារ​ដ្ឋា​ន​នៅ​ក្រុងព្រះសីហនុ មាន​ទីលំនៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​។

នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦​។ ឯកឧត្ដម បាន​មាន​ប្រសាសន៍​ថា នេះ​ជា​អំណោយ​មនុស្សធម៌​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្ដ​ព្រឹទ្ធ​បណ្ឌិត​ផ្ទាល់ មិនមែន​ជា​អំណោយ​រាជរដ្ឋាភិបាល ឬ​គណៈ​បក្សនយោបាយ​ទេ គឺជា​អំណោយ​មនុស្សធម៌​របស់​សម្ដេច​ទាំង​ពីរ​ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មានកូន​ភ្លោះ​៣​នាក់ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។ ឯកឧត្ដម​បន្ដ​ថា អំណោយ​មនុស្សធម៌​នេះ មាន​ថវិកា​ចំនួន​៤​លាន​រៀល ទឹកដោះគោ​២​កេះ សា​រ៉ុ​ង​២ ក្រមា​២ ក្នុង​នោះ​អភិបាល​ក្រុងព្រះសីហនុ​ចូលរួម​បន្ថែម ១០០​ដុល្លារ និង​អភិបាលខេត្ដ​ព្រះ​សីហ​នុ អង្ករ​២០០​គីឡូក្រាម​ទៀត​ផង​។

គួរ​រំឭក​ផង​ដែរ​ថា នៅ​ខេត្ដ​ព្រះ​សីហ​នុ តែងតែមាន​សប្បុរសជន​ស្រឡាញ់​ការងារ​មនុស្សធម៌ បាន​បន្ដ​ចូលរួម​ក្នុង​ការ​ធ្វើ​ទាន​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ជួប​ឧប្បទ្ទវហេតុ​ផ្សេង​ៗ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ​នេះ​តែ​ម្ដង​។ គ្រួសារ​កូនភ្លោះ​៣​នាក់​នេះ ក៏​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន នៅ​ពេល​ដែល​កំពុង​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។ គួរ​បញ្ជាក់​ថា កូនភ្លោះ​ទាំង​បី​ខាងលើ​បាន​សម្រាល​ដោយ​ការ​វះកាត់ នៅ​វេលា​ម៉ោង​៧​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហ​នុ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ទាំង​ម្តាយ និង​ទារក​មាន​សុខភាព​ជា​ប្រក្រតី​៕