ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​ពេល​ស៊ីឈ្នួល​រាស់​ដី​ឱ្យ​អ្នក​ភូមិ​ជាន់​ត្រូវ​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក

1 ឆ្នាំ មុន
  • ប៉ៃលិន

បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ពេល​ស៊ីឈ្នួល​រាស់ (​វា​.​យ​) ដី ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ លុះ​បើកបរ​ចុះឡើង​ៗ ក៏​ស្រាប់តែ​ជាន់​ពីលើ​មីនតោន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ពេល​ស៊ីឈ្នួល​រាស់ (​វា​.​យ​) ដី ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ លុះ​បើកបរ​ចុះឡើង​ៗ ក៏​ស្រាប់តែ​ជាន់​ពីលើ​មីនតោន​ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​កក្រើក​រង​របួសធ្ងន់ និង​ខូច​ត្រាក់ទ័រ​ខ្ទេច​ទាំងស្រុង​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ប្រជាពលរដ្ឋ​ស៊ីឈ្នួល​រាស់​ដី (​វា​.​យ​) ដី ជាន់​លើ​គ្រាប់​មីនតោន​ផ្ទុះ​រង​របួសធ្ងន់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​បន្ទាយ​យោធា ស្រែ​ម្អម ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ មឿ​ន សិលា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​បើក​ត្រាក់ទ័រ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រង​របួស​ដាច់​ជើង​ខាងឆ្វេង របួស​ពេញ​ដងខ្លួន និង​បែកក្បាល ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ខាងលើ បាន​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​វា​.​យ​ដី ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ម្នាក់​ឈ្មោះ ឃួ​ន សុធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ជា​អ្នក​ជួល​ដីស្រែ​ពី​អ្នក​ភូមិ​ផ្សេង​ទៀត​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​រាស់​ដី​តាំងពី​ព្រឹក រហូត​ដល់​ម៉ោង​១១ ស្រាប់តែ​ត្រាក់ទ័រ​ផុង​ដី​សើម​ក្បែរ​ភ្លឺស្រែ បណ្តាល​ឱ្យ​កង់​លិចទៅ​ប៉ះ​ជាមួយនឹង​គ្រាប់​មីនតោន ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម​កប់​ក្នុង​ដី បណ្តាល​ឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ប្រភព​ដដែល​បញ្ជាក់​ថា ហើយ​គ្រានោះ ជន​រង​គ្រោះ​បាន​ខ្ទាត​ចេញ​ពីលើ​ត្រាក់ទ័រ​ជា​ច្រើន​ម៉ែត្រ សន្ល​.​ប់​នៅ​លើ​វាលស្រែ​តែ​ម្តង​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយសារ​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​ប្រញាប់​ដឹក​ជន​រង​គ្រោះ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។

សូម​បញ្ជាក់​ថា ៖ នៅ​ត្រង់​ចំណុច​ដីស្រែ​ខាងលើ ត្រូវ​បាន​គេ​រាវរក​គ្រាប់​មីន​រួចរាល់​អស់ហើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា យូរ​ៗ​ម្តង ស្រាប់តែ​មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​រង​របួស និង​ខូចខាត​ត្រាក់ទ័រ​អស់​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចរអារ​យ៉ាង​ខ្លាំង ក៏​សំណូមពរ​ឱ្យ​ខាង​ក្រុមការងារ​កំចាត់​មីន ចុះ​ទៅ​ពិនិត្យ និង​រាវរក​គ្រាប់​មីន​បន្ត​ទៀត ដើម្បី​ជួយ​ដល់​កសិករ​ឱ្យ​មាន​សុវត្ថិភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ