ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្លែង​ឯកសារ​លក់​ដី​គេ ជា​រឿង​សម្ល​កំ​ពិស ម្ល៉ោះហើយ​កំពុង​រត់ការ​ដោះ​លែង

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ដែល​ជន​ជំនាញ​ខាង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​ម្នាក់ ត្រូវ​បាន​តំណាង​អយ្យការ និង​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​

ខេត្តកំពង់ស្ពឺ ៖ អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ដែល​ជន​ជំនាញ​ខាង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​ម្នាក់ ត្រូវ​បាន​តំណាង​អយ្យការ និង​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​។

យោង​តាម​របាយការណ៍​ដែល​អ្នក​យក​ព័ត៌មាន​យើង​ទទួល​បាន គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈ្មោះ យឹ​ម ចាន់​ថន ពិតជា​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ និង​ក្លែង​លិខិត​ផង​ដែរ​។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបសួរ​បន្ត​ទៀត​។

ក្នុងអំឡុងពេល​ដែល​ចៅក្រម​កំពុង​តែ​បើក​ការ​ស៊ើបសួរ​នេះ មាន​មន្ត្រី​មួយ​រូប ដែល​ម្នាក់​ត្រូវ​បាន​ប្រភព​បង្ហើប​ឱ្យ​ដឹង​ថា ជា​នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ខ្នះខ្នែង​រត់ការ​ជាមួយ​ស្ថាប័ន​នគរបាល ក៏​ដូច​ជា តុលាការ ដើម្បី​កុំអោយ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ដាក់​ពន្ធនាគារ ឬ​មន្ទីរឃុំឃាំង ដោយ​ពួក​គេ​ហាន​ចំណាយ​ប្រាក់​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ​ឯណោះ ព្រោះ​យក​ដី​គេ​លក់​បាន​ច្រើន​ណាស់ ចែក​គ្នា​ដូច​សម្ល​រកំ​ពិស ។

តែ​ទោះបីជា​យ៉ាងនេះ​ក្តី ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​មន្ត្រី​រូប​នោះ ហាក់​មិន​ទទួលលទ្ធផល​ល្អ​ប្រសើរ​ឡើយ អ្វី​ដែល​ជា​ការ​កត់សម្គាល់ និង​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​នោះ គឺ​ហេតុ​អ្វី​បានជា​លោក​ម្នាក់​នេះ ខ្នះខ្នែង​ដើម្បី​ជួយ​រត់ការ​ឲ្យ​ជនសង្ស័យ​ឈ្មោះ យឹ​ម ចាន់​ថន​នេះ បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់ និង​រួច​ពី​ពន្ធនាគារ​បែប​នេះ?។

យោង​តាម​ប្រភព​ដែល​ស្និ​ទ្ធិ​ក្នុង​សាច់​រឿង​នេះ ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា «​លោក​អភិបាលរង​ស្រុក​ឈ្មោះ កង បុ​ន​ណាត ក៏​មាន​ដី​ពាក់ព័ន្ធ​នៅ​ក្នុង​សាច់​រឿង​របស់​ជនសង្ស័យ​ឈ្មោះ ញឹ​មចាន់​ថន​នេះ​ដែរ តែ​លោក កង បុ​ន​ណាត មិន​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​នោះ​ទេ គឺ​ដាក់​ឈ្មោះ​ក្រុម​គ្រួសារ​ម្នាក់ ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​គាត់​ជា​ច្រើន​នាក់ ។ ទោះបីជា​បែប​នេះ​ក្តី សមត្ថកិច្ច​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​អ្នក​ដែល​ឈរ​ជា​ម្ចាស់​ដី​ចំនួន​៤​ហិ​កតា​នោះ​ទេ គឺ​រង់ចាំ​ឲ្យ​តុលាការ​បើក​ការ​ស៊ើបសួរ និង​ដឹង​ច្បាស់​ជាង​នេះ​។

ដោយឡែក លោក ជេ​ត ដុំ មិន​មាន​ប្រភព​ណា​បញ្ជាក់​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​ឈ្មោះ យឹ​ម ចាន់​ថន ឡើយ មូលហេតុ​ដែល​លោក​ខ្នះខ្នែង​ជួយ​រត់ការ​នេះ ទំនងជា​មានការ​ពឹងពាក់ និង​ទទួល​លាភ​សក្ការ​:​ពី​មន្ត្រី​ម្នាក់​នៅ​សាលាខេត្ត​កំពង់ស្ពឺ ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​ជនសង្ស័យ​ឈ្មោះ ញឹ​ម ចាន់​ថន​នេះ​។

ប្រភព​ដែល​ស្និ​ទ្ធិ​ក្នុង​សាច់​រឿង​នេះ បាន​បង្ហើប​ផង​ដែរ​ថា ទោះបីជា​មានការ​ខ្នះខ្នែង​ពី​លោក​ទាំង​ពីរ​ក្នុង​ការ​រត់ការ ដើម្បី​ឲ្យ​ជន​នេះ​បាន​រួច​ផុត​ពី​ពន្ធនាគារ​ក្តី តែ​ចៅក្រម​មិន​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​នេះ​ឡើយ​។ គេ​រង់ចាំ​មើល​ថា ក្រោយ​ពេល​ដែល​ចៅក្រម​បើក​ការ​ស៊ើបសួរ តើ​នៅ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​ជាប់ជំពាក់​វាក់​វិ​ន​នៅ​ក្នុង​រឿង​លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ និង​ក្លែង​លិខិត​នេះ?​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២​នេះ អ្នក​យក​ព័ត៌មាន​យើង​បាន​ទាក់ទង​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក ជេត ដុំ នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ ដោយ​លោក​បាន​បំភ្លឺ​ថា «​តាម​ពិត​លោក​មិន​បាន​អន្តរាគមន៍​អី​នោះ​ទេ គ្រាន់តែ​មុន​ពេល​ឃាត់ខ្លួន​១​ថ្ងៃ​ឈ្មោះ​យឹ​ម ចាន់​ថន បាន​មក​ជួប​ខ្ញុំ ខ្ញុំ​មិនដឹង​សាច់​រឿង​ច្បាស់​ទេ ហើយ​ខ្ញុំ​ក៏​បាន​ទាក់ទង​ជាមួយ​លោកស្នងការ​រង ខ្ញុំ​គ្រាន់តែ​ចង់​សុំ​លោកស្នងការ​រង​ថា ពេល​គាត់ (​យឹ​ម ចាន់​ថន​) ចូល​មក​អោយ​មានការ​ឃាត់ខ្លួន សុំ​អោយ​សុខ​សុវត្ថិភាព​សិន ព្រោះ​ម្នាក់​នឹង​ដឹង​រឿង​ច្រើន​ជុំវិញ​បញ្ហា​នឹង​។ ក្រោយមក​ខាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ហើយ​ក៏​មាន​ចេញ​ដីកាឃុំខ្លួន​តែ​ម្តង​»​។

ដោយឡែក លោក​កង បុ​ន​ណាត វិញ បាន​ប្រាប់​ផង​ដែរ​ថា «​លោក​ស្គាល់ឈ្មោះ យឹ​មចាន់​ថន​នេះ តាម​រយៈ​គេ​បាញ់​រឿង​ឱ្យ​មើល​តាម​ប្រព័ន្ធ Messenger តែ​ប៉ុណ្ណោះ តែ​លោក​មិនដឹង​ថា​គេ​ចាប់​រឿង​អី​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា លោក​មិន​មានការ​ពាក់ព័ន្ធ​រឿង​ដីធ្លី​ខាងលើ​នេះ​ឡើយ ហើយ​លោក​ក៏​អត់​ដឹង​រឿង​អី​ដែរ មិន​ដូច​ការ​លើក​ឡើង​ខាងលើ​នោះ​ទេ​»​។

សូម​រំលឹក​ថា ជន​ដែល​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​នេះ មានឈ្មោះ ញឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​គម្ពីរ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ហើយ​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លេខ​៦១០៧ ចុះ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២​។

ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ជន​ឈ្មោះ យឹ​ម ចាន់​ថន​នេះ គឺជា​មុខសញ្ញា​ដែល​ជំនាញ​ខាង​ក្លែង​ឯកសារ​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ ដែល​កន្លង​មក​មាន​អ្នក​ប្តឹង​ជា​ច្រើន​នាក់​មក​ហើយ តែ​ជន​នេះ​មាន​ខ្នងបង្អែក​ម្នាក់​ជា​មន្ត្រី​សាលាខេត្ត (​ប្រធាន​ការិយាល័យ​) ចាំ​ជួយ​ជ្រោមជ្រែង​នា​ពេល​កន្លង​មក ទើប​រូបគេ​ចេះ​តែ​មានសំណាង​គេច​ផុត​ពី​ការ​ចាប់ខ្លួន​រហូត​មក ទើបតែ​លើក​នេះ ទំនងជា​អស់លក្ខណ៍​ហើយ​មើលទៅ ទើប​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ថា ដំណាក់កាល​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើប គឺ​មាន​អ្នក​រត់ការ (​ខ្នងបង្អែក​) ខ្វះ​ខ្វែង​ដោយ​ពួក​គេ​ហ៊ាន​ចំណាយ​លុយ​ជិត​២​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​ជន​ម្នាក់​នេះ បាន​រួចខ្លួន​វិញ តែ​ទោះបីជា​ខ្នងបង្អែក​របស់​ជន​នេះ ខិតខំ​ខ្នះខ្នែង​រត់ការ​យ៉ាងណា​ក៏​ដោយ ដើម្បី​ភាព​យុត្តិធម៌ គឺ​គ្មាន​នរណា​ម្នាក់​អើពើ​នឹង​ការ​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​នេះ​ដែរ​។

សកម្មភាព និង​ការ​ប្រព្រឹត្តិ​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​នេះ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច គឺ​មិន​មែន​មាន​តែ​រូបគេ​ម្នាក់​នោះ​ទេ ដែល​ប្រព្រឹត្ត​នៅ​មាន​គ្នីគ្នា ៧​ទៅ​៨​នាក់​ទៀត​ដែល​សុទ្ធ​សឹង​ជា​អ្នក​រួមគំនិត ហើយ​អ្នក​ដែល​ធំ​ជាងគេ និង​ធ្វើ​ជា​ខ្នងបង្អែក​នោះ គឺជា​មន្ត្រី​សាលាខេត្ត និង​អនុប្រធាន​មន្ទីរ​មួយ​រូប ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ពួក​គេ​។ តែ​ទោះជា​យ៉ាងណា ជន​ឈ្មោះ យឹ​ម ចាន់​ថន​នេះ ទំនងជា​មិន​ព្រម​ជាប់គុក​ម្នាក់ឯង​នោះ​ទេ​។

មហាជន​រង់ចាំ​មើល​ថា តើ​ខ្នងបង្អែក​របស់​ជន​នេះ អាច​រត់ការ​ដើម្បី​ឲ្យ​ឈ្មោះ យឹ​ម ចាន់​ថន បាន​រួចខ្លួន​ពី​ពន្ធនា​គារ​ដោយ​របៀប​ណា?

ដោយឡែក​ប្រភព​ពី​អ្នក​រស់នៅ​ភូមិ​តាំង​គម្ពី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឯណោះ​វិញ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ដែល​រត់ការ​ឲ្យ​ជន​ម្នាក់​នេះ គឺជា​អ្នក​ធ្លាប់​ទទួល​បាន​ផលប្រយោជន៍​ពី​ជន​នេះ តាម​រយៈ​ការ​ឲ្យ​ដី​ដែល​ជា​ដី​របស់​អ្នក​ដទៃ​ទៅ​ឲ្យ​ខ្នងបង្អែក​របស់​គេ​។ មូលហេតុ​នេះ​ហើយ ទើប​បានជា​ខ្នងបង្អែក​របស់​ជន​នេះ ស្វះស្វែង ដើម្បី​ឲ្យ​មានការ​ដោះ​លែង​ជន​នេះ​។ និយាយ​ជា​រួម​ទៅ ការ​អោយ​ដី​ទៅ​ខ្នងបង្អែក​របស់​ជន​នេះ​នា​ពេល​កន្លង​មក គឺ​ជន​នេះ​យក​ដី​របស់​អ្នក​ដទៃ​ដែល​មិនមែន​ជា​របស់​ខ្លួន​អោយទៅ​ខ្នងបង្អែក​របស់​គេ​ជា​ច្រើន​ហិ​កតា តាម​រយៈ​ក្លែង​ឯកសារ​ដែល​មាន​មន្ត្រី​ជា​អ្នកជំនាញ​ខាង​ក្លែង​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ