ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​ចាប់ខ្លួន ទើប​ដឹង​ពី​បំណង​លប​ឡើងផ្ទះ​គេ​ទាំង​កណ្ដាល​យប់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ យុវជន​២​នាក់​បាន​លប​ឡើងផ្ទះ​គេ​ទាំង​យប់​តែ​ត្រូវ​ម្ចាស់ផ្ទះ​ដឹងខ្លួន​ទាន់​បើកភ្លើង​ឃើញ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ហក់​ទឹក​ហែល និង​អុំទូក​ទៅ​វិញ​បាត់​អស់ …

ខេត្តពោធិ៍សាត់ ៖ យុវជន​២​នាក់​បាន​លប​ឡើងផ្ទះ​គេ​ទាំង​យប់​តែ​ត្រូវ​ម្ចាស់ផ្ទះ​ដឹងខ្លួន​ទាន់​បើកភ្លើង​ឃើញ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ហក់​ទឹក​ហែល និង​អុំទូក​ទៅ​វិញ​បាត់​អស់ លុះ​ព្រឹក​ឡើង​ម្ចាស់ផ្ទះ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​លប​ឡើងផ្ទះ​គេ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្ទះ​អណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​ក្អម​សំណរ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក​អនុសេនីយ៍ឯក ហួ​ន ហាំ​ង មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ នៅ ណា​ក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​តា​ម៉ា​ន់​ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្អម​សំណរ ឃុំ​មេទឹក ស្រុក​បាកាន ដូច​គ្នា ។

លោក​អនុសេនីយ៍ឯក ហួ​ន ហាំ​ង បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ឈ្មោះ ផា​ន់ សា​រ៉​ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ដោយ​ចោទប្រកាន់​ថា បាន​អុំទូក​មក​លប​ឡើង​លើ​ផ្ទះ​របស់​គាត់​ទាំង​យប់​ក្នុង​គោលបំណង​អ្វីមួយ ខណៈ​គាត់​និង​ក្រុម​គ្រួសារ​កំពុង​តែ​ដេក​លក់ ។ ពេល​នោះ​គាត់​ភ្ញាក់​ទាន់​បើកភ្លើង ស្រាប់តែ​ស្គាល់​ឈ្មោះ ស៊ុ​យ ឃើញ​ដូច្នេះ​ឈ្មោះ ស៊ុ​យ ក៏​បាន​ហក់​ទឹក​ហែល​ទៅ​បាត់​ទៅ ឯ​ម្នាក់​ទៀត​ក៏​អុំទូក​ទៅ​តាម​ក្រោយ​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន​និង​ធ្វើការ​សាកសួរ​រួច​ទើប​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ក្នុង​គោលបំណង​ចង់​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់ផ្ទះ​ដឹង​ទាន់ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ៕