ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​នៅ​ពេល​ប្រកួត​កីឡា​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា កន្លង​មកនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក មាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា កន្លង​មកនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក មាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប និង​តំណាង​សហព័ន្ធ​កីឡា​ទាំង​១៥ ។

ក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ប្រាប់​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៥ និង​មន្ត្រី​បច្ចេកទេស ត្រូវ​ចេះ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ក្នុង​ពេល​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦ ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រកួត​ដំណើ​ការ​បាន​ល្អ ។ កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​និង​ត្រួតពិនិត្យ​កិច្ចការ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​ឱ្យ​មាន​គណៈកម្មការ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ពេល​ប្រកួត ហើយ​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ការងារ​បច្ចេកទេស​ទាំងអស់​ត្រូវ​ចុះ​តាមដាន​ការ​ប្រកួត​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ប្រកួត​វា​តែងតែ​កើត​មាន​ឡើង​នូវ​បញ្ហា​ទំនាស់​ខ្លះ​ៗ​ជាក់​ជា​ពុំខាន ហេតុនេះ​ហើយ​លោក​សំណូមពរ​ដល់​សហ​ព័ន្ធ​​កីឡា​ជាតិ​ទាំង​១៥​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សហព័ន្ធ​របស់​ខ្លួន ធ្វើ​យ៉ាងណា​កុំឱ្យ​កើតការ​លេច​ឮជា​សាធារណៈ ។ លោក​មិនសូវ​ជា​បារម្ភ​ប៉ុន្មាន​នោះ​ទេ​នៅ​ពេល​ប្រកួត ព្រោះ​លោក​យល់​ថា គ្រប់​សហព័ន្ធ​ទាំងអស់​សុទ្ធតែ​មានបទពិសោធន៍​ស្រាប់ ។ ប៉ុន្តែ​លោក​នៅ​តែ​ជំរុញ​ដល់​ខាង​អគ្គនាយកដ្ឋាន​កីឡា ត្រូវ​តែ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ប្រគល់​ប័ណ្ណសរសើរ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៥ ព្រមទាំង​ប្រគល់​លិខិត​ថ្លែងអំណរគុណ​និង​វត្ថុ​អនុស្សាវរីយ៍​ដល់​តំណាង​ខេត្ត​ក្រុង​ទាំង​២៥ និង​ក្រសួង​ចំនួន​២​គឺ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ។

គួរ​រំលឹក​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ​មាន​កីឡា​ចំនួន​១៥​ប្រភេទ​ចូលរួម​ដែល​មាន​ដូច​ជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ហែល​ទឹក ចំបាប់ តេ​ក្វា​ន់​ដូ ប្រដាល់ ល្បុក្កតោ វាយ​សី វាយ​កូន​ឃ្លី​លើ​តុ វាយ​កូន​បាល់ ប៉េតង់ កាយសម្ព័ន្ធ និង​សូ​រី​ន​ហ្ស៊ី​កាំ​ប៉ូ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​ជាតិ​គឺជា​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​ដ៏​ធំ​ជាងគេ​ប្រចាំ​២​ឆ្នាំ​ម្ដង​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រៀបចំ​ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ ។ ការ​ប្រកួត​កីឡា​ជាតិ គឺ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​កីឡា​ជាតិ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​វិស័យ​កីឡា​ជាតិ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ លើក​ដំបូង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕