ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ល្ម៉ើ​កាន់តែ​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ពិភពលោក និង​តំបន់​អាស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ថា ដំណាំ​ល្ម៉ើ​កំពុង​មានការ​ពេញ​និយម​នៅ​លើ​ទីផ្សារ​ពិភពលោក ក៏​ដូច​ជាទី​ផ្សារ​នៅ​ក្នុង​តំបន់​អាស៊ី ។

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ថា ដំណាំ​ល៉្មើកំពុង​មានការ​ពេញ​និយម​នៅ​លើ​ទីផ្សារ​ពិភពលោក ក៏​ដូច​ជាទី​ផ្សារ​នៅ​ក្នុង​តំបន់​អាស៊ី ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន​៣​គឺ ក្រុមហ៊ុន​ខេ​ង​ឡាយ ខូ​អិ​ល​ធី​ឌី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន Daily Green (Daily Green(2507) Co., Ltd នៃ​ព្រះរាជាណាចក្រ​ថៃ និង​ក្រុមហ៊ុន A.T.C. Supply (1993) Co., Ltd នៃ​ប្រទេស​អីុ​ស្រា​អែ​ល នា​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នៅ​សណ្ឋាគារ​ភ្នំពេញ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​វិស័យ​ឯកជន គឺជា​ក្បាលរថភ្លើង​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​ខ្វះ​បាន ជា​ពិសេស ផ្តល់​ក្តី​សង្ឃឹម និង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​កសិករ​ខ្មែរ និង​ជួយ​ដឹកនាំ​កសិផល​ទៅ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ។ 

លោក​បន្ថែម​ថា ល្ម៉ើ ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ក្រសួង​ពិនិត្យ​ឃើញ​ថា មាន​សារសំខាន់ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​កសិករ​ខ្មែរ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ត្រូវ​តែ​មានការ​គិតគូរ​ពី​រយៈពេល​នៃ​ការ​ដាំ​ដុះ ព្រោះថា រយៈពេល​ដែល​ទទួលផល គឺ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ ។ លោក  ថា ៖ « បើ​មាន​រយៈពេល​យូរ​ក្នុង​ការ​ទទួលផល​នោះ កសិករ​គួរ​សិក្សា​ពី​ការ​ដំណាំ​បឋម​នៅ​ក្នុង​ដំណាំ​លេ្ម​ុ​ី​ដូច​កៅស៊ូ ដើម្បី​ទទួលផល​បាន​ខ្លះ​ដូច​ជា សណ្តែក និង​ដំឡូង​ជាដើម » ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កសិករ​ខ្មែរ​កំពុង​ចាប់ផ្តើម​ដាំ​ដំណាំ​ល្ម៉ើ​នេះ ដូច្នេះ សូម​ស្នើ​ទៅ​ក្រុមហ៊ុន​ត្រូវ​ពិនិត្យ និង​ផ្តល់​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ ការ​ថែទាំ ការ​ប្រមូល​ផល និង​វេច​ខ្ចប់​ប្រកបដោយ​គុណភាព​និង​អនាម័យ ដែល​បច្ចុប្បន្ន​នេះ អ្វី​ៗ​ត្រូវ​គិត​ពី​ផលិតផល​ស្បៀង​ជា​សំខាន់ ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​បាន​គិតគូរ​ពី​គុណភាព និង​អនាម័យ​នោះ ផលិតផល​របស់​យើង​គ្មាន​តម្លៃ​ឡើយ ។ លោក​បញ្ជាក់​ថា ៖ « ការ​ចុះ​អនុស្សរណៈ​របស់​ក្រុមហ៊ុន​ចំនួន​៣​នេះ គឺ​បង្ហាញ​ពី​ការ​សន្យា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ទិញ​ផលិតផល​ពី​ប្រជាជន ព្រោះថា នៅ​ពេល​ចាប់ផ្តើម​ដាំ​ដុះ ក្រុមហ៊ុន​នីមួយ​ៗ​ត្រូវ​ចុះ​សន្យា ហើយ​ក្រសួងកសិកម្ម​នឹង​តាមដាន​ពិនិត្យ​នូវ​កិច្ចសន្យា​នេះ​តាម​អ្វី​ដែល​ក្រសួង​រៀបចំ​ជា​គោល​នយោបាយ » ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា ៖ «​ប្រជាពលរដ្ឋ​ចង់​ដាំ​ដំណាំ​ល្ម៉ើ ត្រូវ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន ចំណែក​ក្រសួងកសិកម្ម​គ្រាន់តែ​ត្រួតពិនិត្យ​តាមដាន​ថា ការ​ចុះ​កិច្ចសន្យា​បាន​ត្រឹមត្រូវ​ឬ​អត់ ហើយ​ផលិតផល​នេះ​ប្រាកដជា​បាន​ផល​យ៉ាងណា​នៅ​ពេល​ខាង​មុខ ។ ដំណាំ​ល្ម៉ើនេះ​ជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​ធំធេង គឺ ១-​ការ​ប្រើប្រាស់​ទឹក​នៅ​កម្ពុជា ក្នុង​ការ​ដាំ​ដំណាំ​ផ្សេង​ៗ​មានការ​កាត់​បន្ថយ ២-​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក និង​៣-​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា » ។ 

លោក ខេ​ង ច័​ន្ថា អគ្គនាយក​ក្រុមហ៊ុន ខេ​ង​ឡាយ ខូ​អិ​ល​ធី​ឌី បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​ថា ក្រុមហ៊ុន​លោក​បាន​អភិវឌ្ឍន៍​ដំណាំ​ល្ម៉ើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ មាន​ការិយាល័យ និង​កសិដ្ឋាន​ល្ម៉ើ២​កន្លែង​គឺ ១-​នៅ​ផ្លូវ​លេខ​១០១១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​មាន​តាំង​កូន​ពូជ​ល្ម៉ើ​គ្រប់​ប្រភេទ ផ្ទាំង​រូបភាព និង​ស្លាយ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ដំណាំ​ល្ម៉ើ ព្រមទាំង​មាន​តាំង​លក់​ផលិតផល​ធ្វើ​ពី​ល្ម៉ើ​ជា​ច្រើន​ប្រភេទ​ផង​ដែរ ។ ២-​ស្ថិត​នៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទំហំ​ដី​ជិត​១០​ហិ​កតា ដែល​មាន​ចម្ការ​ល្ម៉ើដាំ​រួច​រយៈពេល​១០​ខែ​ចំនួន​៧​ហិ​កតា និង​ពូជ​កូន​ល្ម៉ើ​ដឹក​មក​ពី​ប្រទេស​ថៃ មាន​អាយុ​ចាប់ពី​១​ឆ្នាំ​ដល់​២​ឆ្នាំ ចំនួន​៥​ម៉ឺន​កូន ។

គួរ​បញ្ជាក់​ថា ដំណាំ​ល្ម៉ើ​ចាប់ផ្តើម​ទទួលផល​ក្នុង​រយៈពេល​៣​ឆ្នាំ ចាប់ពី​៤០​ទៅ​១០០​គីឡូក្រាម​ក្នុង​១​ដើម ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ អាច​ទទួលផល​បាន​៥០​គីឡូក្រាម​ក្នុង​១​ដើម ៕