ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ស្ត្រី​ម្នាក់​ស្លា.ប់​ក្នុង​គ្លីនិក​ឯកជន ពេល​នេះ​ដល់​ដៃ​តុលាការ​ហើយ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សំណុំរឿង​ក្តី​របស់​ស្ត្រី​ម្នាក់​វ័យ​៥៩​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លា.ប់​ក្នុង​គ្លីនិក​ឯក​មួយ​នៅ​ថ្នល់​បែក​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ រយៈពេល​ជិត​១​ខែ​ហើយ …

ខេត្តកំពង់ចាម ៖ សំណុំរឿង​ក្តី​របស់​ស្ត្រី​ម្នាក់​វ័យ​៥៩​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​គ្លីនិក​ឯក​មួយ​នៅ​ថ្នល់​បែក​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ រយៈពេល​ជិត​១​ខែ​ហើយ ដោយ​ភាគី​រង​គ្រោះ​កំពុង​តែ​ទាម​រក​យុត្តិធម៌ ចំណែក​សមត្ថកិច្ច​វិញ​ក៏​បាន​អះអាង​ថា  សំណុំរឿង​នេះ​គឺ​បាន​ធ្លាក់​ទៅ​ដល់​ស្ថាប័ន​សាលាដំបូង​ខេត្ត​ហើយ​កំពុង​តែ​មាន​ចំណាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

បុរស​ឈ្មោះ ខាត់ សុ​ន អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦​ថា ដំបូង​នៅ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​មាន​សុខភាព​មិនសូវ​ល្អ ដោយ​ការ​ដកដង្ហើម​រាង​ថប់​ៗ​នោះ នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ក៏​បាន​ដឹក​តាម​ម៉ូតូ​មក​កាន់​ពេទ្យ​ឯកជន​ក្នុងភូមិ​ឲ្យ​គេ​ពិនិត្យ​មើល​ដឹង​ថា​មិន​ស្រួល ពេទ្យ​ប្រាប់​ឲ្យ​បញ្ជូន​ទៅ​ពេទ្យ​នៅ​ស្រុក​ចំការលើ រួច​ប្រញាប់​ដឹក​តាម​រថយន្ត​ទៅ​សម្រាក​នៅ​គ្លីនិក​ឯកជន​ឈ្មោះ ពុទ្ធា ។

បុរស​ឈ្មោះ ខាត់ សុ​ន ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ប្រពន្ធ​របស់​គាត់​ឈ្មោះ ជួន អាន អាយុ​៥៨​ឆ្នាំ សម្រាក​បាន​២​ថ្ងៃ​បាន​ធូរស្រាល​គ្រាន់បើ ហើយ​កូនស្រី​ម្នាក់​របស់​គាត់​ឈ្មោះ សំនៀង ដែល​រស់នៅ​រាជធានី​ភ្នំពេញ​បាន​មក​សួរសុខទុក្ខ​មា្ត​យ ព្រមទាំង​បាន​និយាយ​ជាមួយនឹង​ម្ចាស់​គ្លីនិក​ថា លោកគ្រូ​មាន​សម្ភារ​គ្រប់គ្រាន់​ដើម្បី​មើល​អ្នកជំងឺ​ដែរ ឬទេ? ក្នុង​ពេល​នោះ​គ្រូពេទ្យ​ម្ចាស់​គ្លីនិក​បាន​អះអាង​ថា មាន​មិន​ស្អី​នោះ​ទេ ប្រើ​ពេល​ព្យាបាល​កន្លះ​ខែ​លែង​អី​ហើយ ។ ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ពេទ្យ​ប្រុង​ឲ្យ​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នៅ​ពេល​ដែល​មក​ស្ទាប​ខ្លួន​ដឹង​ក្តៅ ក៏​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ទេ គ្រូពេទ្យ​បាន​ជួយ​បន្តោង​សេរ៉ូម​បន្ថែម​ទៀត ហើយ​ប្រពន្ធ​របស់​គាត់​ក៏​បាន​ទារ​ឲ្យ​ពេទ្យ​ដាក់​ខ្យល់​អុក​ស៊ី​សែន ព្រោះតែ​ពិបាក​នឹង​ដកដង្ហើម​ពេក ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា បន្ទាប់​មក​ហូប​បាយ​បាន​កន្លះ​ប្រអប់ និង​រាង​មាន​កម្លាំង​បន្តិច ពេល​ដែល​គាត់​(​ប្តី​)​មើល​ទូរទស្សន៍ លុះ​ពេល​ងាក​មក​មើល​ប្រពន្ធ​ឃើញ​មាន​អាកា​រៈ​ដូច​ជា​ស្ទះដង្ហើម ក៏​បាន​ស្រែកហៅ​គ្រូពេទ្យ​ឲ្យ​មក​ជួយ​សង្គ្រោះ​ប្រឹង​ធ្វើ​ចលនា​បេះដូង​ដើម្បី​ឲ្យ​ដើរ​វិញ  តែ​នៅ​តែ​មិនដឹង​ខ្លួន រួច​ក៏​បាន​លើកដាក់​លើ​ម៉ូតូ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ  ។

គាត់​បាន​បញ្ជាក់​ថា ប្រពន្ធ​គាត់​គឺ​ពិតជា​បាន​ស្លាប់​នៅ​ក្នុង​គ្លីនិក​ខាងលើ​មែន សម្រាប់​ចិត្ត​របស់​គាត់​គឺ​ចង់​ឲ្យ​គ្រូពេទ្យ​សុំ​ទោស   និង​ទទួលស្គាល់​ថា ប្រពន្ធ​គាត់​ពិតជា​បាន​ស្លាប់​ក្នុង​គ្លីនិក​នោះ​មែន ចំណែក​ចិត្ត​កូនស្រី​ឈ្មោះ សំនៀង វិញ​គឺ​ចង់​ឲ្យ​ថ្នាក់លើ​បិទ​គ្លីនិក​ខាងលើ​តែ​ម្តង ។

លោក​វេជ្ជបណ្ឌិត តាន់ គឹ​ម​ឆេ​ង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦​ថា ស្ត្រី​អ្នកជំងឺ​ខាងលើ​មិន​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​បង្អែក​របស់​លោក​នោះ​ទេ ។

លោក​វេជ្ជបណ្ឌិត អ៊ា​ក ឆាយ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិការ​ចំការលើ បាន​ឲ្យ​ដឹង​ថា សម្រាប់​ករណី​ខាងលើ​នោះ​ត្រូវ​បាន​នគរបាល​ស្រុក​ចំការលើ​បញ្ជូន​ឯកសារ​ទៅ​ដល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រួចរាល់​ហើយ​ដែរ ។

នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ «​កោះសន្តិភាព​»​បាន​ព្យាយាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក​វេជ្ជបណ្ឌិត គ្រួ​ក ពុទ្ធា  ម្ចាស់​គ្លីនិក​នោះ​ដែរ តែ​ទូរស័ព្ទ​ចុច​មិន​ចូល​នោះ​ទេ ៕