ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ការចូលរួមចំណែក​របស់ប្រជាពលរដ្ឋ ទើបផ្លូវបេតុង ១ខ្សែ  អាចលេចចេញជារូបរាងឡើង!

3 ថ្ងៃ មុន
  • កែប

ខេត្តកែប៖ ផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល…

ខេត្តកែប៖ ផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ១ខ្សែនេះ បានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់​ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ ជាមួយនឹងការប្រសិទ្ធនាម “ផ្លូវអំពេងសន្តិភាព” ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែប ជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាក ដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរទេះដីក្រហមតូចចង្អៀត និងតែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបានពង្រីកទៅជាផ្លូវបេតុងមានទំហំធំសម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយគុណភាពរឹងមាំ​យូរអង្វែង ស្របទៅតាមតម្រូវការដែលចេះតែកើនឡើងរបស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់​ប្រទេសជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានបញ្ចាក់ថាពីការប្រើប្រាស់ថវិការដ្ឋ សមិទ្ធផលនេះ អាចលេចចេញជារូបរាងឡើង ក៏ដោយសារមានការចូលរួមចំណែកផងដែររបស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីពង្រីកផ្លូវឱ្យបានធំទូលាយ។

លោកបន្ថែមថា សមិទ្ធផលរួមគ្នានេះ គឺជាអ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកើតមានឡើង​ជាបន្តបន្ទាប់គ្រប់ជំនាន់តទៅ ពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺជាការឆ្លុះបញ្ចាំងផងដែរអំពីកម្លាំងមហា​សាមគ្គីជាតិខ្មែរ ប្រកបដោយភាពម្ចាស់ការ ស័ក្តិសមនឹងពាក្យថា “ខ្មែរជួយខ្មែរ ខ្មែររីកចម្រើន”។

លោក​ឧត្តមសេនីយ៍ឯកថាពិតណាស់ ផ្លូវបេតុងមួយនេះ មិនមែនជាសមិទ្ធផលទោលតែឯកឯង ឬដែលធំជាងគេនោះទេ ប៉ុន្តែពិតណាស់ វាជានិមិត្តរូបតំណាងឱ្យដំណើរវិវត្តន៍ដ៏វែងឆ្ងាយរបស់ប្រទេសជាតិ​យើងទាំងមូល។ ចំពោះអ្នកទូទៅ យើងអាចមើលឃើញត្រឹមតែជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋាន ដែលធ្លាប់ជួបការលំបាកក្នុងការធ្វើទៅដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍​ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ។ ដូច្នេះនៅពេលនេះម៉ោងនេះ សូមចូលរួមអបអរសាទរ​សមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ពិតណាស់ យើងមិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែយើងចាំបាច់ត្រូវក្រឡេក​មើល និងប្រៀបធៀបទៅអតីតកាលដើម្បីឆ្លុះបញ្ចាំងប្រកបដោយហេតុផលត្រឹមត្រូវអំពីបច្ចុប្បន្នកាល ដែលនេះ គឺជា​អភិក្រមចាំបាច់បំផុតដើម្បីសម្លឹង និងដើរទៅដល់អនាគតដ៏រុងរឿងមួយដែលយើងទាំងអស់គ្នាចង់បាន។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបន្ថែមថាមកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើ​គ្រប់វិស័យ គួរជាទីមោទនៈ ដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយមានទាំងផ្លូវអ៊ុតកៅស៊ូ AC, ផ្លូវបេតុងអាមេ, ផ្លូវកៅស៊ូ DBST, ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ, ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ, ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង, អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់, ឡដុតសម្រាមវេជ្ជសាស្ត្រ ។ល។ ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់​ទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ នាពេលអនាគតស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស័ក្តិសមជា​ខេត្តតារារះនាទិសនិរតី ហើយដែលកន្លងមកនេះ ខេត្តក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និងអន្តរជាតិរួចមកហើយ។ ទាំងនេះ ក៏ដោយសារខេត្តកែប មានថ្នាក់ដឹកនាំល្អ និងមានការខិតខំយក​ចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់នៅក្នុងការជ្រើសរើស​អ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវក្នុងរយៈកាលកន្លងមកនេះ។

លោក​ឧត្តមសេនីយ៍ឯករូបនោះ បានបន្តទៀតថា ជាមួយនឹងសក្តានុពលសំខាន់ជាច្រើនៗ ខេត្តកែបនឹងបន្តរីក​ចម្រើនទៅមុខទៀតទាំងកំណើនប្រជាជនដោយនឹងមានអ្នកចំណូលស្រុកថ្មីផងដែរ និងផ្នែកហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត ជាអាទិ៍ កំពង់ផែដែលកំពុងសាងសង់ ជាដើម។ ទាំងនេះ ប្រាកដជាទាមទារឱ្យមាន​ការព្យាករ​ច្បាស់លាស់ និងរៀបចំផែនការបម្រុងទុកជាមុន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះ​របស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវ ដូចដែលបានធ្វើកន្លងមក​ហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ​សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុន ក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋ​ដោយស្មោះត្រង់បំផុត៕ សុខ សារ៉ាយ

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture