រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩និង៤៥នាទីព្រឹកថ្ងៃទី២៥ តុលា មានករណីចូលប្លន់ដល់ក្នុងផ្ទះមួយភ្ជង់គំរាមយកទ្រព្យសម្បត្តិ ដោយជនសង្ស័យម្នាក់ដែលបន្លំប្រើប្រាស់កាំភ្លើងជ័រចូលភ្ជង់គំរាម តែការប៉ុនប៉ងនោះពុំបានសម្រេចដោយមានការស្រែកឆោឡោឡើង បង្កអោយចោររូបនេះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងផ្ទះលេខ៤៣៦ ផ្លូវ៣៦៩ ភូមិព្រះពន្លារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ ឈឹង មារតី ភេទស្រី អាយុ៥០ឆ្នាំ ។ ស្ត្រីម្ចាស់ផ្ទះបានប្រាប់អោយដឹងថា ជនមិនស្គាល់អត្តសញ្ញាណម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានចូលមកក្នុងផ្ទះរបស់គាត់ទាំងព្រឹក ដោយចាប់ចៅស្រីតូចរបស់គាត់លើកហើយភ្ជង់កាំភ្លើងទៅលើចៅ រួចគំរាមមកកាន់គាត់ឱ្យយកលុយទាំងប៉ុន្មានចេញមកអោយអស់ប្រគល់ឱ្យខ្លួន បើពុំដូច្នោះរូបគេនឹងបាញ់សម្លាប់ចៅស្រីនេះចោល ។
ឮការគំរាមដូចនេះស្ត្រីរងគ្រោះបានប្រាប់ទៅកាន់ចោរនោះថា ចាំមួយភ្លេតខ្ញុំទៅយកលុយមកឱ្យ…គ្រាន់តែប្រាប់រួចក៏រត់ចេញមកក្រៅស្រែកឆោឡោឡើងថា ចោរប្លន់ៗ…ធ្វើអោយអ្នករស់នៅក្បែរខាងគ្នាមកឡោមព័ទ្ធផ្ទះដើម្បីចាប់ចោរ ។ ប៉ុន្តែភ្លាមៗនោះបន្ទាប់ពីម្ចាស់ផ្ទះស្រែកផ្អើលហើយ ចោរនេះក៏បោះចៅស្រីម្ចាស់ផ្ទះទៅលើពូក និងបោះចោលកាំភ្លើងខ្លី រួចរត់គេចខ្លួនដោយថ្មើរជើងបាត់ស្រមោលភ្លាមៗទៅ ។
ក្រោយកើតហេតុនគរបាលមូលដ្ឋាន រួមទាំងកម្លាំងជំនាញខណ្ឌច្បារអំពៅជាច្រើននាក់បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំព័ត៌មានបន្ថែមពីជនរងគ្រោះ ខណៈជនល្មើសរត់គេចបាត់ស្រមោល ដោយបន្សល់ទុកកាំភ្លើងមួយដើមជាកាំភ្លើងជ័រ ។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បទល្មើសលួច ឆក់ ប្លន់ ក្មេងស្ទាវទំនើង គ្រេឿងញៀនជាដើម កើតមានយ៉ាងសុះសាយស្ទើរពាសពេញផ្ទៃដីខណ្ឌទៅហើយ ។ ជាពិសេសសង្កាត់ច្បារអំពៅ១ ច្បារអំពៅ២ និងព្រែកប្រា ដែលកត្តាទាំងនេះបង្កអោយមានការភ័យខ្លាចគ្រប់ពេលវេលា ។ ទាក់ទិននឹងចោរកាំភ្លើងជ័របន្លំធ្វើសកម្មភាពនេះទំនងចោររូបនោះជាជនញៀនថ្នាំផងដែរ ។ ស្ត្រីម្ចាស់ផ្ទះពិតជាខែងមែន ដែលគាត់មិនដឹងថាចោរបន្លំប្រើកាំភ្លើងជ័រនោះទេ ក្នុងពេលរត់ចេញទៅស្រែកឆោឡោនោះ ហើយចោរស្ទាវម៉ាកនេះក៏គ្មានអ្វីក្រៅពីដាក់មេប្រូចយករួចខ្លួននោះឡើយ ៕
ចែករំលែកព័តមាននេះ