រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាសរុបចំនួន២៥៤.១១៣ដុល្លារអាមេរិក តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុននៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដល់ស្ថាប័នចំនួន៣។ កិច្ចសន្យាផ្តល់ជំនួយទាំងនេះត្រូវបានចុះហត្ថលេខានៅស្ថានទូតជប៉ុនថ្ងៃនេះ ដោយលោកម៉ាសាហ៊្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ។
គម្រោងសង់អគារសិក្សានៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមនៅក្នុងរាជធានីភ្នំពេញ មាន៨៥.៣០០ដុល្លារ។ គម្រោងនេះគឺដើម្បីសាងសង់អគារសិក្សាកម្ពស់២ជាន់នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមក្នុងរាជធានីភ្នំពេញ។ អគារសិក្សានេះនឹងត្រូវប្រើប្រាស់សម្រាប់សិស្សមត្តេយ្យសិក្សាក្នុងសាលានេះ។ តាមរយៈគម្រោងនេះនឹងធ្វើឱ្យសិស្សមត្តេយ្យចំនួន១១២នាក់ អាចសិក្សាដោយពេញចិត្តក្នុងបរិស្ថានអប់រំល្អប្រសើរ។ បន្ថែមពីនេះវានឹងអាចឱ្យគរុសិស្សជាង៤០០នាក់នៅក្នុងសាលាអាចចុះកម្មសិក្សានៃវគ្គបណ្តុះបណ្តាលក្នុងបរិស្ថានដ៏ល្អប្រសើរឡើងផងដែរ។
គម្រោងសាងសង់អន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគព្រៃវែង មាន៧០.២២៥ដុល្លារអាមេរិក។ តាមគម្រោងនេះអន្តេវាសិកដ្ឋានបុរសបំពាក់ដោយបរិក្ខារចំនួន៥បន្ទប់ នឹងត្រូវសាងសង់ឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគព្រៃវែង។ គម្រោងរួមបញ្ចូលទាំងការសាងសង់បង្គន់អនាម័យចំនួន២កន្លែង មាន១០បន្ទប់ និងកន្លែងមុជទឹកផងដែរ។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងសម្រាប់ការរស់នៅរបស់គរុសិស្សបុរសចំនួន៦០នាក់ មកពីតំបន់ដាច់ស្រយាលក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាតាំងកសាង នៅក្នុងរាជធានីភ្នំពេញ មាន៩៨.៥៨៨ដុល្លារអាមេរិក ដែលមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញនឹងអនុវត្តគម្រោងសម្រាប់សាងសង់អគារសិក្សាមួយខ្នងមានចំនួន៨បន្ទប់ បំពាក់ដោយបរិក្ខារសិក្ខានៅសាលាបឋមសិក្សាតាំងកសាងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជាផ្នែកមួយនៃគំរោងដែរ បង្គន់អនាម័យ២កន្លែងមាន១០បន្ទប់ នឹងត្រូវសាងសង់ជាមួយគម្រោងនេះ ។ គេសង្ឃឹមថា សិស្សានុសិសជាង៩០០នាក់នឹងអាចនៅក្នុងបរិស្ថានអប់រំល្អប្រសើរឡើង ។
ជំនួយគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមអនុវត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីជួយឧបត្ថម្ភដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមថ្នាក់មូលដ្ឋាន ។ ជំនួយនេះមានគោលដៅគាំពារជនដែលងាយរងគ្រោះពីកត្តាផ្សេងៗដូចជាភាពក្រីក្រ ភាពអកុសលផ្សេងៗដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួនជាង៤៦.៥លានដុល្លារអាមេរិគ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលអនុវត្តគម្រោងចំនួន៤៥១នៅទូទាំងប្រទេសកម្ពុជា ។
នៅក្នុងព្រឹត្តិការណ៍នេះយើងមិនភ្លេចឡើយនូវមហាសោកនាដកម្ម និងមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលប្រទេសជប៉ុនកំពុងប្រឈមមុខ ។ ដោយសេចក្តីចូលរួមចំណែកក្នុងការរំលែកទុក្ខសោកដែលកើតមាននេះយើងសូមបួងសួងឱ្យគ្រោះដ៏អាក្រក់កន្លងផុតទៅឱ្យបានឆាប់។ ប្រទេសជប៉ុនជាកល្យាណមិត្តដ៏ស្មោះត្រង់បំផុតទោះបីត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធំធេងនាបច្ចុប្បន្ននេះក្តី ក៏ជំនួយជប៉ុនដល់កម្ពុជាមិនត្រូវបានផ្អាក ឬពន្យារពេលទេ ។
នៅថ្ងៃទី១៥ ខែមីនា នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកម៉ាសាហ៊្វូមី គូរ៉ូគី (Masafumi KUROKI) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុនដែលមានទឹកប្រាក់ចំនួន៧.៧៥៨លានយ៉េន (ប្រាំពីរពាន់ប្រាំពីររយហាសិបប្រាំបីលានយ៉េន) ប្រមាណជាង៩៤លានដុល្លារអាមេរិក (កៅសិបបួនលានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន៣គឺ ១-គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ (ជំហានទី៣), ២-អនុវត្តគម្រោងផ្លាស់ប្តូរ និងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតនៅតាមបណ្តាទីរួមខេត្តមួយចំនួន និង៣-អនុវត្តគម្រោងអភិវឌ្ឍន៍ឧបករណ៍សម្ភារសម្រាប់ទ្រទ្រង់សកម្មភាពមីន (ជំហានទី៦) ៕
ចែករំលែកព័តមាននេះ