ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ឆ្លើយ​សារភាព តាម​ចាប់​បក្សពួក​ជនជាតិ​ថៃ​ដល់​បន្ទាយ​មាន​ជ័យ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ …

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កម្លាំង​ទៅ​ចាប់ខ្លួន​បាន​បក្សពួក​ម្នាក់​ទៀត​ជា​ជនជាតិ​ថៃ​តែ​រស់នៅ​ភូមិ​បឹង​បេង ឃុះ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

គួរ​រម្លឹក​ថា កម្ពុជា​គួរ​ប្រកាសសង្គ្រាម​ប្រឆាំង​គ្រឿងញៀន ខណៈ​សមត្ថកិច្ច​ព្រះ​វិហារ​ចាប់​បាន​ជាង​១​៤ម៉ឺន​គ្រាប់

លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង​នគ​បាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ ឆ ភិ​ឆិត​ឆៃ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​ថៃ មានមុខរ​បរជា​មេខ្យល់​នាំ​ពលករ​ទៅ​ប្រទេស​ដោយ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន ហើយ​ជន​នេះ​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ អេក ណា​ក់ អាយុ​២៦​ឆ្នាំ មានកូន​ចំនួន​៣​នាក់ រស់នៅ​ភូមិ​បឹង​បេង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​លោក មាស ច័ន្ទ​ពិ​សិទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អប​សាលាដំបូង​ខេត្ត​ដឹកនាំ​កម្លាំង​នគ​បាល​ជំនាញ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​នគ​បាល​ជំនាញ​ខេត្តព្រះវិហារ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា សង្ស័យ​ឈ្មោះ ឆ ភិ​ឆិត​ឆៃ (​ជនជាតិ​ថៃ​) ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ គង់ វិច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​កម្លាំង​នគ​បាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយ​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​យ៉ា​ម៉ា​)​ចំនួន​១៤៤.០០០​គ្រាប់ និង​មធ្យ​បាយ​មាន​រថយន្ត​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ​១ ។

លោកស្នងការ​បន្ត​ថា ក្រោយ​ពេល​ដែល​កម្លាំង​នគ​បាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គង់ វិច នាំ​យក​មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀន​ទាំងនេះ​គេ​យក​ទៅ​ឲ្យ​ឈ្មោះ ឆ ភិ​ឆិត​ឆៃ ជា​ជនជាតិ​ថៃ នៅ​ស្រុក​ម៉ា​ឡៃ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បន្ត​ថា តាម​ការ​ស្រាវជ្រាវ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់​នេះ​គឺជា​មុខ​ស​ញ្ញ​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ដែល​នាំ​ចេញ​តាម​ច្រក​បឹង​បេង ស្រុក​ម៉ា​ឡៃ ឆ្លង​ទៅ​ប្រទេស​ថៃ ។ តាម​ចម្លើយ​សារភាព ជនសង្ស័យ​ធ្លាប់​ជួញដូរ​គ្រឿងញៀន​៣​លើក​មក​ហើយ ដែល​នាំ​ចូល​ពី​ប្រទេស​ឡាវ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ចូល​ស្រុក​ម៉ា​ឡៃ រួច​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខុសច្បាប់ ៕