ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ប៊ុ​ន​ឆេ​ន និង​ឡុ​ង សុវណ្ណ​ឌឿ​ន ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ថ្ងៃអាទិត្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ​ទី​៣០ តុលា ខាង​មុខ​នេះ ត្រូវ​បាន​សម្រាក​មួយ​ពេល​សិន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ​ទី​៣០ តុលា ខាង​មុខ​នេះ ត្រូវ​បាន​សម្រាក​មួយ​ពេល​សិន ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ដាក់​គូប្រកួត​មិត្តភាព​អន្តរជាតិ​ជំនួស​វិញ ។

អ្នក​ដែល​ត្រូវ​ឡើង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​លើក​នេះ មាន​កីឡាករ​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ដែន ស្យាម ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឌី​ស៊ែ​ល លេ​ក ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។

តាម​ការ​ឱ្យ​ដឹង​កីឡាករ​ថៃ​ទាំង​២​រូប​នេះ​សុទ្ធតែ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ពិសេស​កីឡាករ​ដែន​ស្យាម​តែ​ម្ដង​គ្រាន់តែ​គេ​មិន​ធ្លាប់​ជួប​ពេជ្រ ប៊ុ​ឆេ​ន​ប៉ុណ្ណោះ ។ បើ​ធ្វើការ​ប្រៀបធៀប​សមត្ថភាព​រវាង​កីឡាករ​ទាំង​២​គឺ​ប្រហែល​គ្នា ទាំង​ផ្លែ​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​ដូច​គ្នា គ្រាន់តែ​ចិត្ត​របស់​ពេជ្រ ប៊ុ​ន​ឆេ​ន មិនសូវ​សឿង​ប៉ុណ្ណោះ ។ សម្រាប់​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​កន្លង​មក ពួក​គេ​មិន​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​នោះ​ទេ ។ ដូច្នេះ​បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។

ចំណែក​ឡុ​ង សុវណ្ណ​ឌឿ​ន វិញ​ទទួលបានការ​ទុកចិត្ត​ពី​អ្នកគាំទ្រ​ដោយសារ​កីឡាករ​ថៃ​ឈ្មោះ​ឌី​ស៊ែ​ល លេ​ក​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​មែន​ប៉ុន្តែ​អត់​ដែល​ឈ្នះ​ម្ដងណា​ឡើយ ។ ម្យ៉ាងវិញទៀត ឡុ​ង សុវណ្ណ​ឌឿ​ន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ប្រវត្តិ​ប្រកួត​មិនធម្មតា​នោះ​ទេ ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង​របស់​គេ​ល្អ​ខ្លាំង​ណាស់ ឯ​ចិត្ត​ក៏​សឿង​ណាស់​ដែរ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ឡុ​ង សុវណ្ណ​ឌឿ​ន ប្រហែល​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​ធន់ មក​រា មក​ពី​ក្លិប​កង​យោធពលខេមរៈភូមិន្ទ ប្រកួត​ជាមួយ​ចៅ ស្ដាយ មក​ពី​ក្លិប​សុភា​នូ​គុន​ខ្មែរ ។ ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​ឌុ​ម កែវ​ដប មក​ពី​ក្លិប​សុភា​នូ​គុន​ខ្មែរ និង​អែម ម៉ា​ន់​ណូអែល មក​ពី​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​ស៊ីវ សុង​ម៉េ​ង មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ ៕