ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា ស៊ីដាច់​ស្ព​ត​ពាណិជ្ជកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ បន្ទាប់​ពី​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ លោក​ចាន់ វឌ្ឍនាកា ត្រូវ​គេ​ឃើញ​ឡើង​កូដ និង​មាន​ទីផ្សារ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម ធំ​ៗ​កាន់តែ​ច្រើន​នា​ពេល​ចុង​ក្រោយ ។

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ បន្ទាប់​ពី​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ លោក​ចាន់ វឌ្ឍនាកា ត្រូវ​គេ​ឃើញ​ឡើង​កូដ និង​មាន​ទីផ្សារ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម ធំ​ៗ​កាន់តែ​ច្រើន​នា​ពេល​ចុង​ក្រោយ ។ ធៀប​នឹង​តារា​សិល្បៈ​លេចធ្លោ តារាបាល់ទាត់​រូប​នេះ​ទទួល​បាន​ឱកាស​ថត​ស្ព​ត​ធំ​ៗ​ច្រើន​ជាង​នោះ​ផង បន្ទាប់​ពី​លោក​បាន​ក្លាយជា​កីឡាករ​ឆ្នើម​លំដាប់​ប្រទេស​។ ក្នុង​នោះ​សូ​ម្បី​តែ​ព័ត៌មាន​ឯកជន​របស់​លោក​ក៏​ត្រូវ​គេ​តាម​ប្រមាញ់​ច្រើន​ឡើង​មិន​អន់​ជាង​តារា​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​នោះ​ដែរ ។

ភ្លាម​ៗ​បន្ទាប់​ពី​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​បាល់ទាត់ កីឡាករ​ចាន់ វឌ្ឍនាកា គ្រាន់តែ​បាន​ទាក់ទាញ​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ឱ្យ​ថត​ផ្សាយពាណិជ្ជកម្ម ខណៈ​ដែល​ក្រុម​ហ៊ុន​ដែល​ជ្រើស​លោក​ឱ្យធ្វើ​ជា​តួ​សម្ដែង​ក៏​ទាល់តែ​ជា​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ​ក្នុង​វិស័យ​បាល់ទាត់​នោះ​ទៅ​ទៀត ។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន កីឡាករ​ពាក់អាវ​លេខ​១១​រូប​នេះ​ស្ទុះ​ប្លែក​តែ​ជាមួយនឹង​ឱកាស​ថត​ស្ព​ត​ពាណិជ្ជកម្ម​ធំ​ៗ ។ ស្ព​ត​ដែល​លោក​បង្ហាញខ្លួន​សឹង​មិន​មាន​ស្ព​ត​ណា​ដែល​មិន​មាន​ថវិកា​ផ្សព្វផ្សាយ​គគ្រឹកគគ្រេង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ដាក់​ជា​ផ្ទាំង​ប៉ាណូ​ធំ​ៗ​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ ទើប​បណ្ដាល​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូប​នេះ​លេចធ្លោ ។ លោក​បាន​បង្ហាញខ្លួន​ថត​ស្ព​ត​ធំ​ដំបូង​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ថ្មី​មួយ ដោយស្ព​ត​មួយ​នោះ​ត្រូវ​គេ​ឃើញ​ផ្សព្វផ្សាយ​មិន​ណ​យ​នោះ​ទេ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ទី​សាធារណៈ​។ បន្តបន្ទាប់​មក លោក​ក៏​មានឱកាស​លេចមុខ​ក្នុង​ស្ព​ត​ខោ​ក្នុង​និង​ស្ព​តរបស់​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ឱកាស​ទាំងនោះ​គឺ​ទាល់តែ​ជាតា​រា​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​ទើប​ទទួល​បាន ។

លោក​កាន់តែ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​បន្ថែម​ទៀត បន្ទាប់​ពី​លេចមុខ​ក្នុង​នាម​ជា​តួ​សំខាន់​ម្នាក់​ក្នុង​ស្ព​ត​ម៉ូតូ​ហុងដា ដែល​ជា​ស្ព​ត​ធំ​ប្រចាំឆ្នាំ​ដែល​ក្រៅពី​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ ក៏​ជា​ស្ព​ត​ដែល​មហាជន​តាមដាន​ខ្លាំង​ជាង​បណ្ដា​ស្ព​ត​ផ្សេង​ទៀត ។ មានការ​បន្លុយ​ពាក្យ​ថា កីឡាករ ចាន់ វឌ្ឍនាកា មាន​ត្រេ​មុខ​សក្ដិ​សមជា​តួ និង​មាន​ប្រជាប្រិយ​ក្នុង​ចង្កោម​មហាជន ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ទើប​ធ្វើ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូប​នេះ​ជា​តួ​ថត​ស្ព​ត ។ ក្រុម​ផលិតករ​ដែល​បាន​ធ្វើការ​ជាមួយ​លោក​ចាន់ វឌ្ឍនាកា បាន​បង្ហាញ​អារម្មណ៍​កោតសរសើរ​ថា​លោក​ជាតា​រា​ដែល​អាច​សម្ដែង​បាន​តាម​ការ​តម្រូវ​មិន​ចាញ់​អ្នកសិល្បៈ​នោះ​ផង ទើប​គេ​ចេះ​តែ​ជ្រើសរើស​ឱ្យធ្វើ​ជាតា​រា​ស្ព​ត ។

ក្រុម​អ្នក​តាមដាន​ពី​ជីវិត​ឯកជន​របស់​កីឡាករ រូប​នេះ​បាន​លើក​ឡើង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​បែកបាក់​ជាមួយ​កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី បន្ទាប់​ពី​បើក​ទូលាយ​ស្នេហ៍ កីឡាករ​ចាន់ វឌ្ឍនាកា មិន​ត្រឹមតែ​ក្លាយជា​កីឡាករ​ដែល​មានមុខ​ច្រើន​នៅ​លើ​បណ្ដាញសារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ទីផ្សារ​ថត​ស្ព​ត​យ៉ាង​ចម្លែក​ផង​ដែរ ។ តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ រហូត​មក លោក​ទទួល​បាន​ស្ព​ត​ធំ​ៗ​ចំនួន​៣-៤ ដែល​ការ​បង្ហាញខ្លួន​ទាំងនោះ​ក៏​ជួយ​ឱ្យ​លោក​កាន់តែ​លេចធ្លោ និង​មាន​ចំណូល​ខ្ពស់​ខុស​ពី​កីឡាករ​ល្បីឈ្មោះ​រួម​ជំនាន់​នោះ​ផង​ដែរ ។ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ថា លោក​ថត​ស្ព​ត​មួយ​ថ្ងៃ​ឬ​២​ថ្ងៃ​ដែល​បាន​ធ្វើ​ឡើង​ទទួល​បាន​ប៉ុន្មាន​ឱ្យ​ប្រាកដ​នោះ​ទេ ដោយ​គ្រាន់តែ​មានការ​បញ្ជាក់​ពី​ក្រុម​កីឡាករ​ដូច​គ្នា​ថា​មិន​តិច​ជាង​១០០០​ដុល្លារ​សម្រាប់​មួយ​ស្ព​ត ឬ​មួយ​ឈុត​ដែល​ចង់បាន​លោក​ឱ្យ​ផ្សាយពាណិជ្ជកម្ម ។

ចាន់ វឌ្ឍនាកា ត្រូវ​គេ​កត់​សម្គាល់ថា​ស៊ីដាច់​តែ​ម្ដង​ក្នុង​ទីផ្សារ​ថត​ផ្សាយពាណិជ្ជកម្ម​បើ​ធៀប​នឹង​កីឡាករ​ល្បីឈ្មោះ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ ។ កាលពី​មុនគេ​កត់​សម្គាល់ថា កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី កីឡាករ​ប្រាក់ មុន្នី​ឧត្តម និង​កីឡាការិនី​ស៊ន សៀវ​ម៉ី​ជាដើម គឺជា​គូប្រជែង​របស់​លោក​ក្នុង​ចំណោម​ជម្រើសជាតិ​ល្បី​ៗ​ដែល​ទទួល​បាន​ឱកាស​ថត​ស្ព​ត​ប្រកួតប្រជែង ។ ប៉ុន្តែ​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦​មុន​នេះ គឺ​ចាន់ វឌ្ឍនាកា ស៊ីដាច់​នាំមុខ​សម្រាប់​ឱកាស​ថត​ស្ព​ត​ក្នុង​នាម​ជា​កីឡាករ​ម្នាក់ ។ តម្លៃ និង​ហាងឆេង​ក៏​បាន​ឈាន​ឡើង​ចំពោះ​កីឡាករ​រូប​នេះ​ដូច​គ្នា បន្ទាប់​ពី​បណ្ដា​ក្រុមហ៊ុន​ធំ​ៗ​បាន​ផ្ដល់​ឱកាស​ថត​សម្ដែង និង​ធ្វើ​ជា​តំណាង​ផលិតផល​ដែល​លោក​ថត​ផ្សាយ។ វត្តមាន​របស់​លោក​ក្នុង​ស្ព​ត​ធំ​ៗ ក៏​ធ្វើ​ឱ្យ​តារា​សិល្បៈ​ល្បីឈ្មោះ​មួយ​ចំនួន បាត់បង់​ឱកាស​ស៊ីលុយ និង​បង្ហាញខ្លួន​នៅ​ក្នុង​ស្ព​ត​ដែល​លោក​បាន​ថត​នោះ​ដែរ ជា​ពិសេស​គឺ​ស្ព​ត​ហុងដា​ដែល​អ្នក​ណា​ៗ​ក៏​ចង់​លេចមុខ​នោះ ។ មក​ទល់​ពេល​នេះ គេ​ឃើញ​ស្ព​ត​ធំ​៣​ដែល​លោក​បាន​ថត​ត្រូវ​បាន​ដាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ៗ​ដូច​ជា​ស្ព​ត ខោ​ទ្រ​ទាប់ ស្ព​ត​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត និង​ស្ព​ត​ម៉ូតូ​ហុងដា ដែល​ស្ព​ត​ទាំង​៣​ត្រូវ​គេ​មើលឃើញ​ថា​ទទួល​បាន​តម្លៃ​ខ្លួន​មិន​ក្រោម​ម៉ឺន​ដុល្លារ​នោះ​ទេ បើ​ទោះជា​លោក​បដិសេធ​ទម្លាយ​ប្រាប់​ក្ដី។ យ៉ាងណាមិញ គេ​មិន​ទាន់​ឃើញ​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង​ស្នេហា​ជា​ថ្មី​នោះ​ទេ បន្ទាប់​ពី​ប្រេះឆា​ជាមួយ​កញ្ញា​ហែម​ថុ​ន វិ​ទិ​នី ស្រី​ស្អាត​ផ្នែក​ហែល​ទឹកជា​គូស្នេហ៍​ចាស់ ៕