ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឈ្នួល ដឹកអ្នកដំណើរ បុកគោយន្តកន្ត្រៃ ពីក្រោយ ក្រឡាប់ ស្លា.ប់ម្នាក់ របួសម្នាក់

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ រថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរមួយគ្រឿង បានបើកបរលឿននៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចមកកើត ស្របពេលមកដល់ឃុំមៀន ស្រុកព្រៃឈរ បានបុកគោយន្តកន្ត្រៃ ១គ្រឿង ពីក្រោយ​យ៉ាងពេញទំហឹង…

ខេត្តកំពង់ចាម៖ រថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរមួយគ្រឿង បានបើកបរលឿននៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចមកកើត ស្របពេលមកដល់ឃុំមៀន ស្រុកព្រៃឈរ បានបុកគោយន្តកន្ត្រៃ ១គ្រឿង ពីក្រោយ​យ៉ាងពេញទំហឹង ជាហេតុ បណ្ដាលឱ្យក្រឡាប់គោយន្ត។ ហេតុការណ៍នោះ បានកើតឡើងនៅ វេលាម៉ោង ០៥ និង ២០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បណ្ដាលឱ្យអ្នកបើកបរគោយន្តកន្ត្រៃស្លា.ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើត​ឡើង​នៅត្រង់ចំណុចមុខផ្ទះ ហេង រ៉ូយ ក្នុងភូមិមៀន ឃុំ​មៀន ស្រុកព្រៃឈរ រវាងរថយន្ត និងគោយន្តកន្រ្តៃ។ ​រថយន្តម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខសៀមរាប 2A-9793 បើកបរដោយឈ្មោះ ពេញ រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមដំណើរដោយឈ្មោះ ចាប ប៊ុនលី  ភេទ ស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទិស​ដៅពីលិចទៅកើត បុកគោយន្តកន្រៃ្ត ០១គ្រឿង ពីក្រោយ ដែលបើកបរ ដោយឈ្មោះ យឹម ពុធ ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិឃ្លោយទី៣ ឃុំមៀនស្រុកព្រៃឈរ ខេត្កកំពង់ចាម មានទិសដៅពីលិចទៅកើត ស្របទិសគ្នា។

អធិការនគរបាលស្រុកព្រៃឈរ ប្រាប់បន្តថា ដោយសារតែកម្លាំងរថយន្តសាំយ៉ុងលឿន បានធ្វើឱ្យ​គោយន្តកន្ត្រៃ ប៉ើងនៅលើផ្លូវ បណ្ដាលឱ្យក្រឡាប់ ចាក់ដើមដំឡូងចោលរាយប៉ាយ។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកបរ​គោយន្តកន្ត្រៃ រងរបួសធ្ងន់ធ្ងរ។ ក្រោយពីហេតុការណ៍នេះ ​ប្រជាពលរដ្ឋបានរាយការណ៍​មក​ជំនាញ​ចរាចរណ៍ស្រុកព្រៃឈរ និងបានហៅរថយន្តសាមុយមកដឹកអ្នករងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែគ្រោះអកុសល ដោយសារតែគ្រោះថ្នាក់ធ្ងន់ពេក ជាហេតុបណ្ដាលឲ្យស្លា.ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

បន្ទាប់មក មន្ត្រីជំនាញចរាចរណ៍ស្រុក បាន​វាស់វែង ធ្វើកំណត់ហេតុ ដោយបានដឹងការពិតពីគ្រោះថ្នាក់ ដែលកើតឡើង គឺដោយសារអ្នកបើកបរគោយន្តកន្រ្តៃ គ្មានភ្លើងសញ្ញាបំភ្លឺ នៅផ្នែកខាងក្រោយ ជាហេតុ ធ្វើអោយរថយន្តសាំយ៉ុង បើកបរក្នុងល្បឿនលឿន មើលទៅខាងមុខ មិនទាន់ ក៏បុកពីក្រោយពេញទំហឹងតែម្ដង។

អធិការនគរបាលស្រុកព្រៃឈរ បញ្ជាក់ថា អ្នកដែលស្លាប់នោះ គឺឈ្មោះ យឹម ពុធ អ្នកបើកគោយន្ដកន្រ្តៃ និងរបួសស្រាល ០១នាក់ ស្រី (ឈ្មោះ ចាប ប៊ុនលី) អ្នករួមដំណើរ ក្នុងរថយន្ដ។  

ហេតុការណ៍នេះ ខូចខាតរថយន្ត ០១គ្រឿង និងគោយន្តកន្ត្រៃ ០១គ្រឿង ដោយគោយន្តខូចកម្រិតធ្ងន់ ហើយរថយន្តសាំយ៉ុង ក៏រងការខូចខាតផ្នែកខាងមុខជាដំណំផងដែរ។

រថយន្តសាំយ៉ុង ត្រូវបានជំនាញចរាចរណ៍ស្រុក ហៅរថយន្ត មកស្ទូច​ រួមទាំងគោយន្តកន្ត្រៃ​ យកមករក្សាទុក​នៅអធិការរដ្ឋាននគរបាលស្រុកព្រៃឈរ និងឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ ពេញ រស្មី ដើម្បីសាកសួរ កសាងសំណុំរឿង តាមនីតិវិធីច្បាប់។ ដោយឡែក បុរសអ្នកស្លា.ប់ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចាន់ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ