ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី Aung San Suu Kyi ទាក់ទាញ​វិនិយោគិន​បរទេស បន្ទាប់​ពី​អា​មេ​រិ​ក​ដក​ទណ្ឌកម្មសេដ្ឋកិច្ច

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អស់​រយៈពេល​២​អាទិត្យ បន្ទាប់​ពី​លោក​ប្រធានាធិបតី Barack Obama បាន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​មួយ​ចំនួន​ធំ​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា អ្នកដឹកនាំ​របស់​ប្រទេស​នេះ លោកស្រី Aung San Suu Kyi

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អស់​រយៈពេល​២​អាទិត្យ បន្ទាប់​ពី​លោក​ប្រធានាធិបតី Barack Obama បាន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​មួយ​ចំនួន​ធំ​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា អ្នកដឹកនាំ​របស់​ប្រទេស​នេះ លោកស្រី Aung San Suu Kyi បាន​និយាយ​ទៅ​កាន់​វិនិយោគិន​បរទេស និង​សន្យា​ថា នឹង​មានច្បាប់ ក៏​ដូច​ជា​ឱកាស​ច្បាស់លាស់​ក្នុង​វិស័យសេដ្ឋកិច្ច​ដែល​មិន​ទាន់​អភិវឌ្ឍន៍​។

តាំងពី​ការ​ផ្ទេរអំណាច​មក​ដល់​ខែមេសា​មក លោកស្រី Suu Kyi ត្រូវ​បាន​រិះគន់​លើ​ការ​ពន្យារពេល​បង្កើត​គណៈកម្មាធិការ​ដើម្បី​អនុញ្ញាត​គម្រោង​វិនិយោគ​ពី​បរទេស ទៅ​លើ​ការ​តាមដាន​ហួសហេតុ​នៃ​ការដ្ឋាន​សាងសង់​ក្នុង​ទីក្រុង​ធំ​ជាងគេ​របស់​ប្រទេស និង​គម្រោង​សេដ្ឋកិច្ច​ដែល​មិន​ទាន់​មាន​ភាព​ល្អិតល្អន់​នៅឡើយ ។

ទាំង​អស់នេះ​ត្រូវ​បាន​បូក​បញ្ចូល​ជាមួយ​អ​ស្ថិរភាព​នយោបាយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​ដំបូង​ធ្វើ​ឲ្យ​ការ​វិនិយោគ​ពី​បរទេស​មាន​ត្រឹមតែ​៣៨០​លាន​ដុល្លារ​ក្នុង​អំឡុង​ពី​ខែមេសា ដល់​ខែកក្កដា ខណៈ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មាន​ដល់​ទៅ​២,៦​ប៊ី​លាន​ដុល្លារ ។

ប៉ុន្តែ​ស្ថានភាព​ត្រូវ​បាន​ប្រែប្រួល​ក្នុង​ខែកញ្ញា ជា​ពេល​ដែល​លោកស្រី Suu Kyi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់ Washington ហើយ​លោក Obama ក៏​បាន​ប្រកាស​ពី​គោល​បំណង​​របស់​លោក ក្នុង​ការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញ​ផង​ដែរ​។ លោកស្រី Suu Kyi ក៏​បាន​ប្រញាប់ប្រញាល់​ជំរុញ​ច្បាប់​វិនិយោគ​ពី​បរទេស និង​ច្បាប់​ដទៃ​ដែល​ទាក់ទង​ភ្លាមៗ។

ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច លោកស្រី Suu Kyi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​បរទេស​ជា​ច្រើន រួម​មាន​ប្រទេស​ចិន ថៃ សហរដ្ឋអាមេរិក និង​ឥណ្ឌា ដើម្បី​លើកតម្កើង​ប្រទេស​មី​យ៉ា​ន​ម៉ា ជា​ប្រទេស​សម្រាប់​ការ​វិនិយោគ ។ ចំណែកឯ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​កើត​មាន​ឡើង​ក្នុង​ខែវិច្ឆិកា ខាង​មុខ​ផង​ដែរ ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ Kyaw Win បាន​ព្យាយាម​ធានា​ដល់​វិនិយោគិន​បរទេស ដោយ​សន្យា​ថា ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​ដូចនឹង​ក្រុមហ៊ុន​ក្នុងស្រុក​ដែរ ហើយ​ពួក​គេ​នឹង​មិន​ជួប​ប្រទះ​នូវ​ការ​ដកហូត​សិទ្ធិ និង​អាជ្ញា​ប័​ណ្ឌ​ធ្វើ​អាជីវកម្ម​ពី​រដ្ឋ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​៥០ ឆ្នាំ ដែល​ប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​កង​យោធា​មក ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវថ្នល់ អាកាសយានដ្ឋាន ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ប្រទេស​ត្រូវ​បាន​ខូចខាត មាន​ន័យ​ថា វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​នៅ​អន់​ថយ​ណាស់ ហើយ​កំណើនសេដ្ឋកិច្ច​៨%​ប្រចាំឆ្នាំ​នោះ ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​នាំ​ចូល ។ វា​ធ្វើ​ឲ្យ​មាន​គម្លាត​សេដ្ឋកិច្ច និង​ឱនភាព​កាន់តែ​ខ្លាំង​ដែល​បាន​ដាក់​សម្ពាធ​ដល់​រូបិយប័ណ្ណ​ក្នុងស្រុក ។

លោក Kyaw Win និយាយ​ថា ៖ « ពួក​យើង​ត្រូវ​តែ​ជំរុញ​ដល់​ពាណិជ្ជកម្ម ដោយ​បង្កើន​ការ​នាំ​ចេញ និង​កាត់​បន្ថយ​ការ​នាំ​ចូល​តាម​រយៈ​ការ​បង្កើត​ឧស្សាហកម្ម​ជំនួស​ការ​នាំ​ចូល » ។

លោក​បន្ត​ថា វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ផលិតកម្ម​ក្នុងស្រុក​នៃ​ក្រុមហ៊ុន​ធុន​តូច​និង​មធ្យម ហើយ​សន្យា​ថា នឹង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ។

លោក Kyaw Win ក៏​បាន​សន្យា​ថា នឹង​ទប់ស្កាត់​ទំនិញគេចពន្ធ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចំណូល​ពន្ធដារ ។ រដ្ឋាភិបាល​កណ្តាល​របស់​មី​យ៉ា​ន់​ម៉ា​នៅ​មិន​ទាន់​អាច​គ្រប់គ្រង​ផ្នែក​ដ៏​ធំ​នៅ​ប៉ែក​ព្រំដែន​ខាងជើង​ឆៀង​ខាងកើត ជាប់​នឹង​ប្រទេស​ចិន​និង​ថៃ ជា​តំបន់​ដែល​ក្រុម​បះបោរ​គ្រប់គ្រង​ពាណិជ្ជកម្ម​ឆ្លង​ដែន​នៅឡើយ​ទេ ។

រដ្ឋមន្ត្រី​ខាងលើ​បន្ថែម​ថា ៖ « ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​កំពុង​តែ​រាលដាល ។ បរិមាណ​ពាណិជ្ជកម្ម​ខុសច្បាប់ គឺ​ច្រើន​ជាង​ពាណិជ្ជកម្ម​ស្របច្បាប់​ទៅ​ទៀត ។ ហេតុនេះ ពួក​យើង​កំពុង​ព្យាយាម​បញ្ឈប់​វា » ៕