ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ទី​100​ពាន់​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសយានដ្ឋាន​អន្តរ ជាតិ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​ហើយ ដោយ​កាលពី​ថ្ងៃ​ទី​២១ តុលា កន្លង​មក អាកាសយានដ្ឋាន​នេះ​បាន​ទទួលភ្ញៀវ​ទី​១០០​ពាន់​របស់​ខ្លួន ។

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសយានដ្ឋាន​អន្តរ ជាតិ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​ហើយ ដោយ​កាលពី​ថ្ងៃ​ទី​២១ តុលា កន្លង​មក អាកាសយានដ្ឋាន​នេះ​បាន​ទទួលភ្ញៀវ​ទី​១០០​ពាន់​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​កោះសន្ដិភាព​ទទួល​បាន ។

អ្នក​នាង Himezawa Gana Diola ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ហូ​ជី​មិ​ញ តាម​ជើង​យន្តហោះ Angkor Air របស់​កម្ពុជា គឺជា​អតិថិជន​ដែល​មានសំណាង​ម្នាក់​នោះ ហើយ​អ្នក​នាង​ក៏​បាន​ទទួល​នូវ​កម្រងផ្កា​ដ៏​ស្រស់​ស្អាត​ដើម្បី​អបអរ​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ ។

ដើម្បី​អបអរ​ព្រឹត្តិការណ៍​នេះ ក៏​ដូច​ជា​យក​ឱកាស​នេះ​សម្រាប់​ការ​កែសម្រួល​ចំណត​យន្តហោះ​ផង​នោះ Cambodia Airports ដោយ​មានការ​សហការ​ជាមួយ Cambodia Angkor Air ក៏​បាន​រៀបចំ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​ពិសេស​ជូន​អ្នក​នាង​ផង​ដែរ ។ ស្នាម​បាតដៃ​របស់​អ្នក​នាង Himezawa ត្រូវ​បាន​ដាក់​លើ​ផ្ទាំង​ឈ្មោះ​ទុកជា​អនុស្សាវរីយ៍ ហើយ​ផ្ទាំង​ដែល​មានឈ្មោះ​របស់​នាង និង​កាលបរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​ខាងលើ​នោះ នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​ជញ្ជាំង​នៃ​ចំណត​ថ្មី​ផង​ដែរ ។

ទិន្នន័យ​របស់​អតិថិជន​ទី​១០០​ពាន់​នេះ គឺ​ទទួល​បាន​តាម​រយៈ​ការ​បូក​បញ្ចូល​នូវ​ភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​ក្នុងស្រុក​ដែល​បាន​ចុះ​ចត និង​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ តាំងពី​ដើមឆ្នាំ​២០១៦​មក ។

សមិទ្ធផល​នេះ​បាន​បង្ហាញ​ពី​ចលនា​អ្នកដំណើរ​របស់​អាកាសយានដ្ឋាន​ខាងលើ ដែល​នឹង​រាយការណ៍​ពី​ការ​លូតលាស់​ប្រមាណ​៤១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ បើ​ធៀប​នឹង​ឆ្នាំ ២០១៥​កន្លង​មក​វិញ ចលនា​យន្តហោះ​ត្រូវ​បាន​គិត​ថា នឹង​កើនឡើង​៣០%​ឯណោះ ។

សកម្មភាព​វិជ្ជមាន​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះ​សីហ​នុ ដែល​សម្បូរ​ទៅ​ដោយ​ចរាចរ​ភ្ញៀវ​កម្សាន្ត គឺ​មាន​ស្ថិរភាព​ដោយសារ​តែ​ការ​លូតលាស់​ផ្នែក​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា និង​ភាព​ទាក់ទាញ​ថ្មី​ៗ​នៃ​តំបន់ឆ្នេរ​របស់​ប្រទេស​នេះ ។

លោក Éric Delobel ប្រធាន​ប្រតិបត្តិ​របស់ Cambodia Airports ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ទៅ​លើ​បណ្តាញ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា បាន​និយាយ​ថា ៖ «​ជាមួយនឹង​ការ​មក​ដល់​នូវ​យន្តហោះ​ដឹក​អ្នកដំណើរ​ថ្មី​ៗ និង​ការ​បើក​ដំណើរការ​នៃ​សេវាកម្ម​អន្តរជាតិ​ក្នុងឆ្នាំនេះ យើង​អាច​និយាយ​បាន​ថា អតិថិជន​ទី​១០០​ពាន់​នេះ គឺជា​សក្ខីភាព​មួយទៀត​បង្ហាញ​ពី​ការ​លូតលាស់​នៃ​វិស័យ​ទេសចរណ៍​ផ្នែក​សមុទ្រ » ។

លោក​ថា ៖ « យើង​អាច​មើលឃើញ​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​យើង​ជាមួយនឹង​ក្រសួងទេសចរណ៍​របស់​កម្ពុជា សណ្ឋាគារ និង​ក្រុមហ៊ុន​ដំណើរ​កម្សាន្ត គឺ​ពិតជា​នាំ​មក​នូវ​លទ្ធផល​ជាក់ស្តែង​ពិតមែន ។ ដើម្បី​សម្រប​ខ្លួន​តាម ក៏​ដូច​ជា​ជំរុញ​ដល់​ការ​លូតលាស់ ពួក​យើង​នឹង​បន្ត​ជំរុញ​ឲ្យ​មាននូវ​ផ្លូវ​ថ្មី បង្កើន​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្តល់​ជា​សេវាកម្ម​មានគុណ​ភាព​ខ្ពស់​ទៅ​កាន់​អតិថិជន​របស់​ពួក​យើង​ផង​ដែរ » ។
ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ក៏​បាន​ប្រកាស​ពី​គម្រោង​បើក​ការ​ហោះហើរ​មក​កាន់​ទឹកដី​ខេត្ត​មួយ​នេះ​ផង​ដែរ ។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ឧត្តមភាព​នៃ​អាកាសចរណ៍​អាស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Tony Fernandes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ឲ្យ​ដឹង​ថា ៖  «​ឥឡូវនេះ យើង​កំពុង​តែ​រក​ឱកាស​ហោះហើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ព្រោះថា ទីនោះ​ជា​ទិស​ដៅ​ទេសចរណ៍​មួយ​កំពុង​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​។ ម្យ៉ាង គម្រោង​ហោះហើរ​ទៅ​កាន់​ទីនោះ ក៏​ជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​រីក​ចម្រើន​ទ្វេ​ដង​ថែម​ទៀត​» ៕