ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​នៅ​សង្កាត់​ទៀន​ដែល​ដាច់​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៤ តុលា​ថា

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៤ តុលា​ថា កំណាត់​ផ្លូវលំ​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​ផ្លូវ​កោង​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ ដែល​ត្រូវ​បាន​កម្លាំង​ទឹក​ហៀរ​ពី​ស្ទឹង​ព្រែក​ត្នោត បុក​ខ្លាំង​បណ្ដាល​ឲ្យ​បាក់​ដាច់​ប្រមាណ​ជាង​៧០​ម៉ែត្រ​នោះ ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ​នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នោះ បន្ទាប់​ពី​ការ​ខិតខំ​ជម្នះ​រាល់​ការ​លំបាក​ក្នុង​ការ​ទប់ទឹក​ពី​សំណាក់​ក្រុមការងារ ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ខណ្ឌ អស់​រយៈពេល​ជិត​១០​ថ្ងៃ​កន្លង​មកនេះ ។

ក្រោយ​ពេល​ផ្លូវ​ដាច់ អាជ្ញាធរ​ខណ្ឌ​បាន​សហការ​ជាមួយ​ក្រសួង​ធនធាន​ទឹកបាន​ទប់​ឡើង​វិញ ដោយ​ខាង​ក្រសួង​មាន​កម្លាំង​មន្ត្រី​បច្ចេកទេស និង​គ្រឿងចក្រ​ព្រមទាំង​រថយន្ត​ដឹក​ដី​ដាក់​ប្រចាំការ ។ ចំណែក​ខាង​អាជ្ញាធរ​ខណ្ឌ បាន​រក​ទីតាំង​ជីកដី សម្រាប់​ដឹក​យក​ទៅ​ច្រក​បាវ​ដាក់​ទប់​រហូត​ពេល​នេះ ទប់​បាន​សម្រេច​ជា​ស្ថាពរ​ឡើង​វិញ​ហើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាសង្កាត់​ទៀន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ តុលា​ថា ផ្លូវ​ទំនប់​សណ្ដ​ស្ទឹង ត្រង់​ចំណុច​ភូមិ​សាលា សង្កាត់​ទៀន​នេះ គឺជា​ចំណុច​ផ្លូ​កោង ដោយ​ទីនោះ​មាន​ស្ពាន​តូច​មួយ​ផង​ដែរ ។ ដោយសារ​តែ​បែប​នេះ ទើប​ពេល​ទឹក​ឡើង​ហូរ​ខ្លាំង ក៏​បាន​បុក​បណ្ដាល​ឲ្យ​ដាច់ ។ មិនតែប៉ុណ្ណោះ​ទំនប់​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ការពារ​មិន​ឲ្យ​លិច​ភូមិឋាន​ប្រជាពលរដ្ឋ ដីស្រែ​រាប់រយ​ហិ​កតា និង​ផ្លូវថ្នល់​ជា​ច្រើន​កន្លែង ហើយ​បន្ទាប់​ពី​ផ្លូវ​នោះ​ដាច់​បាន​បង្ក​ឲ្យ​មានការ​លិចលង់​គ្រប់កន្លែង ជា​ពិសេស​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ។

ដោយឡែក​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ស្ពានថ្ម​មួយ​រូប បាន​ឲ្យ​ដឹង​ថា ផ្លូវ​លេខ​២១៧ ត្រូវ​បាន​ទឹក​លិច​បង្ក​ឲ្យ​មានការ​បិទ​ចរាចរណ៍​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ក៏​ព្រោះតែ​ការ​បាក់​ផ្លូវ ទំនប់​សណ្ដ​ស្ទឹង​ត្រង់​ចំណុច​ខាងលើ​នោះ ប៉ុន្តែ​នៅ​ពេល​ផ្លូវ​ខាងលើ​នេះ ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​នោះ ទឹក​លែង​ហូរ​ធ្លាក់​មក​ថែម​ទៀត កំណាត់​ផ្លូវ​២១៧ នោះ​ក៏​លែង​លិច​ទៀត​ដែរ និង​អាច​ស្រក​រីង​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ ។​ប៉ុន្តែ​មួយ​រយៈ​នៃ​ការ​លិច​ទឹក​នោះ បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​ចំការ​ដូង​នេះ ត្រូវ​បាន​ទឹក​ហូត​ដាច់​ច្រើន​កន្លែង​ផង​ដែរ ហើយ​ចរាចរណ៍​ក៏​អាច​ត្រូវ​បាន​វាង​បណ្ដោះអាសន្ន​ទម្រាំ​ទឹក​ស្រក​អស់ និង​មានការ​ជួសជុល​ឡើង​វិញ ៕