ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​ត្រូវ​គេ​វាយ​ហើម​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អធិការរង​ទទួល​បន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌ​ពោធិ៍​សែន​ជ័យត្រូវ​បុរស​ម្នាក់​វាយ​ចំ​ក្រោម​ភ្នែក​ចំហៀង​ខាងស្តាំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​…

រាជធានី​ភ្នំពេញ ៖ លោក​អធិការរង​ទទួល​បន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខណៈ​ទាស់សម្តី​គ្នា​ក៏​ត្រូវ​បុរស​ម្នាក់​វាយ​ចំ​ក្រោម​ភ្នែក​ចំហៀង​ខាងស្តាំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង​អត់លេខ ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ កិត វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​តួនាទី​ជា អធិការរង ទទួល​បន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់​នៅផ្ទះ​លេខ​៣១០ ផ្លូវលំ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​បង្ក​មានឈ្មោះ ផ​ន សុភា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២២៧ ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​កណ្តុរ​ល្មែះ​ជូន​ម្តាយ​របស់​គាត់​ទៅ​ផ្ទះ​នៅ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​អត់លេខ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​ផ្លូវ​តូច​ចង្អៀត​ហើយ​ស្ទះចរាចរណ៍ ស្រាប់តែ​បុរស​ជា​ជន​បង្ក​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-0662 ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​អត់លេខ​ដែរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(​បញ្ច្រាសទិស​គ្នា​)​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជិះ​មក​ឈប់​ពីមុខ​រថយន្ត​គាត់ រួច​បើកភ្លើង​ហ្វា​ម៉ូតូ​ចុះឡើង​ៗ ពេល​នោះ​រូប​គាត់​បាន​ចុច​កញ្ចក់​រថយន្ត រួច​សួរ​ថា មានរឿង​អី ស្រាប់តែ​ជន​បង្ក​រូប​នោះ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់ បាន​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​មក​វាយ​រូប​គាត់​១​ដៃ​ចំ​ក្រោម​ភ្នែក​ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​ហើម​បន្តិច ពេល​នោះ​រូប​គាត់​បាន​ចុះ​ពីលើ​រថយន្ត​ដើម្បី​សួរនាំ តែ​ជន​បង្ក​បាន​ស្ទុះ​ទៅ​វាយ​គាត់​ទៀត តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ឃាត់​ទាន់ បន្តិច​ក្រោយមក​ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​ខ្លួន​ជន​បង្ក និង​រូប​គាត់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរនាំ ជន​បង្ក​មិន​បាន​និយាយ​ស្ដី​អ្វី​ទាំងអស់ ហើយ​ស្វាង​ស្រវឹង​បន្តិច​ដឹង​កំហុស​បាន​លើ​ដៃ​សំពះសុំទោស​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​លើកទោស​ឲ្យ​ទេ បាន​ដាក់​ពាក្យបណ្ដឹង​ទាម​ទារជំងឺចិត្ត​ចំនួន​៥០០​ដុល្លារ ប៉ុន្តែ​ជន​បង្ក​អត់​មាន​លុយ បាន​ត្រឹមតែ​សុំ​ទោស​ប៉ុណ្ណោះ ។ បន្ទាប់​មក​ដោយសារ​តែ​ចរចា​គ្នា​អត់​ត្រូវ ជន​រង​គ្រោះ​សូម​ឲ្យ​សមត្ថកិច្ច​ធ្វើ​តាម​និ​តិ​វិធី ៕