ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​រំដោះ​គោ​យន្ត​ដឹកឈើ​ពី​កណ្ដាប់ដៃ​​ប៉េ​​អឹ​ម

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជិត​២០០​នាក់ រស់នៅ​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី បាន​លើកគ្នា​មក​រំដោះ​យក​គោ​យន្ត​ដឹកឈើ​របស់​ពួក​គាត់​ចំនួន​៦​គ្រឿង ចេញពី​កណ្តាប់ដៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសយក​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​មានការ​ចុះ​ឡោម​ព័​ទ្ធ​ចាប់​ឃាត់​នៅ​លើ​ផ្លូវលំក្បែរ​ផ្លូវជាតិ​លេខ​៧អស់​ជា​ច្រើន​ម៉ោង ។

ខេត្តក្រចេះ ៖ ពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជិត​២០០​នាក់ រស់នៅ​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី បាន​លើកគ្នា​មក​រំដោះ​យក​គោ​យន្ត​ដឹកឈើ​របស់​ពួក​គាត់​ចំនួន​៦​គ្រឿង ចេញពី​កណ្តាប់ដៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសយក​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​មានការ​ចុះ​ឡោម​ព័​ទ្ធ​ចាប់​ឃាត់​នៅ​លើ​ផ្លូវលំក្បែរ​ផ្លូវជាតិ​លេខ​៧អស់​ជា​ច្រើន​ម៉ោង ។

ភាព​តានតឹង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ បាន​កើតឡើង​តាំង​ម៉ោង​៤​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២ តុលា នៅ​លើ​ផ្លូវលំ​ក្នុង​ឃុំ​គោ​លាប់ ក្បែរ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី រវាង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់ ជាមួយនឹង​កម្លាំង​កងរាជអាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កង​អាវុធហត្ថ​ស្រុក និង​ខេត្ត​ជាង​៣០​នាក់​។ បាន​ប្រកែក​តវ៉ា​គ្នា​តឹង​ស​សៃ​.​ក ផ្តើម​ចេញពី​ករណី​បង្ក្រាប​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​គ្រាក់​ធ្នង់ បន្តិច​មក​ក៏​ត្រូវ​បាន​ធូរស្រាល​វិញ បន្ទាប់​ពី​ពលរដ្ឋ​ប្រុស​-​ស្រី​ក្មេង​ចាស់​ជិត​២០០​គ្រួសារ សុ​ទ្ធ​សឹង​មាន​ទីលំនៅ​ឃុំ​គោ​លាប់ បាន​នាំ​គ្នា​ចេញ​មក​រំដោះ​យក​គោ​យន្ត​ទាំង​៦​គ្រឿង​របស់​ពួក​គាត់​វិញ ដោយ​សម្រេច​ទម្លាក់​ឈើ​អុស​គ្រាក់​ធ្នង់​ទាំងនោះ ចោល​នៅ​ចិញ្ចើម​ផ្លូវ ។

មេឃុំ​គោ​លាប់ លោក ឈុំ ឆូ​យ ដែល​មាន​វត្តមាន​ក្នុង​ការ​ចុះ​សម្របសម្រួល​ដោះស្រាយ​ភាព​តានតឹង រវាង​ពលរដ្ឋ​ជាមួយនឹង​កម្លាំង​អាវុធហត្ថ​ជិត​៣០​នាក់ ដែល​បាន​ឡោម​ព័​ទ្ឋ​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​របស់​ពួក​គាត់​៦​គ្រឿង​នោះ មាន​ប្រសាសន៍​ថា ស្ថានការណ៍​នោះ មិន​បាន​បង្ក​ឲ្យ​ប៉ះពាល់​រហូត​មាន​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ។ ក្រោយ​ពី​មានការ​ចរចា​មិន​ត្រូវ​គ្នា រវាង​ពលរដ្ឋ​ជាមួយនឹង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​បញ្ជា​បេសកកម្ម​ឲ្យ​មក​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​រើសមុខ និង​ឈរ​លើ​ជំហរ​បង្ក្រាប​យ៉ាង​ដាច់អហង្ការ តែ​ក៏​ត្រូវ​បាន​ធូរស្រាល និង​រំសាយ​វិញ​បន្ទាប់​ពី​ពលរដ្ឋ​បះបោរ​នាំ​គ្នា​ឡើង​លើ​គោ​យន្ត​កន្ត្រៃ​ទាំង​៦​គ្រឿង ស្រាយ​ឈើ​គ្រាក់​ធ្នង់​ទម្លាក់​ចោល ហើយ​បាន​បើក​គោ​យន្ត​ទាំងនោះ​ត្រឡប់​ចូល​ផ្ទះ​រៀង​ៗ​ខ្លួន ។ ចំណែកឯ​ឈើ​ទាំង នោះ ក៏​ត្រូវ​បាន​មេព្រៃ​នាំ​យក​ទៅ​រក្សា​ទុក ។

ពលរដ្ឋ​ដែល​រង​ការ​ចាប់​យក​ឈើ​ទាំងនោះ​បាន​លើក​ឡើង​ថា ឈើ​ទាំងនេះ​ត្រូវ​បាន​ពួក​គាត់​ចូល​ទៅ​ព្រៃ​ជ្រៅ​ៗ ជីក​កាយ​ពី​ក្នុង​ដី​ដែល​​ត្រូវ​គេ​ឈូ​យ​ឆាយ​កប់​ចោល ដឹក​យក​មក​សម្រាប់​លក់ គ្រាន់​បាន​លុយ​បង់​រំលស់​តម្លៃ​គោ​យន្ត​ដែល​ទិញ​បណ្ដាក់ ។ ពួក​គាត់​និយាយ​ទៀត​ថា ពួក​គាត់​ពិបាក​ណាស់ ទំ​រាំ​ជីក​យក​គល់ឈើ​ទាំងនេះ​បាន ដោយ​ត្រូវ​ចំណាយពេល​ជាង​១០​ថ្ងៃ​នៅ​ក្នុង​ព្រៃ ឆ្លង​ទឹក​ព្រែក អូរ កាត់​ព្រៃ​កាត់​ផ្សៃ ទំ​រាំ​បាន​ឈើ​យក​មក​លក់​បាន​កម្រៃ​បន្តិច​ប​ន្ទួ​ច គ្រាន់​ដោះស្រាយ​ជីវភាព ។ ហើយ​ចំនួន​ឈើ​អុស​គ្រាក់​ធ្នង់​ដែល​ពួក​គាត់​បាន​យក​មក​ពី​ក្នុង​ព្រៃ ដឹក​តាម​គោ​យន្ត​ទាំង​៦​គ្រឿង​នេះ មាន​បរិមាណ​ជិត​មួយ​ម៉ែត្រគូប​តែ​ប៉ុណ្ណោះ ។

ពួក​គាត់​ទទួលស្គាល់​ថា របរ​នេះ​គឺ​ពិតជា​ខុសច្បាប់ តែ​គ្មាន​ជម្រើស​សំរាប់​ពួក​គាត់ ខណៈ​ដែល​ពួក​គាត់​ទាំងអស់​គ្នា សុ​ទ្ឋ​តែ​បាន​ទិញ​គោ​យន្ត​បណ្ដាក់​តម្លៃ ដោយ​ការ​បង់​រំលស់​ទៅ​ក្រុមហ៊ុន និង​លួច​ចូល​ដឹកឈើ​តិចតួច​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ឆ្នាំង ។ ម្យ៉ាងទៀត ពួក​គាត់​បាន​មើលឃើញ​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រូបភាព​ទ្រង់ទ្រាយ​ធំ​នៅ​តែ​កើត​មាន ម្លោះ​ហើយ​ពួក​គាត់​ក៏​លួច​ឆក់កណ្តៀត​ទៅ​ជាមួយ​គេឯង ក្រែង​មាន​កម្រៃ​ខ្លះ​ៗ ។

ពួក​គាត់​ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរ​ប្រើប្រាស់​កណ្តាប់ដៃ​ធ្ងន់​ៗ​នេះ ទៅ​លើ​ឈ្មួញ​រកស៊ី​ធំ​ៗ​ផង មិន​គួរ​យក​កាំបិត​បុ័ងតោ​សម្លាប់​កូន​មាន់​ដែល​ដឹក​ជញ្ជូន​តិចតួច​គ្រាន់​ចិញ្ចឹម​ឆ្នាំង​បែប​នេះ ហើយ​ការ​ឡោម​ព័​ទ្ឋ​ពួក​គាត់ ប្រៀប​ដូច​ពួក​គាត់​ជា​អ្នកទោស​ឧក្រិដ្ឋជន​ធ្ងន់ធ្ងរ ។ សួរ​ថា ឈ្មួញ​ឈើ​ធំ​ៗ និង​ពួក​គាត់ មួយ​ណា​ត្រូវ​បង្ក្រាប​មុន ?

មិន​អាច​រក​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ ពី​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ ដែល​អនុវត្ត​ច្បាប់​បង្ក្រាប​គោ​យន្ត​ដឹក​គល់ឈើ​គ្រាក់​ធ្នង់​ទាំងនេះ៕