ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​សត្វ​សុនខ​ហិតក្លិន ស្រាវជ្រាវ​ករណី​គាស់​ទូដែក​យក​លុយរាប់​លាន​ដុល្លារ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ពោធិ៍សាត់

អស់​រយៈពេល​ជាង​២​ថ្ងៃ​មក​ហើយ ដែល​ក្រុម​ចោរ​បាន​នាំ​គ្នា​ចូល​គាស់​ទូដែក​តម្កល់​លុយរាប់​លាន​ដុល្លារ​នៅ​រោងចក្រ «​តៃ​អ៊ី​ហ្ស៊ី​» ស្ថិត​ក្នុងស្រុក​ក្រគរ ហើយ​សមត្ថកិច្ច​ចម្រុះ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស

ខេត្តពោធិ៍សាត់ ៖ អស់​រយៈពេល​ជាង​២​ថ្ងៃ​មក​ហើយ ដែល​ក្រុម​ចោរ​បាន​នាំ​គ្នា​ចូល​គាស់​ទូដែក​តម្កល់​លុយរាប់​លាន​ដុល្លារ​នៅ​រោងចក្រ «​តៃ​អ៊ី​ហ្ស៊ី​» ស្ថិត​ក្នុងស្រុក​ក្រគរ ហើយ​សមត្ថកិច្ច​ចម្រុះ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​។

នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ មន្ត្រី​ប៉ូលិស​ក្រសួងមហាផ្ទៃ នឹង​ប្រើ​សត្វ​សុនខ (​សត្វ​ឆ្កែ​) ពិសេស ជំនាញ​ខាង​ហិតក្លិន ដើម្បី​ស្រាវជ្រាវ​បន្ត​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​៤​នាក់ បាន​ប្រើ​ស្រោមដៃ​, បិទ​របាំងមុខ​បំភាន់ អត្តសញ្ញាណ​ធ្វើ​សកម្មភាព​អំឡុង​ម៉ោង​១​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែឧសភា ហើយ​បាន​កាច់​បំបាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​គោលដៅ​សំខាន់​ៗ​មុន​ពេល​ចូល​ទៅ​ប្លន់​យក​លុយ​ទាំងនោះ​។

សមត្ថកិច្ច​បន្ត​ថា ក្រុម​ចោរ​បាន​កាត់​សោ​ទ្វារ​បង​ខាង​មុខ និង​ចូល​ក្នុង​បន្ទប់​ដោយ​រើ​កកាយ គាស់​កំទេច​ទូដែក​ចំនួន​៤​ហើយ រួច​ប្រមូល​លុយ​ដុល្លារ និង​ឯកសារ សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន​នៅ​ក្នុង​ទូដែក បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

បើ​តាម​ប្រភព​ខ្លះ​ក៏​បាន​ឲ្យ​ដឹង​ថា លុយ​នៅ​ក្នុង​ទូដែក​នោះ គឺ​មាន​រាប់​លាន​ដុល្លារ ដោយសារ ទើប​ដក​មក​ពី​ធនាគារ ដើម្បី​ត្រៀម​បើក​ប្រាក់ខែ​ដល់​កម្មករ​រាប់​ពាន់​នាក់​។

តាម​ការ​សន្និដ្ឋាន​ជាបឋម​ពី​សមត្ថកិច្ច បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​ចោរ​អាច​ជា​មនុស្ស​ធ្វើការ​ក្នុង​រោងចក្រ​នោះ ព្រោះ​ដឹង​សព្វកន្លែង​ផ្ទៃក្នុង​របស់​រោងចក្រ​។ មេក្រុម​សំខាន់​ៗ​ជា​ច្រើន​នាក់ រួម ទាំង​ជនបរទេស​ផង ត្រូវ​បាន​ប្រមូល​ឲ្យ​មក​ផ្ដិត​មេដៃ ដើម្បី​ធ្វើ​កោសល្យវិច័យ ហើយ​ក្រុម​ជំនាញ​ក៏​កំពុង​ប្រើ​សត្វ​សុនខ (​ឆ្កែ​) ពូកែ​ហិតក្លិន ដើម្បី​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​នោះ​ផ្ទាល់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ