ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ​ត្រូវ​បាន​ស្ថាបនា​ក្នុងស្រុក​ត្បូងឃ្មុំ ស្រុក​អូរ​រាំង​ឪ និង​ក្រុង​សួង

1 ឆ្នាំ មុន
  • កំពង់ចាម

ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ ដែល​ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​តាម​រយៈ​ធនាគារពិភពលោក បាន​ត្រូវ​ស្ថាបនា​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ ស្រុក​អូរ​រាំង​ឪ និង​ក្រុង​សួង ដើម្បី​ជួយ​សម្រួល​ដល់

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ ដែល​ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​តាម​រយៈ​ធនាគារពិភពលោក បាន​ត្រូវ​ស្ថាបនា​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ ស្រុក​អូរ​រាំង​ឪ និង​ក្រុង​សួង ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា
ពលរដ្ឋ ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​ផ្សារ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ។

លោក អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិ​វឌ្ឍន៍​ជនបទ បាន​យកចិត្តទុកដាក់​ជួយ​ស្ថាបនា​ផ្លូវ​បេតុង ដោយ​ចាប់ពី​ចំណុច​ក្បែរ​សាលាឃុំ​ទន្លេ​បិទ បន្ត​មក​ដល់​ស្ពាន​ព្រែក​តា​ខ្វាន់ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ តែ​ដោយសារ​គ្រោះ​ធម្មជាតិ​នៅ​រដូវ​ទឹកជំនន់​ពី​ទន្លេមេគង្គ ធ្វើ​ឱ្យ​ផ្លូវ​បេតុង​នៅ​ព្រែក​តា​ខ្វាន់​រង​ការ​ខូចខាត​ដោយ​អន្លើ​កាលពី​ឆ្នាំ​២០១៨ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា ពេល​ដែល​គម្រោង​ជួសជុល​បាន​ទម្លាក់​មក​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២១ ផ្លូវ​បេតុង​និង​ស្ពាន​ព្រែក​តា​ខ្វាន់​ត្រូវ​បាន​ធ្វើការ​ជួសជុល​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើង​វិញ​។ ជាមួយ​នេះ ក៏​បាន​បន្ត​ការ​ស្ថាបនា​ផ្លូវ​បេតុង​បន្ត​រហូត​ទៅ​ដល់​វត្ត​ព្រះ​ធាតុ ក្នុងស្រុក​អូ​រាំង​ឪ ដែល​មាន​ចម្ងាយ​១២,៥០​គីឡូម៉ែត្រ មក​ដល់​ពេល​នេះ​ ស្ថាបនា​បាន​ប្រមាណ ៩៧%​ហើយ ។ ក្រៅពី​នេះ​ក៏​មាន​ផ្លូវ​បេតុង​ចំនួន​៤​ខ្សែ​ទៀត​រួម​មាន ៖

១-​ចាប់ពី​ចំណុច​ផ្សារ​អូរ​រាំង​ឪ ឆ្ពោះ​មក​ដំ​ណា​ក់​ព្រីង មាន​ចម្ងាយ​១២​គីឡូម៉ែត្រ ។
២-​ចាប់ពី​គល់​ស្ពាន​ពាមជីលាំង បន្ត​មក​ដល់​សាលាឃុំ​ថ្ម​ពេជ្រ មាន​ចម្ងាយ​១២​គីឡូម៉ែត្រ ។
៣-​ចាប់ពី​ចំណុច​វត្ត​វិហារ​ហ្លួង ក្រុង​សួង មក​ដល់​ភូមិ​ព្នៅ ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ មាន​ចម្ងាយ ៧,៥០​គីឡូម៉ែត្រ ។
៤-​ចាប់ពី​ចំណុច​សាលាឃុំ​រកា​ព​ប្រាំ មក​ដល់​ភូមិ​ព្រលិត មាន​ចម្ងាយ ១៤,៥០​គីឡូម៉ែត្រ ។

លោក អាន ស៊ី​ណា បញ្ជាក់​ថា មក​ដល់​បច្ចុប្បន្ន ក្រុម​ជំនាញ​វិស្វករ​កំពុង​ចុះ​សិក្សា​ពី​គម្រោង​សាងសង់​ស្ពានបេតុង​អង់កូ ដែល​បាន​បាក់​ស្រុត​ប្រវែង​ជិត​១០០​ម៉ែត្រ ដែល​គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។ នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន រហូត​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ក្រសួង ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ។

សូម​បញ្ជាក់​ថា ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុង​ឃុំ​ទន្លេ​បិទ ប្រប​តាម​ដង​ទន្លេមេគង្គ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​តាម​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ មក​កាន់​ជី​ហែ​ក្នុងស្រុក​កោះសូទិន ងាយស្រួល​និង​ចំណាយ​ពេលវេលា​ឆាប់ ដែល​អាច​ចំណេញ​វាង​ផ្លូវ​សែន​តស៊ូ ប្រហែល​ជាង​កន្លះ​ម៉ោង​នៅ​ក្នុង​រដូវប្រាំង​។

ដោយឡែក​ក្នុង​រដូវវស្សា បើ​ទឹកទន្លេ​ឡើង​មក​លិច​ផ្លូវ​បេតុង នោះ​ចាំបាច់​ត្រូវ​តែ​ជិះ​វាង​តាម​ផ្លូវ​សែន​តស៊ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ