ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! អត់​ដឹង​អី​ផង ត្រូវ​គេ​ចាប់​វាយ​ស្ទើរ​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ២​ថ្ងៃ​ក្រោយមក ខណៈ​ពេល​បុរស​សុំ​ជិះ​ដោយសារ​កំពុង​ដើរ​តាម​ផ្លូវ មិនដឹង​ខ្លួន​ទាល់តែ​សោះ ស្រាប់តែ​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ ក៏​បាន​ស្រែ​កថា …

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត​ដែល​បុរស​ម្នាក់​បាន​ឲ្យ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​១​គ្រឿង​ទៅ​មិត្តភក្ដិ​ខ្ចី​ជិះ​ដោយ​ប្រាប់​ថា​ទៅ​ទិញ​ទឹក​សុទ្ធតែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​មាន​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ជា​ជន​ទី​៣ និង​ត្រូវជា​មិត្តភក្ដិ​របស់​ពួក​គេ​ដែរ​បាន​សុំ​អ្នក​ដែល​ខ្ចី​ម៉ូតូ​គេ​ជិះ​នោះ​ជិះ​ដោយសារ​ទៅ​ជាមួយ​ត្រឹម​កន្លែង​លក់​ទឹក​សុទ្ធ​ដែរ ។ លុះ​ពេល​ទៅ​ដល់​កន្លែង​លក់​ទឹក​សុទ្ធ​ពួក​គេ​បាន​ឈប់​បន្តិច ហើយ​បុរស​ដែល​ជា​អ្នក​សុំ​ជិះ​ដោយសារ​នោះ​បាន​លោត​ចុះ​ត្រឹមនោះ ចំណែកឯ​អ្នក​ខ្ចី​ម៉ូតូ​គេ​ជិះ​នោះ​ក៏​បាន​ជិះ​ម៉ូតូ​នោះ​បន្តដំណើរ​ទៅ​មុខ​បាត់ ប៉ុន្តែ​បុរស​ដែល​សុំ​ជិះ​ដោយសារ​មិន​បានដឹង​ថា​ជន​នោះ​យក​ម៉ូតូ​ទៅ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ឬ​មិន​ប្រគល់​នោះ​ឡើយ ។ លុះ​២​ថ្ងៃ​ក្រោយមក ខណៈ​ពេល​បុរស​សុំ​ជិះ​ដោយសារ​កំពុង​ដើរ​តាម​ផ្លូវ មិនដឹង​ខ្លួន​ទាល់តែ​សោះ ស្រាប់តែ​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ ក៏​បាន​ស្រែ​កថា ចោរប្លន់​ៗ យ៉ាង​កងរំពង និង​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា បុរស​នោះ​មាន​គ្នា​២​នាក់​ធាក់​ប្លន់​យក​ម៉ូតូ​ពី​ខ្លួន​ថែម​ទៀត ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ប៉ុន្តែ​ពេល​នោះ​ម្នាក់​ៗ​មិន​បាន​សួរនាំ​ឲ្យ​ដឹង​សាច់ រឿង​សិន​នោះ​ទេ ក៏​បាន​ព្រួត​គ្នា​វាយ​ទាត់​ធាក់​ទាំង​កំហឹង​គ្មាន​ត្រា​ប្រណី​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ ហើយ​បើ​កុំ​តែ​បាន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចុះ​ទៅ​ទាន់​ពេលវេលា ប្រហែល​ត្រូវ​កណ្ដាប់ដៃ និង​កណ្ដាប់​ជើង​របស់​ប្រជាពលរដ្ឋ​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​រង​គ្រោះ​ដោយ​ការ​ចាប់​វាយ​ទាត់​ធាក់​នោះ​ឈ្មោះ សៀង ម៉ៅ អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​កន្លែង​កើតហេតុ​មានស្រុក​កំណើត​នៅ​ខេត្តកោះកុង ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ផល ភួង អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង រីឯ​ម៉ូតូ​ដែល​ឲ្យ​មិត្តភក្ដិ​ខ្ចី​ជិះ​យក​ទៅ​បាត់​នោះ​ម៉ាក​គុប​ជ្រុង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ឆបោក​ម៉ូតូ​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សា​រយាយ​ម៉េ​វ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​តែ​ម្ចាស់​ម៉ូតូ​នោះ​ចិត្តល្អ​ឲ្យ​គេ​ខ្ចី​ជិះ និង​មិន​បាន​ស៊ើប​ឲ្យ​បាន​ច្បាស់​ថា បុរស​ដែល​សុំ​ជិះ​ដោយសារ​នោះ មានការ​ពាក់ព័ន្ធ​ជាមួយ​និង​ជន​ឆបោក​ឬ​អត់​នោះ​ឡើយ ។ អ្វី​ដែល​ជា​ការ​ហួសចិត្ត​គឺ​បុរស​ដែល​ត្រូវ​គេ​ចាប់​វាយ​នោះ​គួរ​ឲ្យ​អាណិត​បំផុត ព្រោះ​បុរស​នោះ​មិន​បានដឹង​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​នាំ​ទៅ​ធ្វើការ​សួរនាំ​ទើប​ដឹង​ថា​ជា​ការ​យល់​ច្រឡំ គឺ​បុរស​នោះ​មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ឆបោក​ម៉ូតូ​នោះ​ឡើយ ឯ​អ្នក​ឆបោក​បាន​គេចខ្លួន​បាត់​មិន​បាន​ឈឺ​សាច់​សូ​ម្បី​តែ​បន្តិច​ទេ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ការ​ចាប់ខ្លួន និង​វាយ​ទាត់​ធាក់​នោះ​គឺជា​ការ​យល់​ច្រឡំ ហើយ​ម្ចាស់​ម៉ូតូ​គឺជា​អ្នក​ត្រូវ​មានទោស​ទៅ​វិញ​ទេ ព្រោះ​បាន​ស្រែក​បំប៉ោង​សភាពការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ ដែល​បុរស​នោះ​មិន​បាន​សមគំនិត​ជាមួយ​ចោរ​បោក​ម៉ូតូ​របស់​ខ្លួន​នោះ​ឡើយ ។ ប៉ុន្តែ​នគរបាល​មិន​បាន​ចាត់ការ​ម្ចាស់​ម៉ូតូ​នោះ​ទៅ​តាម​ច្បាប់​នោះ​ទេ គឺ​ឲ្យ​រួចខ្លួន​ទៅ​វិញ នេះ​សំណាង​ហើយ​ដែល​បុរស​នោះ​មិន​ត្រូវ​បាន​គេ​វាយ​ស្លាប់ អាច​នៅ​និយាយ​កើត​ទើប​ដឹង​ថា​ជា​ការ​យល់​ច្រឡំ ប្រសិនបើ​ស្លាប់​វិញ គឺ​មានឈ្មោះ​ជា​ចោរប្លន់​ម៉ូតូ​ទាំង​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ផង ៕