ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀ.ន​បាន​ជិត​50​គ​.​ក្រ ចាប់​ជនជាតិ​ចិន​2​នាក់ បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ក្រសួងមហាផ្ទៃ បាន​បញ្ជូន​មេ​ក្លោ​ង​ជនជាតិ​ចិន​ម្នាក់​ទៀត​ក្នុង​ចំណោម​២​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បញ្ជូន​មេ​ក្លោ​ង​ជនជាតិ​ចិន​ម្នាក់​ទៀត​ក្នុង​ចំណោម​២​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​សួរនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង ស្រី ស៊ឺ វ​ណ្ណី បន្ទាប់​ពី​ជនសង្ស័យ​ជាជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​ព្រឹកម្សិលមិញ​នេះ​។

សូមរម្លឹកថា កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៦ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ដោយ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​២​នាក់ និង​រឹបអូស​វត្ថុ​តាង​ជា​សារធាតុ​ថ្នាំ​ញៀន ជិត​៥០​គីឡូក្រាម ។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ធំ​មួយ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ស៊ូ យាំង​លាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ម្នាក់​ឈ្មោះ YANG DEYING ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ។ សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​បន្ត​ទៀត ។

ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​១​ក្រុម​នេះ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រើប្រាស់​កម្លាំង​ជំនាញ​តាមដាន​សកម្មភាព​ច្រើន​ខែ​មក​ហើយ​ទម្រាំ​ចាប់​បាន ។ ដំបូង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ូ យាំង​លាង នៅ​ត្រង់​រង្វង់​មូល​ទួល​គោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈ​ពេល​ជន​នេះ​កំពុង​ដឹក​ជញ្ជូន​គ្រឿងញៀន​បម្រុង​យក​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ផ្សេង​ទៀត ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​ថ្នាំ​ញៀន​នៅ​ជាប់​នឹង​ខ្លួន​មាន​ជាង​កន្លះ​គីឡូក្រាម ។

ក្រោយ​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ថា នៅ​មាន​លាក់​ទុក​នៅផ្ទះ​បក្សពួក​ខ្លួន​មួយ​ចំនួន​ទៀត ។ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​ដកហូត​ថ្នាំ​ញៀន​បាន​ជាង​៤៤​គីឡូក្រាម​ទៀត ចំណែក​ម្ចាស់​គ្រឿងញៀន​នេះ​ត្រូវ​បាន​ឈ្មោះ ស៊ូ យាំង​លាង អះអាង​ថា ជា​មេខ្លោង​បាន​រត់គេច​ខ្លួន​បាត់​ហើយ ។

លោក សាន សុ​ទ្ធី បន្ត​ថា កិច្ច​ប្រតិបត្តិការ​នៅ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២២ តុលា កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត គឺ​ឈ្មោះ YANG DEYING  និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៦​ដុំ ស្មើនឹង​ជាង​២​គីឡូក្រាម ។ គ្រឿងញៀន​ដែល​ដកហូត​បាន​ពី​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ​មាន ៖
១-​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ទម្ងន់​១៩៨៨,១៨​ក្រាម ។
២-​ថ្នាំ​ញៀន​ប្រភេទ​អិ​ុ​ច​ស្តា​ស៊ី មាន​ចំនួន​១៩៣០​គ្រាប់ ស្មើនឹង​៧១៣​ក្រាម ។
៣-​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ដប ចំនួន​២០០០​ដប ស្មើ​១០០០​ក្រាម ។
៤-​សារធាតុ​ម្សៅ​ពណ៌​ស​សម្រាប់​កែ​ច្នៃ​ទៅ​ជា​គ្រឿងញៀន ចំនួន​៤៤​គីឡូក្រាម (៤៤​គីឡូក្រាម​នេះ​ម្ចាស់​វា​រត់​បាត់​) និង​ដកហូត​ពី​ឈ្មោះ YANG DEYING មាន​ចំនួន​៦​ដុំ​ស្មើ​ជាង​២​គីឡូក្រាម សរុប​ជិត​៥០​គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី បន្ត​ថា នេះ​ជា​លទ្ធផល​ដែល​សមត្ថកិច្ច​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​គ្រឿងញៀន​បង្ក្រាប​បាន ចាត់​ទុក​ថា​ជា​លទ្ធផល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ជាក់ស្តែង​រង់ចាំ​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃនេះ​ (២៤ តុលា​) ។

ទោះជា​យ៉ាងណា​ក្តី ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ដែល​ឃាត់ខ្លួន​មុន​ដំបូង​នោះ​ជា​ការ​បំពេញ​នីតិវិធី​ប៉ុណ្ណោះ ចំណែក​ម្នាក់​ទៀត​ទុក​ស្រាវជ្រាវ​រក​ចាប់​បក្សពួក​បន្ត ។

ទាក់ទិន​នឹង​ការ​នាំ​ចូល​សារធាតុ​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​បាន​ដឹក​ជញ្ជូន​តាម​ជើង​គោក​ចេញពី​ប្រទេស​ឡាវ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​មិន​បានឱ្យ​ដឹង​ព័ត៌មាន​លម្អិត​ថា​ចូល​មក​តាម​ច្រក​ខេត្តព្រះវិហារ ឬ​ខេត្តស្ទឹងត្រែង​នៅឡើយ​ទេ ទំនង​រង់ចាំ​ទម្លាយ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ហើយ​មើលទៅ ៕