ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បរទេស​ជិះ​ម៉ូតូឌុប​និយាយ​ទូរស័ព្ទ ជិះ​ម៉ូតូ​ទៅ​ក្បែរ​ធ្វើ​សកម្មភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៧​ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ឡោម​ព័ទ្ធ និង​ស្ទាក់​ចាប់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព …

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៧​ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ឡោម​ព័ទ្ធ និង​ស្ទាក់​ចាប់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ជនបរទេស​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូឌុប​និយាយ​នៅ​តាម​ផ្លូវ​នោះ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ខឿន វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​ផ្សារ​ពោធិ៍​ចិន​តុង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ២-​ឈ្មោះ ភី វណ្ណៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ប៉េសេ ផ្លូវ​លេខ​៣៧១ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មួយ​គ្រឿង តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ម្តុំ​ស្តុ​ប​បូកគោ ក៏​បាន​ប្រទះ​ឃើញ​បុរស​ជនបរទេស​ម្នាក់​កំពុងនិយាយ​ទូរស័ព្ទ​នៅ​លើ​ម៉ូតូឌុប ។ ពេល​នោះ​ពួក​គេ​ទាំង​២​នាក់​ក៏​បាន​ជិះ​ទៅ​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone6 plus ពណ៌​ស​១​គ្រឿង​ពី​បុរស​ជនបរទេស​នោះ ភ្លាម​ៗ​នោះ​ជនបរទេស​រូប​នោះ​ក៏​បាន​ស្រែក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ខណ្ឌចំការមន​ដែល​កំពុង​តែ​ធ្វើការ​ល្បាត ក៏​បាន​ស្រែក​តាម​វិទ្យុទាក់ទង​ធ្វើការ​ដេញ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ខាងលើ​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទ​ដៃ​ទាំង​២​នាក់ រួម​ទាំង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ឆក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ចំណែកឯ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone6 plus ត្រូវ​បាន​រក្សា​ទុក​ជូន​បុរស​ជា​ជនបរទេស​រង​គ្រោះ​វិញ ៕